សារធំផ្ញើទៅកាន់ដៃគូ និងមិត្តភក្តិអន្តរជាតិ
កប.អនឡាញ - ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៦ ខែកញ្ញា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមសម័យប្រជុំពិភាក្សាទូទៅកម្រិតខ្ពស់នៃសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយរួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងបំពេញដំណើរទស្សនកិច្ចទៅប្រទេសប្រេស៊ីលតាមការអញ្ជើញរបស់លោក Lula da Silva ប្រធានាធិបតីប្រេស៊ីល។
ចាប់តាំងពីចូលជាសមាជិក អ.ស.ប ក្នុងឆ្នាំ ១៩៧៧មក វៀតណាមបានអះអាងកាន់តែខ្លាំងឡើងនូវតួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងទទួលខុសត្រូវតាមរយៈការរួមចំណែកប្រកបដោយប្រសិទ្ធភាព និងសំខាន់ក្នុងគ្រប់ទិដ្ឋភាពនៃអង្គការពហុភាគីដ៏ធំបំផុតនៅលើភពផែនដី ហើយសហគមន៍អន្តរជាតិមានការរំពឹងទុកខ្ពស់។ វៀតណាមក៏កំពុងមានទំនួលខុសត្រូវសំខាន់ក្នុងយន្តការពហុភាគីសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) គណៈកម្មការច្បាប់អន្តរជាតិ និងបានប្រកាសនឹងបន្តឈរឈ្មោះក្នុងទីភ្នាក់ងារ និងមុខតំណែងសំខាន់ៗមួយចំនួនទៀតនៅក្រោមអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ ទំនាក់ទំនងសហប្រតិបត្តិការជាមួយ អ.ស.ប ក្នុងរយៈពេល ៤៦ ឆ្នាំកន្លងទៅ បានរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ ទន្ទឹមនឹងនោះ ឆ្លៀតយកប្រយោជន៍ពីការជួយឧបត្ថម្ភរបស់ទីភ្នាក់ងារ និងអង្គការនានានៃអ.ស.ប ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងពិភពលោក។
|
|
សម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn) |
សម័យប្រជុំពិភាក្សាទូទៅកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងអស់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលជាបន្ទាន់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការលំបាកជាច្រើនក៏ដោយ អង្គការសហប្រជាជាតិនៅតែបន្តទទួលបានការគោរពពីប្រទេសនានា ដោយដើរតួនាទីដែលមិនអាចជំនួសបានក្នុងអភិបាលកិច្ចសកល ការលើកកម្ពស់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តអន្តរជាតិនៅគ្រប់ប្រទេសទាំងអស់លើវិស័យសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការធានាសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតក្របខណ្ឌមួយ ដើម្បីដោះស្រាយជម្លោះរវាងប្រទេសនានា ទប់ស្កាត់ការកើនឡើងនៃជម្លោះ និងរៀបចំការអភិវឌ្ឍន៍ពិភពលោកនាពេលអនាគត តាមរយៈដំណើរការពិគ្រោះយោបល់សំខាន់ៗ។ សម័យប្រជុំពិភាក្សាទូទៅកម្រិតខ្ពស់នៃសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនឹងប្រព្រឹត្តទៅដោយប្រធានបទ៖ “ការកសាងទំនុកចិត្តឡើងវិញ និងការលើកកម្ពស់សាមគ្គីភាពសកល៖ ការពង្រឹងសកម្មភាពលើរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាពសម្រាប់ទាំងអស់”។
បន្ទាប់ពីរយៈពេល ២៨ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ១០ ឆ្នាំនៃការអនុវត្តទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងវៀតណាម-អាមេរិកបានបោះជំហានទៅមុខយ៉ាងខ្លាំងក្លា អភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ជាក់ស្តែង និងទូលំទូលាយលើគ្រប់វិស័យសំខាន់ៗ និងទាំងបីក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ រួមវិភាគទានជាវិជ្ជមានដល់ សន្តិសុខ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ នាពេលថ្មីៗនេះ ក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់លោក Joe Biden ប្រធានាធិបតីអាមេរិក តាមការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាពនិងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព - ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh ទៅកាន់សហរដ្ឋអាមេរិក មានសារសំខាន់ ក្នុងគោលបំណងបង្កើត និងអនុវត្តកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ជាមួយនឹងប្រទេសប្រេស៊ីល ដែលជាប្រទេសដែលមានកិត្យានុភាព និងតួនាទីសំខាន់នៅអាមេរិកឡាទីន និងពិភពលោក និងជាសមាជិកសកម្មនៅក្នុងអង្គការ និងយន្តការពហុភាគីជាច្រើន ភាពជាដៃគូដ៏ទូលំទូលាយរវាងប្រទេសទាំងពីរបានបន្តអភិវឌ្ឍជាវិជ្ជមានក្នុងរយៈពេលថ្មីៗនេះ។ ប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅអាមេរិកឡាទីនជាមួយនឹងទំហំពាណិជ្ជកម្មនៅឆ្នាំ ២០២២ សម្រេចបាន ៦.៧៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៦.៦% បើធៀបនឹងឆ្នាំ ២០២១។ វិស័យកសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ កីឡា និងការពារជាតិ ត្រូវបានជំរុញដោយភាគីទាំងពីរ។ ប្រទេសទាំងពីរក៏រក្សាការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី រួមទាំងអង្គការសហប្រជាជាតិផងដែរ។ ជាពិសេស លោក Lula da Silva ប្រធានាធិបតីប្រេស៊ីល មានមនោសញ្ចេតនាល្អចំពោះវៀតណាម និងគាំទ្រយ៉ាងសកម្មទំនាក់ទំនងវៀតណាម-ប្រេស៊ីល។
ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh បាននាំសារដ៏ថ្លៃថ្លារបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមទៅកាន់ប្រទេសសមាជិកអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រេស៊ីល ដៃគូអន្តរជាតិ និងមិត្តអំពីវៀតណាមមួយប្រកបដោយសន្តិភាព សហប្រតិបត្តិការ និងសមាហរណកម្ម ចូលរួមយ៉ាងសកម្មយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងដំណើរការសហប្រតិបត្តិការអន្តរជាតិ ត្រៀមខ្លួនជានិច្ចដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងពិភពលោក។ អាស្រ័យហេតុនេះក៏បានបញ្ជាក់ពីគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ធ្វើពិពិធកម្ម និងពហុភាគីទំនាក់ទំនងបរទេស សមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ចូលរួមយ៉ាងសកម្ម និងលើកកំពស់តួនាទីរបស់វៀតណាមក្នុងយន្តការពហុភាគី។
ប្រជាជនវៀតណាមរំពឹងនិងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នឹងទទួលបានជោគជ័យ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយដៃគូ និងមិត្តអន្តរជាតិយ៉ាងស៊ីជម្រៅ នាំមកនូវលទ្ធផលជាក់ស្តែងកាន់តែច្រើនឡើងដល់ប្រជាជននៃប្រទេសនីមួយៗ។
បកប្រែដោយ Thanh Cong