នៅក្នុងសារស្វាគមន៍ដែលបានផ្ញើមកកាន់វេទិកានេះ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការសន្ទនា និងសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលពិភពលោកកំពុងប្រឈមមុខ និងរួមគ្នាកសាងប្រព័ន្ធទំនាក់ទំនងអន្តរជាតិប្រកបដោយយុត្តិធម៌ និងសមធម៌ គោរពផលប្រយោជន៍ស្របច្បាប់ និងភាពសម្បូរបែបនៃវប្បធម៌នៃបណ្តាប្រទេស។ លោកប្រធានាធិបតី ពូទីន ក៏បានសម្តែងនូវទំនុកចិត្តថា វេទិកានេះនឹងជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសនានា និងចាប់ផ្តើមគំនិតផ្តួចផ្តើម និងគម្រោងថ្មីៗជាច្រើន។

leftcenterrightdel
វេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg លើកទី ២៧

ក្នុងសារផ្ញើទៅកាន់វេទិកា លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានសង្កត់ធ្ងន់លើតម្រូវការនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវរបស់ប្រទេសទាំងអស់ ដើម្បីជំនះរាល់បញ្ហាប្រឈមរួម។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងនូវគោលនយោបាយការបរទេសឥតងាករេរបស់វៀតណាម ហើយថា វៀតណាមស្វាគមន៍ និងចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើម និងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងទូទាំងពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក ការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ កិច្ចសហប្រតិបត្តិការត្រូវតែជាយន្តការបើកចំហ បរិយាប័ន្នដែលជំរុញឱ្យមានការចូលរួមរបស់ប្រទេសនានា ដោយគិតគូរពីកម្រិតនៃការអភិវឌ្ឍ និងលក្ខណៈរបស់ភាគីនីមួយៗ ធានានិរន្តរភាពបរិស្ថាន ភាពសុខដុមរមនាក្នុងសង្គម និងប្រសិទ្ធភាពសេដ្ឋកិច្ច។

* ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg លើកទី២៧ នៅរុស្ស៊ី នាថ្ងៃទី៦ ខែមិថុនា គណៈប្រតិភូវៀតណាមបានជួបប្រជុំ និងជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី និងគណៈកម្មាធិការកិច្ចការបរទេស Saint Petersburg, សម្ព័ន្ធក្រុមហ៊ុន Novatek និងសម្ព័ន្ធក្រុមហ៊ុន Sistema ៕

បកប្រែដោយ Thanh Cong