ក្នុងអំឡុងពេលនៃការតស៊ូដណ្តើមឯករាជ្យជាតិ និងបង្រួបបង្រួមជាតិ (ឆ្នាំ១៩៤៥ដល់១៩៧៥) កិច្ចការបរទេសពហុទិសបានរួមចំណែកយ៉ាងសំខាន់ក្នុងការអះអាងនូវជំហររបស់វៀតណាមគឺជាប្រទេសមួយឯករាជ្យជាតិ និងឯកភាពជាតិដោយមានសិទ្ធិពេញលេញនៃប្រទេសមួយនៅលើឆាកអន្តរជាតិ។ ដោយបង្កើតឡើងបានទំនាក់ទំនងអន្តរជាតិដ៏ទូលំទូលាយមួយមិនដែលមានពីមុនមកដើម្បីគាំទ្រ និងផ្តល់ជំនួយដល់វៀតណាមក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិកនោះ កិច្ចការបរទេសពហុទិសបានសម្រេចនូវសមិទ្ធផលដ៏ធំធេងដូចជា រាល់ការចរចាលក្ខណៈពហុភាគីជាមួយបណ្តាប្រទេសមហាអំណាចនៅទីក្រុង Genève នាឆ្នាំ ១៩៥៤ រាល់ការចរចានៅទីក្រុងប៉ារីសដែលបានអូសបន្លាយរហូតពីឆ្នាំ១៩៦៨ ដល់ដើមឆ្នាំ១៩៧៣ អំពីការបញ្ចប់សង្គ្រាម និងស្តារសន្តិភាពនៅវៀតណាមឡើងវិញ។ ដល់ដំណាក់កាលកសាង និងការពារប្រទេស (ឆ្នាំ១៩៧៥ដល់បច្ចុប្បន្ន) កិច្ចការបរទេសពហុទិសរបស់វៀតណាមសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើនដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបំបែកការហ៊ុមព័ទ្ធ និងការពារអធិបតេយ្យភាពនៃប្រទេសជាតិយ៉ាងរឹងមាំ។ រក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព លើកកម្ពស់តួនាទី កិត្យានុភាពរបស់ប្រទេសជាតិ និងទាក់ទាញគ្រប់ប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។ លក្ខណៈពិសេសនៃកិច្ចការបរទេសពហុទិសរបស់វៀតណាមគឺមានការសម្របសម្រួលគ្នាយ៉ាងប៉ិនប្រសពរវាងការទូតរដ្ឋដែលក្នុងនោះមានទាំងរដ្ឋសភា ជាមួយនិងកិច្ចការបរទេសរបស់បក្ស និងការទូតប្រជាជនផងដែរ។ ការដែលវៀតណាមបានក្លាយទៅជាសមាជិកនៃអង្គការមួយចំនួនដូចជា អង្គការសហប្រជាជាតិនាឆ្នាំ១៩៧៧ អាស៊ាននាឆ្នាំ១៩៩៥  និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាឆ្នាំ២០០៧ សុទ្ធសឹងតែជាព្រឹត្តិការណ៍ដ៏សំខាន់។ ហើយចាប់តាំងពីការបើកសម័យកាលថ្មីសម្រាប់កិច្ចការបរទេសនិយាយរួមដល់ការត្រួសត្រាយផ្លូវសម្រាប់ដំណើរការធ្វើសមាហរណកម្មក្នុងតំបន់នោះ បានកត់សម្គាល់នូវដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនៅលើទំហំជាសកលលោកតែម្តង។

leftcenterrightdel
កម្លាំងកងពេទ្យកំរិត២របស់វៀតណាមនៅស៊ូដង់ខាងត្បូង

ការរីកធំធាត់នៃកិច្ចការបរទេសពហុទិសវៀតណាម ត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការចូលរួម និងការរួមចំណែកយ៉ាងសកម្ម ម្ចាស់ការ ប្រសិទ្ធភាព សម្បូរបែប ក្នុងគ្រប់រូបភាព ហើយនិងគ្រប់មធ្យោបាយ។  សមត្ថភាពក្នុងការដឹកនាំគ្រប់គ្រង និងដើរតួនាទីជាអ្នកដឹកនាំនៅក្នុងរាល់វេទិកាពហុទិសរបស់វៀតណាមក៏ត្រូវបានបញ្ជាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសដោយសម្រេចបាននូវជោគជ័យក្នុងការទទួលខុសត្រូវនូវរាល់ភារកិច្ចអន្តរជាតិដូចជាជាប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំ២០១០ សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០០៨ - ២០០៩ ធ្វើជាម្ចាស់ផ្ទះនៃ APEC ឆ្នាំ២០០៦ និងឆ្នាំ ២០១៧។ ចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ  យើងបានបញ្ជូនកងកម្លាំងយោធាចូលរួមក្នុងរាល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលកត់សម្គាល់នូវជំហានថ្មីៗក្នុងការធ្វើសមាហរណកម្ម និងការចូលរួមរបស់វៀតណាមចំពោះការខិតខំប្រឹងប្រែងរួមជាមួយអន្តរជាតិរក្សាសន្តិភាព និងសន្តិសុខពិភពលោក។

យើងក៏បានចូលរួមយ៉ាងសកម្មនៅក្នុងបណ្តាញនៃរាល់យន្តការសម្រាប់កិច្ចសហប្រតិបត្តិការ ការចងសម្ព័ន្ធសេដ្ឋកិច្ចពហុភាគីកម្រិតសកលលោក (WTO, WB, IMF…) អន្តរតំបន់ (ASEM, APEC, FEALAC) តំបន់ (អាស៊ាន, ធនាគារអភិវឌ្ឍន៍អាស៊ី...) និងបណ្តាញនៃរាល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយមានមជ្ឈមណ្ឌលពាណិជ្ជកម្មសេដ្ឋកិច្ចនាំមុខគេស្ទើរតែទាំងអស់នៅលើពិភពលោក។ កិច្ចសហប្រតិបត្តិការពហុទិសក្នុងវិស័យវប្បធម៌ សង្គមកិច្ច ពលកម្ម  ព័ត៌មាន បរិស្ថាន ទេសចរណ៍ ។ល។ត្រូវបានពង្រីកយ៉ាងទូលំទូលាយក្នុងស្មារតីអនុវត្តដោយមានការសម្រិតសម្រាំងនូវគ្រប់លក្ខណៈវិនិច្ឆ័យ ស្តង់ដាតំបន់ និងអន្តរជាតិឲ្យសមស្របទៅនឹងរាល់បទដ្ឋានក្នុងតំបន់ និងអន្ដរជាតិស្របតាមរាល់ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាម តាមរយៈនោះជួយកំណត់យកអត្តសញ្ញាណវប្បធម៌វៀតណាមក្នុងសម័យធ្វើសមាហរណកម្ម លើកកម្ពស់វឌ្ឍនភាពសង្គម កាត់បន្ថយភាពក្រីក្រ និងអនុវត្តនូវរាល់គោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ។ល។

លើសពីនេះទៅទៀត ការដែលអនុវត្តកិច្ចការបរទេសពហុទិសនៅតែមានកម្រិតដូចជា គំនិត របៀបខិតជិតមានការប្រែប្រួលយឺតៗ បើធៀបនឹងការប្រែប្រួលស្ថានភាពក្នុងតំបន់ និងអន្តរជាតិ និងដំណើរការធ្វើសមាហរណកម្មអន្តរជាតិនៃប្រទេស។ ការរួមចំណែក និងការផ្តល់គំនិតផ្តួចផ្តើមនៅមានកំរិត  មិនទាញយកផលប្រយោជន៍ពេញលេញពីឧត្តមភាព និងផលប្រយោជន៍ដែលកិច្ចសហប្រតិបត្តិការពហុទិសបាននាំមក។ ចំនួនកម្មាភិបាលធ្វើក្នុងផ្នែកកិច្ចការបរទេសពហុទិសនៅតែខ្វះ និងមានសមត្ថភាព ជំនាញនៅមានកម្រិត។

បច្ចុប្បន្ននេះ ពិភពលោកកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងទូលំទូលាយ។ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការដ៏សំខាន់ ប៉ុន្តែរាល់បញ្ហាប្រឈមមានលក្ខណៈ ជាសកលកំពុងកាន់តែស្មុគស្មាញបង្ខំឱ្យបណ្តាប្រទេស និងតំបន់ធ្វើការជាមួយគ្នាតាមរយៈយន្តការពហុទិស ហើយជាដំបូងបង្អស់គឺអង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយលទ្ធិជាតិជ្រុលនិយម ឱកាសនិយម ការប្រព្រឹត្តទៅដោយឯកោភាគី... ក៏មាននិន្នាការវិលត្រឡប់មកវិញកាន់តែខ្លាំងក្លា ហើយទាំងអស់នេះក៏ជាបញ្ហាចោទចំពោះតួនាទីរបស់រាល់យន្តការពហុទិសដែរ។

ចាប់ពីថ្ងៃទី៨ សីហា ឆ្នាំ២០១៨ គណៈលេខាមជ្ឈិមបក្ស បានចេញសេចក្តីសារាចរណែនាំលេខ 25-CT/TW ស្តីពីការលើកកម្ពស់ និងបង្កើនកំរិតនៃកិច្ចការបរទេសពហុទិសរហូតដល់ឆ្នាំ២០៣០ នេះជាឯកសារណែនាំដំបូងបង្អស់របស់បក្សកុម្មុយនិស្តវៀតណាមស្តីពីកិច្ចការបរទេសពហុទិសរបស់ប្រទេសជាតិ ធ្វើឲ្យកិច្ចការបរទេសពហុទិសក្លាយទៅជាទិសដៅយុទ្ធសាស្រ្តឈានមុខគេ និងជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ចដែលមានលក្ខណៈយុទ្ធសាស្រ្តចំនួនពីរនោះគឺ ការកសាងជាតិ និងការពារជាតិ។

សេចក្តីសារាចរណែនាំលេខ 25-CT/TW បានកំណត់ពីទិសដៅរបស់កិច្ចការបរទេសពហុទិសនាពេលខាងមុខនេះគឺ “ខិតខំប្រឹងប្រែងដើរតួនាទីជាស្នូលដើម្បីដឹកនាំឬសម្របសម្រួលគ្នានៅក្នុងរាល់វេទិកាពហុទិស និងនៅអង្គការពហុទិសដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះប្រទេសជាតិវៀតណាម។ ព្រមទាំងលើកឡើងនូវរាល់ទស្សនក្នុងការដឹកនាំឲ្យបានត្រឹមត្រូវ និងត្រូវតែកំណត់នេះគឺជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូល។ ការអនុវត្តត្រូវតែធានាឱ្យបាននូវអត្ថប្រយោជន៍ជាតិ និងរួមចំណែកក្នុងការដោះស្រាយរាល់បញ្ហាក្នុងតំបន់ និងអន្តរជាតិ ចាត់ការ និងសម្របសម្រួលនូវគ្រប់ចំណាប់អារម្មណ៍ស្របច្បាប់ពីដៃគូ ហើយនិងម្ចាស់ការក្នុងការរួមចំណែកកសាងគ្រប់យន្តការពហុទិសតាមនិន្នាការប្រកបដោយតម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ គួបផ្សំយ៉ាងស្អិតល្មួតរវាងកិច្ចការបរទេសពហុទិស និងទ្វេភាគី។ លើកកម្ពស់កម្លាំងសរុបនៃកិច្ចការបរទេសនៃបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន និងកៀរគរសក្តានុពលទាំងអស់ក្នុងសង្គម។

អាស្រ័យហេតុនោះ សារាចរណែនាំនេះបានដាក់ចេញនូវចង្កោមភារកិច្ច និងដំណោះស្រាយទាំង៧ដោយបានកំណត់ និងធ្វើចំណាត់ថ្នាក់តាមលំដាប់នៃការផ្តល់អាទិភាពគឺ អាស៊ាន អង្គការសហប្រជាជាតិ បណ្តាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កិច្ចសហប្រតិបត្តិការនៅមហាអនុតំបន់។ ដោយសង្កត់ធ្ងន់លើវិស័យសេដ្ឋកិច្ចស្របទៅនឹងនិន្នាការការទូទៅគឺផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីបង្កើនកម្លាំងសរុបនៃជាតិ ក៏ដូចជាការផ្តល់អាទិភាពរបស់វៀតណាមគឺផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច អន្តរជាតិ។ ទន្ទឹមនឹងនោះលើកកម្ពស់វិស័យនយោបាយ ការពារជាតិ សន្តិសុខ សង្គម បរិស្ថាន សុខាភិបាល វប្បធម៌ និងវិស័យដទៃទៀតក្នុងគោលបំណងថែរក្សាបរិស្ថានប្រកបដោយសន្តិភាព ស្ថិរភាព និងជំរុញការអនុវត្តនូវរាល់ការសន្យាទាក់ទងទៅនឹងតំបន់ និងអន្តរជាតិ ជាពិសេសគឺរបៀបវារៈឆ្នាំ២០៣០ស្តីពីការអភិវឌ្ឍដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។

ការអនុវត្តដោយជោគជ័យនូវសេចក្តីសារាចរណែនាំលេខ 25-CT/TW នឹងមានអត្ថន័យយ៉ាងសំខាន់ រួមចំណែកក្នុងការជំរុញការធ្វើសមាហរណកម្មអន្តរជាតិទូលំទូលាយ និងលើកកម្ពស់តួនាទី និងកិត្យានុភាពនៅលើពិភពលោករបស់វៀតណាម ព្រមទាំងជ្លៀតឱកាសប្រើគ្រប់ប្រភពធនធានសម្រាប់ការអភិវឌ្ឍជាតិ។ ហេតុដូច្នេះគ្រប់ជាន់ថ្នាក់ និងវិស័យទាំងអស់ចាំបាច់ត្រូវបង្កើតកម្មវិធី និងផែនការសម្រាប់ការអនុវត្តឲ្យសមស្រប និងម្ចាស់ការសហការយ៉ាងស្អិតល្មួតក្នុងការអនុវត្តដើម្បីបង្កើតអោយមានមតិឯកច្ឆន្ទខ្ពស់នៅក្នុងប្រព័ន្ធនយោបាយទាំងមូល និងអនុវត្តការផ្សព្វផ្សាយ និងលើកកំពស់កំរិតកិច្ចការបរទេសពហុទិសប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Minh Trung