វៀតណាម និងអូស្ត្រាលីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្ដីពីចក្ខុវិស័យរួមនៃការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Christopher Pyne រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលី លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី។
នារសៀលថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច រដ្ឋមន្រ្តីទាំងពីររូបបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្ដីពីចក្ខុវិស័យរួមនៃការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - អូស្ត្រាលី និងដំណើរកិច្ចពិភាក្សា។
|
|
លោក Ngo Xuan Lich និងលោក Christopher Pyne ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្ដីពីចក្ខុវិស័យរួមនៃការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ |
លោក Christopher Pyne បញ្ជាក់ពីតួនាទីជាសំខាន់របស់វៀតណាមក្នុងគោលនយោបាយទាក់ទងបរទេសរបស់អូស្ត្រាលីក្នុងតំបន់ និងមានបំណងជម្រុញខ្លាំងថែមទៀតទំនាក់ទំនងជាមួយវៀតណាម ក្នុងនោះមានទំនាក់ទំនងការពារជាតិ។
លោក Ngo Xuan Lich សង្កត់ធ្ងន់ថា អូស្ត្រាលីគឺជាដៃគូដ៏សំខាន់របស់វៀតណាម និងជឿទុកចិត្តថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមវិភាគទានក្នុងការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពនៃប្រទេសនិមួយៗ និងបញ្ហាសន្តិសុខក្នុងតំបន់។ ភាគីទាំងពីរក៏វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីពីរក្នុងវិស័យការពារជាតិនាពេលកន្លងមក និងកិច្ចសហការរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគីក្នុងតំបន់។
ក្នុងឱកាសនេះ ជំនួសមុខក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich ក៏ថ្លែងអំណរគុណចំពោះក្រសួងការពារជាតិអូស្ត្រាលីដែលបានរៀបចំវគ្គសិក្សា និងផ្តល់អាហារូបករណ៍ឲ្យកម្មាភិបាលនៃកងទ័ពប្រជាជនវៀតណាម ក៏ដូចជាការជួយ គាំទ្រវៀតណាមក្នុងការដាក់ពង្រាយកងពេទ្យកម្រិត២ នៅប្រទេសស៊ូដង់ខាងត្បូងដែរ។
ភាគីទាំងពីរបានឯកភាពផ្តោតទៅលើការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ ផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ការពិគ្រោះយោបល់ កិច្ចសន្ទនា ការបណ្ដុះបណ្ដាល កិច្ចសហប្រតិបត្តិការរវាងអង្គភាពនៃកងទ័ពទាំងពីរ។ល។ ភាគីទាំងពីរក៏បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់របស់ការរក្សាសន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ក្នុងតំបន់ ហើយឯកភាពដោះស្រាយជម្លោះនានាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982)។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Ngo Xuan Lich និងគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបានទៅទស្សនានាវា HMAS Canberra៕
បកប្រែដោយ Thang Cong