វៀតណាមជួយឧបត្ថម្ភឡាវក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបណ្តុះបណ្តាល
កប.អនឡាញ - ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោក To Lam ប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសឡាវ នាព្រឹកថ្ងៃទី១២ ខែកក្កដា នៅសាកលវិទ្យាល័យជាតិឡាវ នៅរដ្ឋធានីវៀងច័ន្ទបានប្រព្រឹត្តទៅពិធីបើកការដ្ឋានគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបណ្តុះបណ្តាល។
គម្រោងនេះប្រើប្រាស់ជំនួយឥតសំណងពីរដ្ឋាភិបាលវៀតណាមដល់រដ្ឋាភិបាលឡាវ។ គម្រោងនេះនឹងក្លាយជាកន្លែងបណ្តុះបណ្តាលវិស័យសហប្រតិបត្តិការអាទិភាពចំនួន ៥ ក្នុងកម្មវិធីសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមមាន៖ នីតិសាស្ត្រ, បម្រែបម្រួលអាកាសធាតុ និងវិទ្យាសាស្ត្របរិស្ថាន, វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាល, បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍, ភាសា និងវប្បធម៌វៀតណាម។
    |
 |
ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបណ្តុះបណ្តាល (រូបថត៖ vov.vn) |
ថ្លែងមតិក្នុងពិធីនេះ សាស្ត្រាចារ្យបណ្ឌិត Le Quan នាយកសាកលវិទ្យាល័យជាតិហាណូយបានមានប្រសាសន៍ថា មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបណ្តុះបណ្តាលនៃសាកលវិទ្យាល័យជាតិឡាវដែលបានសាងសង់នៅថ្ងៃនេះនឹង បម្រើប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ បណ្ដុះបណ្ដាល កែលម្អគុណវុឌ្ឍិវិជ្ជាជីវៈ ចំណេះដឹង និងជំនាញគ្រប់គ្រងសម្រាប់ភាគីឡាវ។
សាស្ត្រាចារ្យរងបណ្ឌិត Dexanourath Seneduangdeth នាយកស្តីទីនៃសាកលវិទ្យាល័យជាតិឡាវ ជឿជាក់ថា គម្រោងនេះនៅពេលដាក់ឱ្យដំណើរការនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សាកលវិទ្យាល័យជាតិឡាវ ជាពិសេសក្នុងការស្រាវជ្រាវ វិទ្យាសាស្ត្រ បណ្តុះបណ្តាល; ជាកន្លែងសិក្សា និងស្រាវជ្រាវសម្រាប់អ្នកស្រាវជ្រាវ គ្រូបង្រៀន និងនិស្សិត; លើសពីនេះ វាក៏ជាមជ្ឈមណ្ឌលសេវាកម្មបម្រើសង្គមផងដែរ។
គម្រោងនេះនឹងក្លាយទៅជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការល្អរវាងឡាវ និងវៀតណាមនិយាយរួម ក៏ដូចជារវាងសាកលវិទ្យាល័យជាតិឡាវ និងសាកលវិទ្យាល័យជាតិហាណូយនិយាយដោយឡែក៕
បកប្រែដោយ Huyen Trang