ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ គណៈប្រតិភូនៃគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Ngo Le Van អនុប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងបណ្តាអង្គការ និងចលនាឆ្វេងនិយមអាមេរិក រួមទាំងបក្សកុម្មុយនិស្តអាមេរិកផងដែរ។ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះមានលោក Dang Hoang Giang ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។

leftcenterrightdel
ជំនួបរវាងគណៈប្រតិភូនៃគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងតំណាងបណ្តា​អង្គការ និងចលនាឆ្វេងនិយមអាមេរិក (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ គណៈប្រតិភូបានពិភាក្សាអំពីការអភិវឌ្ឍ​ទំនាក់ទំនងវៀតណាម - អាមេរិក ចាប់តាំងពីការធ្វើឱ្យប្រក្រតីភាពនៃទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩៥ ដល់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២៣ ហើយនិងអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រីកទំនាក់ទំនងវៀតណាម - អាមេរិក អនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងភាគីទាំងពីរ ព្រមទាំងជំរុញថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តា​អង្គការ និងចលនាឆ្វេងនិយមនៅអាមេរិក។

តំណាងបណ្តាអង្គការ និងចលនាឆ្វេងនិយមនៅអាមេរិកបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបាននៅលើមាគ៌ាកសាងសង្គមនិយមក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ថ្មីទាំងកិច្ចការក្នុងស្រុក និងការបទេស​។ ទន្ទឹមនឹងនោះ លោកបានអះអាងថា នឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន ជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តអាមេរិក និងរវាងអង្គការប្រជាជនវៀតណាម និងអាមេរិក រួមចំណែកបង្កើនការយល់ដឹង ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

បកប្រែដោយ Duy Hoan