អត្ថបទបានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក Xaysomphone Phomvihane សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាឡាវ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូវៀតណាម បានបំពេញទស្សនកិច្ចជាផ្លូវការពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែឧសភា។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឱកាសប្រទេសទាំងពីរកំពុងរំលឹកខួបលើកទី៦០ នៃទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២/ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២) ខួបលើកទី៤៥ នៃថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៧/ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២) និងអបអរសាទរឆ្នាំសាមគ្គីភាព មិត្តភាពឡាវ-វៀតណាម វៀតណាម-ឡាវ ឆ្នាំ២០២២។

leftcenterrightdel
រូបថតឧទាហរណ៍ (vietnamplus.vn)

អត្ថបទបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅឡាវរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមលើកនេះ មានគោលបំណងពង្រីក ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ-វៀតណាម ឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមអត្ថបទនេះ ឡាវ-វៀតណាមគឺជាមិត្ត ជាអ្នកជិតខាងជិតស្និទ្ធ មានទំនាក់ទំនងមិត្តភាព សាមគ្គីភាព ដែលត្រូវបានរក្សានិងពូនជ្រំពីយូរលង់មកហើយ។

ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយឡាវ-វៀតណាម បានអភិវឌ្ឍដោយឥតឈប់ឈរលើគ្រប់វិស័យ។ ទោះបីជាមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅតែផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាទៀងទាត់។

ប្រទេសទាំងពីរបានអនុវត្តយន្តការសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ កិច្ចសហការការពារព្រំដែនដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា បានអភិវឌ្ឍដោយឥតឈប់ឈរ។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១.៣៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៣% បើធៀបនឹងឆ្នាំ២០២០។

នៅចុងបញ្ចប់នៃអត្ថបទ ស្ថាប័នឃោសនារបស់គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានជូនពរទំនាក់ទំនងមិត្តភាពដ៏មហិមា   សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ-វៀតណាម និងវៀតណាម-ឡាវ ស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថិជាអមតៈ៕

បកប្រែដោយ Thuy Anh