ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នារសៀលថ្ងៃទី ៥ ខែកក្កដា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Thongloun Sisoulith។ នៅកិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអបអរសាទរចំពោះសមិទ្ធផលដែលបក្ស និងប្រជាជនឡាវសម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងនូវក្តីជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រទេសឡាវនឹងពុះពារផលវិបាកដោយសាររោគរាតត្បាត Covid-19 និងរៀបចំមហាសន្និបាតតំណាងទូទាំងព្រទេសនៃបក្សបដិវត្តន៍ប្រជាជនឡាវនៅឆ្នាំក្រោយប្រកបដោយជោគជ័យ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានក្នុងការកសាង អភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មអន្តរជាតិ ជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចពីរ “ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងពេលតែមួយ”។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីឡាវ បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានចែករំលែក និងគាំទ្រសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ដោយបញ្ជូនអ្នកជំនាញសុខាភិបាលទៅជួយប្រទេសឡាវក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។

ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីស្តារឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីជំរុញការផ្លាស់ប្តូរទំនិញ សេវាកម្ម និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជនបន្ទាប់ពីជំងឺ Covid-19។ ភាគីទាំងពីរឯកភាពសិក្សាស្រាវជ្រាវដើម្បីបើកផ្លូវហោះហើរឡើងវិញឱ្យបានឆាប់ៗ និងបន្តផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ព្រមទាំងបង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងលទ្ធផលនៃសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល (នៅខែមករា ឆ្នាំ២០២០)។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ និងការប្តេជ្ញាធានានូវវឌ្ឍនភាព និងគុណភាពនៃគំរោងវិនិយោគរបស់វៀតណាមនៅឡាវ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងក្នុងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងឯកភាពជាមួយគ្នាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងក្របខ័ណ្ឌនៃវេទិកាថ្នាក់តំបន់ ដូចជាអាស៊ាន យន្តការអនុតំបន់ និងនៅអង្គការសហប្រជាជាតិ។  លោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បានអបអរសាទរចំពោះវៀតណាមដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ប្រកបដោយជោគជ័យ ក៏ដូចជាលើកកម្ពស់តួនាទីជាប្រធានក្នុងការរក្សាកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលយន្តការប្រកបដោយប្រសិទ្ធភាពនៅក្នុងអាស៊ាន ក្នុងបរិបទផលប៉ះពាល់ដោយសារជំងឺ Covid-19។ លោកក៏បានអះអាងថា ឡាវនឹងបន្តគាំទ្រវៀតណាម ដើម្បីទទួលបានជោគជ័យក្នុងតំណែងជាប្រធានអាស៊ានឆ្នាំ ២០២០។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលបានសហប្រតិបត្តិការ និងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងសហគមន៍អាស៊ានមួយដ៏រឹងមាំ ស្អិតរមួត និងឆ្លើយតប។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព និងការគោរពច្បាប់ ជាពិសេស UNCLOS ឆ្នាំ១៩៨២៕

បកប្រែដោយ Huyen Trang