នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានឲ្យដឹងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការរវាងវៀតណាម និងកូរ៉េខាងត្បូងនៅតែបន្ដអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ក្នុងឆ្នាំនេះ ប្រទេសទាំងពីរឆ្ពោះទៅរករំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត។ លោក Nguyen Xuan Phuc វាយតំលៃខ្ពស់ចំពោះអ្នកវិនិយោគកូរ៉េខាងត្បូង ជាពិសេសគឺសម្ព័ន្ធក្រុមហ៊ុន Samsung តែងតែជាអ្នកវិនិយោគបរទេសធំជាងគេនៅវៀតណាមក្នុងច្រើនឆ្នាំកន្លងមក ។ លោក Nguyen Xuan Phuc អះអាងថា រដ្ឋាភិបាលវៀតណាមគាំទ្រជានិច្ច និងបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគបរទេស ដែលក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Samsung ជាដើម។

leftcenterrightdel
លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Shin Jong Kyun ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង (រូបថត TTXVN)

លោក Nguyen Xuan Phuc មានបំណងចង់ឲ្យសម្ព័ន្ធក្រុមហ៊ុន Samsung បន្ដបង្កើនការវិនិយោគនៅវៀតណាម មិនត្រឹមតែក្នុងវិស័យអេឡិចត្រូនិកប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវិស័យផ្សេងៗទៀត ដែលសម្ព័ន្ធក្រុមហ៊ុន Samsung មានឧត្ដមភាព ព្រមទាំងស្នើឲ្យសម្ព័ន្ធ ក្រុមហ៊ុនបន្ដជួយទ្រទ្រង់លើវិស័យបណ្ដុះបណ្ដាល និងផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កលក្ខណៈសម្រាប់សហគ្រាសផលិតវត្ថុធាតុដើមរបស់វៀតណាម ជាពិសេសគឺសហគ្រាសខ្នាតតូច និងមធ្យមអាចមានកាលានុវត្ដភាពចូលរួមសហប្រតិបត្ដិការក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម និងគ្រឿងបន្លាសឲ្យគម្រោងនានារបស់ Samsung។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនដាក់ឲ្យដំណើរការគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Samsung តាមកាលកំណត់។

លោក Shin Jong Kyun បានឲ្យដឹងថា អស់រយៈពេល ១០ ឆ្នាំវិនិយោគទុននៅវៀតណាម មកទល់សព្វថ្ងៃនេះ ទុនវិនិយោគសរុបរបស់ Samsung ចូលមកវៀតណាមបានកើនឡើង ១៧ ពាន់លានដុល្លារអាមេរិក។ Samsung គ្រោងសម្រេចបានច្រើនជាង ៥០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ស្មើរនឹង ២០% នៃតំលៃនាំចេញសរុបរបស់វៀតណាម។ សម្ព័ន្ធក្រុមហ៊ុនមានបំណងចង់ទទួលបានការជួយគាំទ្រ និងការយកចិត្ដទុកដាក់ពីរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ដ្រី ដើម្បីរួមចំណែកថែមទៀតដល់ការអភិវឌ្ឍន៍របស់វៀតណាម ។

លោក Shin Jong Kyun បន្ដថា សម្ព័ន្ធក្រុមហ៊ុនក៏បានផ្តោតសំខាន់យ៉ាងខ្លាំងទៅលើការសិក្សាស្រាវជ្រាវ បណ្ដុះបណ្ដាលឲ្យមន្ដ្រី និងវិស្វករវៀតណាមដែលកំពុងធ្វើការនៅសម្ព័ន្ធក្រុមហ៊ុន ក្នុងនោះបានបញ្ជូនវិស្វករវៀតណាមទៅបណ្ដុះបណ្ដាលជំនាញនៅកូរ៉េខាងត្បូង។ Samsung ក៏បានបង្កើនចំនួនសហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មរបស់សម្ព័ន្ធក្រុមហ៊ុនកើនឡើង ២៩ សហគ្រាសផងដែរ ។ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខចំនួននេះ នឹងកើនឡើងដល់ ៥០ សហគ្រាស។ សម្ព័ន្ធក្រុមហ៊ុន Samsung ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើវិស័យទូរគមនាគមន៍នៅវៀតណាមជាដើម៕

បកប្រែដោយ Pham Diep