leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau នៅវៀតណាម

 

វៀតណាម និងកាណាដាបានបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី ២១ សីហាឆ្នាំ១៩៧៣ ហើយមកទល់ខែវិច្ឆិកាឆ្នាំ ២០១៧  ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេស​វៀត​ណាម​របស់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ។ សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយដែលបានកំណត់ពីគ្រប់គោលការណ៍ជាមូលដ្ឋានជួយតម្រង់ទិសដល់ទំនាក់ទំនងទ្វេភាគី ព្រមទាំងទិសដៅ និងវិធានការនានាដើម្បីជំរុញ ទំនាក់ទំនងដែលផ្តោតសំខាន់ៗ ទៅលើវិស័យទាំង៧  នៃកិច្ចសហប្រតិបត្តិការ៖ នយោបាយ-ការទូត, ពាណិជ្ជកម្ម-វិនិយោគ,  ការពារជាតិ, សន្តិសុខ, វប្បធម៌- អប់រំ, វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការជួបជុំផ្លាស់ប្តូរ ប្រជាជន។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគទុន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកាណាដានៅក្នុង​ចំណោមប្រទេសអាស៊ីអាគ្នេយ៍ ។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧សម្រេចបានជិត ៥ពាន់លានដុល្លារអាមេរិក។ ប្រទេសកាណាដាជាប់ចំណាត់ថ្នាក់ទី១៤លើ១១២ប្រទេសនិងដែនដីដែល វិនិយោគទុននៅក្នុងប្រទេសវៀតណាមដោយមានគម្រោងចំនួន​១៤៩ ដែលមានតម្លៃទុនចុះបញ្ជីសរុបចំនួន ៤.១ ពាន់លានដុល្លារអាមេរិក។ ទាក់ទងនឹងជំនួយ ODA នាពេលថ្មីៗនេះកាណាដាបានប្រកាសថវិកាជំនួយ ODA សម្រាប់គម្រោងអភិវឌ្ឍសមូហភាពនៅវៀតណាម និងជួយវៀតណាមទប់ទល់នឹងការប្រែប្រួលអាកាស​ធាតុ ហើយនិងគម្រោងការពារសុវត្ថិភាពស្បៀងអាហារពីរទៀតផង។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងវៀតណាម និងកាណាដាក៏ជាផ្នែកមួយដែលមានការវិវត្តយ៉ាងខ្លាំងក្លា។ ចំនួននិស្សិត​វៀត​ណាម​ដែលសិក្សានៅប្រទេស កាណាដា បានកើនឡើងទ្វេដងក្នុងរយៈពេល ១០  ឆ្នាំកន្លងមក ហើយបានធ្វើឱ្យវៀតណាមក្លាយទៅ​ជាប្រទេសដែលមាននិស្សិត ច្រើនបំផុតនៅកាណាដាក្នុងចំណោមបណ្តាប្រទេសអាស៊ាន។

ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិរវាងវៀតណាម និងកាណាដាត្រូវបានរក្សា តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ ការជួបគ្នានៅក្រៅរាល់វេទិកាពហុភាគី ហើយតាមរយៈការផ្លាស់ប្តូរបទពិសោធនិងកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនបំប៉ុនភាសាអង់គ្លេស  ការចូលរួមកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ការស្វែងរកនិងជួយសង្គ្រោះ ការផ្តល់ជំនួយមនុស្សធម៌ជាដើម។ ម្យ៉ាងទៀត ប្រទេសទាំងពីរសុទ្ធតែជាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់វិស័យ និងវឌ្ឍនភាពអន្តរប៉ាសីហ្វិក (CPTPP) ។

ក្រៅពីនេះប្រទេសវៀតណាម និងកាណាដា ក៏បានបង្កើនកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងបណ្តាខេត្តដែលមានលក្ខណៈស្រដៀង​គ្នាដូចជាខេត្ត Ha Tinh ជាមួយ Langley (រដ្ឋ British Columbia) ទីក្រុងហូជីមិញជាមួយទីក្រុង Toronto (រដ្ឋ Ontario) , ខេត្ត Da Nang ជាមួយទីក្រុង Vancouver ... ភាគីកាណាដាក៏បានអនុវត្តនូវគម្រោង ODA មួយចំនួននៅ ក្នុងតំបន់មូលដ្ឋានមួយចំនួននៅវៀតណាមផងដែរ។

មកទល់ពេលនេះ មានប្រជាជនវៀតណាមប្រហែល ២៥០,០០០ នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកាណាដា។ តួនាទីរបស់​សហគមន៍​អាណិកជនវៀតណាម នៅក្នុងសង្គមកាណាដាកំពុងកើនឡើងទាំងក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច។

កិច្ចប្រជុំកំពូល G7 ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី៩ ខែមិថុនា នៅក្នុងទីក្រុង Charlevoix, Quebec ប្រទេសកាណាដា ដោយមានការចូលរួមពីបណ្តាប្រទេសឧស្សហកម្មទាំង៧  (ជប៉ុន, សហរដ្ឋអាមេរិក, អង់គ្លេស, បារាំង, អាល្លឺម៉ង់, កាណាដា និងអ៊ីតាលី) និងសហភាពអឺរ៉ុប។

របៀបវារៈនៃកិច្ចប្រជុំកំពូល G7 ឆ្នាំនេះផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី, ការវិនិយោគសម្រាប់កំណើនសេដ្ឋកិច្ចគ្របដណ្តប់, ការត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹងតួនាទីនៃការងារនាពេលអនាគត, ការសហប្រតិបត្តិការក្នុងសកម្មភាព​ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារមហាសមុទ្រ និងអភិវឌ្ឍថាមពលស្អាត, ការកសាងដើម្បី ពិភពលោកមួយប្រកបដោយសន្តិភាព និងសុវត្ថិភាព។

ការដែលនាយករដ្ឋមន្រ្តីប្រទេសកាណាដា អញ្ជើញនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយឆ្នាំនេះ បង្ហាញឲ្យឃើញពីតួនាទី និងកិត្យានុភាពរបស់វៀតណាម នៅលើឆាកអន្តរជាតិ ដែលកំពុងត្រូវបានលើកកម្ពស់ពី មួយថ្ងៃទៅមួយថ្ងៃ។ គួរឲ្យកត់សម្គាល់ណាស់ដែរថា បណ្តារបៀបវារៈនៃកិច្ចប្រជុំនេះក៏សមស្របតាមចំណាប់អារម្មណ៍ និងផលប្រយោជន៍របស់វៀតណាមដែរ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅកាន់ប្រទេសកាណាដាលើកនេះក៏ត្រូវបានប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាម និងកាណាដាកំពុងឆ្ពោះទៅការរំលឹកខួបលើកទី៤៥ នៃកំណើតការទូត (២១ សីហា ឆ្នាំ១៩៧៣/ ២១ សីហា ឆ្នាំ២០១៨)។ យើងអាចជឿជាក់យ៉ាងពេញលេញថា ដំណើរទស្សនកិច្ចទៅកាន់កាណាដា និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹងសម្រេចបានលទ្ធផលប្រកបដោយជោគជ័យ ហើយនឹងលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់ វៀតណាម ព្រមទាំងបន្តរក្សាល្បឿនអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម និងកាណាដាថែមទៀត៕

បកប្រែដោយ Minh Trung