    |
 |
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ធ្វើទស្សនកិច្ចការងារនៅសភាអឺរ៉ុបដើម្បីជំរុញការបោះឆ្នោតផ្តល់សច្ចាប័នលើ EVFTA និង EVIPA (រូបថត៖ BNG) |
អ្នកយកព័ត៌មាន៖ នៅថ្ងៃទី ១២ ខែកុម្ភះ ឆ្នាំ ២០២០ EP បានបោះឆ្នោតផ្តល់សច្ចាប័នលើ EVFTA និង EVIPA រវាងសហភាពអឺរ៉ុប និងវៀតណាម។ តើលោកវាយតំលៃយ៉ាងដូចម្តេចអំពីអត្ថន័យនៃការសម្រេចចិត្តនេះ?
លោកអនុរដ្ឋមន្រ្តី Bui Thanh Son៖ សេចក្តីសំរេចចិត្តទាំងនេះរបស់ EP ពិតជាមានសារៈសំខាន់ណាស់ទាំងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចក្នុងទំនាក់ទំនងវៀតណាម និង EU និងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពរវាងភាគីទាំងពីរក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៩០-២០២០)។
ដោយបានចុះហត្ថលេខានាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ EVFTA នឹងចូលជាធរមាននៅពេលដែលត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋសភាវៀតណាម និង EP ខណៈដែល EVIPA ត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋសភាវៀតណាម EP និងរដ្ឋសភានៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ការសម្រេចចិត្តរបស់ EP បានបើក “ភ្លើងពណ៌បៃតង” សម្រាប់ការអនុវត្ត EVFTA និងបង្កើតបុព្វបទដើម្បីបណ្តាសមាជិកសហភាពអឺរ៉ុបពិចារណា និងអនុម័តលើ EVIPA នាពេលខាងមុខ។
ជាដំបូងបង្អស់ ការសម្រេចចិត្តផ្តល់សច្ចាប័នលើ EVFTA និង EVIPA បានបង្ហាញពីការគោរព និងការវាយតំលៃរបស់បណ្តាសមាជិកសភានិងបណ្តាប្រទេសជាសមាជិក EU អំពីតួនាទី និងកិត្យានុភាពរបស់វៀតណាម និងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង EU។ កិច្ចព្រមព្រៀងទាំងពីរនេះនឹងបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេលវែង ដោយឆ្ពោះទៅរកដៃគូស្មើភាពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក រួមចំណែកដល់និន្នាការទូទៅក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ទីពីរ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងនេះក៏បញ្ជាក់ពីគោលនយោបាយរបស់សហភាពអឺរ៉ុបក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយអាស៊ី - ប៉ាស៊ីហ្វិកនិយាយរួម និងអាស៊ាននិយាយដោយឡែក។ ក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ វៀតណាមត្រៀមខ្លួនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងសហភាពអឺរ៉ុប និងអាស៊ានឲ្យកាន់តែរីកចម្រើនថែមទៀត។
ទីបី ការដែល EP បោះឆ្នោតផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរនេះនៅដើមអាណត្តិថ្មីនេះក៏បង្ហាញពីផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងដែល EVFTA និង EVIPA នាំមកជូនភាគីទាំងពីរផងដែរ។ EVFTA នឹងបង្កើតឱកាសសម្រាប់បណ្តាសហគ្រាសនៃសហភាពអ៊ឺរ៉ុបចូលមកទីផ្សារវៀតណាមដែលជាទីផ្សារមានចំនួនប្រជាជនជិត ១០០ លាននាក់ ក៏ដូចជាចូលទីផ្សារអាស៊ាននិងតំបន់ទៀតផង។ ផលិតផលក្នុងស្រុកសរុបរបស់សហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងកើនឡើង ៣០ ពាន់លានដុល្លារអាមេរិក និងការនាំចេញកើនឡើង ២៩ ភាគរយនៅឆ្នាំ ២០៣៥។ ចំណែកវៀតណាមវិញ សហភាពអឺរ៉ុបគឺជាទីផ្សារធំទី ២ សម្រាប់ការនាំចេញរបស់វៀតណាម។ ការអនុវត្ត EVFTA ត្រូវបានគេរំពឹងថានឹងបង្កើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមកើនឡើង ៤,៦% និងការនាំចេញទៅសហភាពអឺរ៉ុបកើនឡើងជិត ៤២,៧% នៅឆ្នាំ ២០២៥។ ដូច្នេះការសម្រេចចិត្តរបស់ EP ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសហគមន៍សហគ្រាសនៃភាគីទាំងពីរ។
ទីបួន ទោះបីទស្សនៈរបស់សមាជិកសភា EP នៅមានភាពខុសគ្នាក៏ដោយ ក៏ប៉ុន្តែការគាំទ្រចំពោះការអនុម័ត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលើកដំបូងបង្អស់របស់សហភាពអឺរ៉ុបជាមួយប្រទេសមួយកំពុងអភិវឌ្ឍន៍នោះបានបង្ហាញការប្តេជ្ញាចិត្តរបស់ EU ក្នុងការបន្តជម្រុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគដោយផ្អែកលើច្បាប់។ ការសម្រេចចិត្តរបស់ EP នឹងបង្កើនទំនុកចិត្ត និងពង្រឹងនិន្នាការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងពាណិជ្ជកម្មសេរី និងបើកចំហ។ ប្រការនេះមានសារៈសំខាន់នៅក្នុងបរិបទដែលការកើនឡើងនៃការគាំពារនិយមបានគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោក តំបន់ និងប្រទេសជាច្រើន។
យើងជឿជាក់ថា កិច្ចព្រមព្រៀងទាំងនេះបន្ទាប់ពីបញ្ចប់ការផ្តល់សច្ចាប័ន និងចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០២០ នឹងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ទំនាក់ទំនងវៀតណាម - សហភាពអ៊ឺរ៉ុប ដោយបង្កើតនូវព្រឹត្តិការណ៍ថ្មីៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។
អ្នកយកព័ត៌មាន៖ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងការវិនិយោគទូលំទូលាយ ហើយមានគុណភាពខ្ពស់ដែលវៀតណាមបានចុះហត្ថលេខាជាមួយដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មមួយឈានមុខគេ តើផលចំណេញអ្វីខ្លះដែល EVFTA និង EVIPA នឹងនាំមកសម្រាប់ខឿនសេដ្ឋកិច្ច និងសហគ្រាសវៀតណាម?
លោកអនុរដ្ឋមន្រ្តី Bui Thanh Son៖ EVFTA និង EVIPA នឹងបង្កើតកម្លាំងចលករថ្មីក្នុងការជំរុញនិងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគរវាងវៀតណាមនិងសហភាពអ៊ឺរ៉ុបឱ្យសមស្របនឹងការរំពឹងទុកនិងសក្តានុពលរបស់ភាគីទាំងពីរ។
ដោយមានការសន្យាដ៏ស៊ីជម្រៅនិងទូលំទូលាយ រួមទាំងការជួយគាំទ្រគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងពីរនោះ EVFTA នឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេងដល់ភាគីទាំងពីរ។ នៅពេលដែល EVFTA ចូលជាធរមាន សហភាពអឺរ៉ុបនឹងលុបចោលពន្ធនាំចូលជិត ៨៦% នៃបន្ទាត់ពន្ធគយសម្រាប់ទំនិញវៀតណាម និងកើនឡើងដល់ ៩៩% នៃបន្ទាត់ពន្ធគយក្រោយរយៈពេល ៧ ឆ្នាំ។ ខណៈដែលវៀតណាមនឹងលុបចោលពន្ធគយចំនួន ៤៨.៥% សម្រាប់ទំនិញរបស់សហភាពអ៊ឺរ៉ុបក្នុងឆ្នាំដំបូងនិងកើនឡើង ៩១,៨% នៃបន្ទាត់ពន្ធក្រោយរយៈពី ៧ ឆ្នាំ។ ប្រសិនបើចេះឆ្លៀតយកឱកាសសហគ្រាសវៀតណាមនឹងមានឧត្តមភាពជាច្រើនថែមទៀតក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារ EU ដើម្បីបង្កើនការនាំចេញ ជាពិសេសនៅក្នុងវិស័យដែលវៀតណាមយើងមានឧត្តមភាព និងទទួលបានប្រព័ន្ធអនុគ្រោះពន្ធដូចជា៖ វាយនភ័ណ្ឌ ស្បែកជើង កសិកផល និងជលផលជាដើម។ ក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងបណ្តាប្រទេស EVFTA នឹងជួយបណ្តាសហគ្រាសវៀតណាមជំរុញការធ្វើពិពិធកម្មទីផ្សារនិងដៃគូ ហើយបង្កើតមូលដ្ឋានរឹងមាំនៅក្នុងទីផ្សារដ៏ធំមួយនេះ។ ប្រជាជនវៀតណាមក៏អាចប្រើប្រាស់ទំនិញ និងឧបករណ៍ដែលវៀតណាមមិនមានដែរ។
EVFTA និង EVIPA ក៏នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ថែមទៀតនូវលំហូរវិនិយោគដែលមានគុណភាពខ្ពស់ពីសហគមន៍អ៊ឺរ៉ុបដោយមានបច្ចេកវិទ្យា និងចំណេះដឹងផ្នែកគ្រប់គ្រងឈានមុខគេ រួមទាំងវិស័យថ្មីៗនៃសេដ្ឋកិច្ចឌីជីថលផងដែរ។
ក្រៅពីការសន្យានូវសេដ្ឋកិច្ចនោះ EVFTA ក៏រួមមានការសន្យាថ្មីៗជាច្រើនស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ អភិបាលកិច្ចព្រៃឈើប្រកបដោយចីរភាព បទដ្ឋានខ្ពស់នៃកម្លាំងពលកម្ម និងបរិស្ថាន។ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងភាគីទាំងពីរក្នុងការអនុវត្តការសន្យាទាំងនេះនឹងរួមចំណែកក្នុងការជំរុញការកែទម្រង់ ជម្រុញកំណើនប្រកបដោយចីរភាព លើកកម្ពស់ស្តង់ដារការងារ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។
ដើម្បីឱ្យ EVFTA ត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះ ស្ថាប័នពាក់ព័ន្ធនានាចាំបាច់ត្រូវបំពេញនីតិវិធីហើយដាក់ជូនរដ្ឋសភាដើម្បីពិចារណាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរក្នុងពេលឆាប់ៗ។ យើងក៏ត្រូវជម្រុញសភានៃប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុបដើម្បីផ្តល់សច្ចាប័នលើ EVIPA ក្នុងពេលឆាប់ៗនេះផងដែរ។ ក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសទាំងឡាយត្រូវរៀបចំផែនការជាបន្ទាន់ដើម្បីអនុវត្តកិច្ចព្រមព្រៀង ផ្សព្វផ្សាយការសន្យាទាំងឡាយ និងក្តាប់ជាប់នូវកំណត់ថ្មីដើម្បីអាចឆ្លៀតយកឱកាសឲ្យបានល្អ ទន្ទឹមនឹងនេះត្រូវទប់ទល់នឹងរាល់បញ្ហាប្រឈមដែលអាចកើតឡើងនៅពេលអនុវត្តកិច្ចព្រមព្រៀងនេះ។
ក្រោមការដឹកនាំរបស់បក្ស រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីរដ្ឋសភា រដ្ឋាភិបាល បណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន សហគ្រាស និងប្រជាជន យើងជឿជាក់ថា ការអនុវត្ត EVFTA និង EVIPA នឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់សេដ្ឋកិច្ចវៀតណាម រួមចំណែកដ៏សំខាន់ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការធ្វើសមាហរណកម្មអន្តរជាតិ និងលើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិ៕
បកប្រែដោយ Duy Hoan