leftcenterrightdel
ពិធីទទួលស្វាគមន៍ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម នៅប្រទេសអាហ្សង់ទីន (រូបថត៖ vnanet.vn)

នៅម៉ោង ៥ ល្ងាច ថ្ងៃទី២៣ ខែមេសា (ម៉ោងក្នុងស្រុក) យន្តហោះដឹកលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Ministro Pistarini រដ្ឋធានី Buenos Aires ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអាហ្សង់ទីន។

ទទួលស្វាគមន៍លោកប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូនៅអាកាសយានដ្ឋាន រួមមាន៖ លោកស្រី Cecilia Todesca អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាហ្សង់ទីន លោកស្រី Maria Rose Martine ប្រធានក្រុមសមាជិកសភាមិត្តភាពអាហ្សង់ទីន - វៀតណាម។

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅអាហ្សង់ទីន លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អាហ្សង់ទីន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។

លោកប្រធានរដ្ឋសភានឹងអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានមួយចំនួន។ លោកក៏នឹងចូលរួមវេទិកាធុរកិច្ច ទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំទីក្រុង Buenos Aires និងជួបជាមួយសហគមន៍វៀតណាមនៅអាហ្សង់ទីន។

leftcenterrightdel
លោកស្រី Cecilia Todesca អនុរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន ទទួលស្វាគមន៍លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម (រូបថត៖ vnanet.vn)

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៣ អាហ្សង់ទីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាមេរិកឡាទីនចំនួនបី (បន្ទាប់ពីគុយបា និងឈីលី) ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។

វៀតណាមចាត់ទុកអាហ្សង់ទីនជាដៃគូនាំមុខគេមួយរបស់វៀតណាមនៅអាមេរិកឡាទីន។

ទន្ទឹមនឹងទំនាក់ទំនងនយោបាយ-ការទូតល្អ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអាហ្សង់ទីនបន្តអភិវឌ្ឍ ក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។ វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំមួយ និងជាទីផ្សារនាំចេញធំជាងគេទីប្រាំរបស់អាហ្សង់ទីននៅលើពិភពលោក និងជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការ ខាងត្បូង-ខាង្បូង របស់អាហ្សង់ទីន នៅអាស៊ីអាគ្នេយ៍។

ផ្ទុយទៅវិញ អាហ្សង់ទីនជាដៃគូពាណិជ្ជកម្មធំទីបីរបស់វៀតណាមនៅអាមេរិកឡាទីន។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ដែលជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអាហ្សង់ទីន។

វៀតណាម និងអាហ្សង់ទីនចង់ជំរុញការបង្កើនពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅរកគោលដៅសម្រេចបាន ១០ ពាន់លានដុល្លារនៅឆ្នាំ២០២៥៕

បកប្រែដោយ Duy Hoan