សារបីរបស់វៀតណាម

នៅក្នុងសុន្ទរកថាសំខាន់នៅសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងនូវសារបីរបស់វៀតណាមស្តីពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ទីមួយ ការធានាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ផង និងជាគោលដៅចុងក្រោយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសនីមួយៗផង។ សន្តិភាពគឺជាគោលដៅខ្ពង់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាតម្លៃរួមរបស់មនុស្សជាតិ។ សន្តិភាពប្រកបដោយនិរន្តរភាព គោរពច្បាប់និងការអភិវឌ្ឍប្រកបដោយចីរភាពដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា។ លោក​នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមឲ្យតម្លៃលើរាល់បញ្ហាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ; សន្តិភាពជាមូលដ្ឋានគ្រឹះ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាកម្លាំងចលករ ការអភិវឌ្ឍប្រកបដោយចីរភាពគឺជាគោលដៅ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសម័យប្រជុំ “ការឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព” (រូបថត៖ vnanet.vn)

ឆ្លងកាត់សង្គ្រាមជាច្រើន ដោយមានសន្តិភាព វៀតណាមបានងើបឡើងពីប្រទេសក្រីក្រទៅជាប្រទេសដែលមានចំណូលមធ្យម កំណត់​​គោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍ និងចំណូលខ្ពស់នៅឆ្នាំ២០៤៥។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀត​ណាម​នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់មនុស្សជាតិ; លោកនាយករដ្ឋមន្ត្រីមានបំណងចង់បញ្ចប់ជម្លោះ មិនប្រើប្រាស់និងគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ធានាសន្តិសុខស្បៀង សន្តិសុខថាមពល និងសន្តិសុខប្រជាជន។

ទីពីរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើសារអំពីស្មារតីគោរពច្បាប់ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះទាំងអស់ដោយសន្តិវិធី។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយជម្លោះតាមរយៈការសន្ទនានិងការចរចា ស្វែងរកដំណោះស្រាយរយៈពេលវែង ដោយគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីទាំងអស់។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា វៀតណាមមិនកាន់ជើងខាងណាទេ ប៉ុន្តែជ្រើសរើសយុត្តិធម៌និងសមភាព។

អំពីបញ្ហាក្នុងតំបន់ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគមន៍អន្តរជាតិនិងដៃគូនានានឹងគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការកសាងសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងភាពធន់ក្នុងតំបន់។ ប្រជាជាតិនានាត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតហើយឆ្ពោះទៅរកការសម្រេចបាននូវក្រមប្រតិបត្តិជាក់ស្តែងនិងមានប្រសិទ្ធភាពនៅសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ( UNCLOS) ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីនានាមានការអត់ធ្មត់និងកុំចាត់វិធានការដែលធ្វើឱ្យស្មុគស្មាញដល់ស្ថានភាពនិងរំលោភលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការនៃប្រទេសពាក់ព័ន្ធ ដែលបង្កើតឡើងដោយ UNCLOS ផងដែរ៕

ទីបី យោងតាមលោកនាយករដ្ឋមន្ត្រី គុណតម្លៃនៃទំនុកចិត្ត ភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវបានវៀតណាមបង្ហាញយ៉ាងខ្ជាប់ខ្ជួនតាមរយៈគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនពឹងខ្លួនឯង សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងពហុភាគីនិយម។

វៀតណាមមានកិត្យានុភាពសំខាន់ឈានមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់ជប៉ុននៅក្នុងតំបន់

* នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាជាមួយលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរលោកនាយករដ្ឋមន្ត្រី Kishida និងប្រទេសម្ចាស់ផ្ទះជប៉ុន ដែលបានរៀបចំកិច្ចប្រជុំកំពូល G7 និងកិច្ចប្រជុំ G7 បើកទូលាយ; លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់ជប៉ុនដើម្បីឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាសន្តិសុខស្បៀង ការកាត់បន្ថយការ​បំភាយឧស្ម័ន...។

លោកនាយករដ្ឋមន្ត្រី Kishida បានស្វាគមន៍ចំពោះការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់គណៈប្រតិភូវៀតណាម រួមចំណែកក្នុងជោគជ័យនៃកិច្ចប្រជុំកំពូល G7 បើកទូលាយ; ព្រមទាំងអះអាងថា វៀតណាមមានកិត្យានុភាពសំខាន់ឈានមុខក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសរបស់ជប៉ុននៅក្នុងតំបន់។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា ទូលំទូលាយ និងជាក់ស្តែងនៃទំនាក់ទំនងរបស់ប្រទេស​ទាំងពីរក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរឯកភាពលើទិសដៅសំខាន់ៗ និងវិធានការជាក់លាក់ ដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុន ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ីឡើងកម្រិតកម្ពស់ថ្មីមួយ។

លោកនាយករដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀងពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ តាមរយៈការជំរុញដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់នៅឆ្នាំ ២០២៣ ដែលជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខលើវិស័យជំនះពុះពារលើផលវិបាកនៃសង្គ្រាម បណ្តុះបណ្តាលធនធានមនុស្ស ផ្ទេរបច្ចេកវិទ្យាការពារជាតិ និងសន្តិសុខតាមអ៊ីនធឺណិត។ ជំរុញការផ្លាស់ប្ដូរលើខ្លឹមសារដែលជប៉ុនជួយគាំទ្រវៀតណាមក្នុងឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម និងការកសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន។ ព្រមទាំងគាគីទាំងពីរអះអាងថានឹងពង្រឹងទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរតាមរយៈការជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។

ភាគីទាំងពីរបានអះអាងថានឹងសម្របសម្រួលគោលជំហរលើរាល់បញ្ហាដែលយកចិត្ដទុកដាក់ដូចគ្នានៅវេទិកាពហុភាគីនិងតំបន់ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច -អាស៊ីប៉ាស៊ីហ្វិក (APEC)។

អំពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២; អនុវត្ត DOC ឱ្យបានពេញលេញ និងបញ្ចប់ COC ប្រកបដោយប្រសិទ្ធភាពនិងអនុវត្តជាក់ស្តែង៕

បកប្រែដោយ Thanh Cong