លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរចំពោះប្រទេសម៉ូសំប៊ិកដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៤ ដោយមានសំឡេងគាំទ្រខ្ពស់ ហើយជឿជាក់ថា ម៉ូសំប៊ិកនឹងសម្រេចភារកិច្ចនេះដោយជោគជ័យ រួមចំណែកជាវិជ្ជមានដល់សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

លោកស្រីប្រធានរដ្ឋសភាម៉ូសំប៊ិក បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍកាន់តែខ្លាំងឡើងៗលើវិស័យជាច្រើន ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតមក។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះ វៀតណាមដែលបានជួយគាំទ្រម៉ូសំប៊ិកក្នុងអំឡុងពេលជំងឺរាតត្បាត ព្រមទាំងគាំទ្រម៉ូសំប៊ិកជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានរដ្ឋសភាម៉ូសំប៊ិកលោកស្រី Esperanca Laurinda Francisco Nhiuane Bias (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ហើយចាត់ទុកម៉ូសំប៊ិកជាដៃគូសហប្រតិបត្តិការសំខាន់មួយរបស់វៀតណាមនៅអាហ្វ្រិក។  នាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងក្រសួង ស្ថាប័ន និងមូលដ្ឋាន។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមត្រៀមខ្លួនចែករំលែកបទពិសោធន៍ជាមួយម៉ូសំប៊ិកក្នុងប្រតិបត្តិការនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ; អនុវត្តយ៉ាងសកម្មនូវយន្តការសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបន្តសម្របសម្រួលយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។

លោកប្រធានរដ្ឋស្នើឱ្យភាគីទាំងពីរបង្កើតលក្ខខណ្ឌដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យស្របតាមសក្តានុពលនិងទំហំ​ទីផ្សារនៃភាគីនីមួយៗ ព្រមទាំងជួយគាំទ្រដល់អាជីវកម្មដើម្បីបង្កើនការតភ្ជាប់។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណាក់កាលទី១ នៃគម្រោងសហប្រតិបត្តិការលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ដំណាំស្បៀងអាហារនៅ Zambezia; ហើយបានឲ្យដឹងថា ភាគីទាំងពីរត្រូវស្វែងរកវិធានការយ៉ាងសកម្មដើម្បីអនុវត្តដំណាក់កាលទីពីរនៃគម្រោងឱ្យបានឆាប់ៗ។ ដោយមានសមត្ថភាពនាំចេញស្បៀងអាហារដ៏ធំ ជាពិសេសអង្ករវៀតណាមនឹងជួយគាំទ្រប្រទេសម៉ូសំប៊ិកក្នុងការធានាសន្តិសុខស្បៀង ព្រមទាំងត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនិងអប់រំក្នុងវិស័យដែលម៉ូសំប៊ិកមានតម្រូវការ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងកីឡា ដូចជាសប្តាហ៍វប្បធម៌វៀតណាមនៅម៉ូសំប៊ិក និងសប្តាហ៍វប្បធម៌ម៉ូសំប៊ិកនៅវៀតណាម និងថ្ងៃវប្បធម៌នៅទីក្រុងធំៗ និងរៀបចំព្រឹត្តិការណ៍វប្បធម៌៕

បកប្រែដោយ Pham Diep