លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួបអគ្គលេខាធិការសហព័ន្ធសហជីពពិភពលោក
កប.អនឡាញ - នាព្រឹកថ្ងៃទី១ ខែធ្នូ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានអញ្ជើញទទួលជួបជាមួយលោក Pambis Kyritsis អគ្គលេខាធិការសហព័ន្ធសហជីពពិភពលោក ដែលបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមមហាសន្និបាតសហជីពវៀតណាមលើកទី១៣ នៅទីក្រុងហាណូយ។
លោក Pambis Kyritsis បានឲ្យដឹងថា សហព័ន្ធសហជីពពិភពលោក តែងតែរួមដំណើរជាមួយប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យភាព និងសេរីភាពនាអតីតកាល ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន។
    |
 |
លោក Vo Van Thuong និងលោក Pambis Kyritis (រូបថត៖ vnanet.vn) |
លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិជ្ជមានរបស់លោក Pambis Kyritsis និងសហព័ន្ធសហជីពពិភពលោក ដែលតែងតែប្រកាន់ខ្ជាប់នូវគោលដៅដើម្បីការអភិវឌ្ឍនៃវណ្ណៈកម្មករ និងជីវភាពកម្មករ គាំទ្រសន្តិភាព និងវឌ្ឍនភាពនៃសង្គម។ ជាពិសេស សហព័ន្ធសហជីពពិភពលោកបានជួយឧបត្ថម្ភប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូរំដោះជាតិ ក៏ដូចជាដំណើរការ កសាង និងការពារមាតុភូមិនាសព្វថ្ងៃនេះ។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋវៀតណាមគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សហព័ន្ធពលកម្មវៀតណាមក្នុងការចូលរួមយ៉ាងសកម្មក្នុងសហព័ន្ធសហជីពពិភពលោក រួមចំណែកជាមួយសហព័ន្ធសហជីពពិភពលោក និងអង្គការសហជីពផ្សេងទៀត កសាងវណ្ណៈកម្មករ និងលើកកម្ពស់ជីវភាពរបស់កម្មករ។
លោក Vo Van Thuong សង្ឃឹមថា សហព័ន្ធសហជីពពិភពលោកនឹងបន្តគាំទ្រ និងចែករំលែកបទពិសោធន៍ជាមួយសហព័ន្ធពលកម្មវៀតណាម ដើម្បីការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងសម្រេចបាននូវគោលដៅដែលលើកឡើកដោយសហព័ន្ធសហជីពពិភពលោក៕
បកប្រែដោយ Thuy Anh