ក្រុមប្រឹក្សាសម្របសម្រួល ACT-A រំពឹងថានឹងដំណើរការក្នុងរយៈពេល ១៨ ខែ ដោយមានសមាជិកចំនួន ៣៤ រូប រួមមានប្រទេសជាតំណាងក្រុមប្រទេសក្នុងតំបន់ (រួមទាំងវៀតណាមក្នុងឋានៈជាប្រធានអាស៊ាន២០២០ ប្រទេសសិង្ហបុរីតំណាងឲ្យវេទិកាប្រទេសតូចប្រទេសនេប៉ាល់តំណាងឲ្យសមាគមសហប្រតិបត្តិការតំបន់អាស៊ីខាងត្បូង);  ប្រទេសចំនួន៩ ដែលជាប្រទេសផ្តល់ហិរញ្ញប្បទានក្នុងរយៈពេលដំបូង (អង់គ្លេស អារ៉ាប់ប៊ីសាអូឌីត កាណាដា អាល្លឺម៉ង់ អ៊ីតាលី ន័រវែស ជប៉ុន បារាំង និងអេស្ប៉ាញ); ប្រទេសចំនួន៨ ដែលជាទីផ្សារសម្រាប់ឧបករណ៍ទប់ទល់នឹងជំងឺ Covid-19 (ឥណ្ឌា ប្រេស៊ីល កូរ៉េខាងត្បូង អាមេរិក ឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង រុស្ស៊ី ចិន); ធនាគារពិភពលោក (WB) និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ សហប្រធានក្រុមប្រឹក្សានេះគឺអាហ្វ្រិកខាងត្បូងនិងន័រវែស។

leftcenterrightdel
វៀតណាមចូលរួមក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី “បង្កើនល្បឿនក្នុងការប្រើឧបករណ៍ទប់ទល់នឹងជំងឺ Covid-19” (រូបថត៖ baoquocte.vn)

ក្នុងកិច្ចប្រជុំលើកទី១ តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសម្របសម្រួល ACT-A តាងនាមឲ្យគណៈប្រតិភូវៀតណាម លោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព និងជាប្រធាននៃស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំទីក្រុងហ្សឺណែវបានសង្កត់ធ្ងន់ថា វៀតណាមបានអបអរសាទរចំពោះការបង្កើតក្រុមប្រឹក្សានេះក្នុងបំណងជម្រុញការចាក់វ៉ាក់សាំង និងប្រើបច្ចេកវិជ្ជាដើម្បីទប់ទល់នឹងជំងឺ Covid-19។

លោកស្រី Le Thi Tuyet Mai បញ្ជាក់ថា ប្រទេសអាស៊ាននឹងបន្តពង្រីកសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ទល់នឹងជំងឺរាតត្បាតនេះ ជាពិសេស ក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសម្របសម្រួល ACT-A ដើម្បីជម្រុញការចាក់វ៉ាក់សាំង និងប្រើឧបករណ៍ទប់ទល់នឹងជំងឺ Covid-19 ហើយជម្រុញការស្ដារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតផងដែរ៕

បកប្រែដោយ Thuy Anh