leftcenterrightdel
លោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីទទួលបន្ទុកខុទ្ទកាល័យ ប្រធានាធិបតី សហភាពមីយ៉ាន់មា មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

 

នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងបង្អស់នៅវៀតណាមរបស់លោកស្រី Aung San Suu Kyi ។ ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីវៀតណាម និង មីយ៉ាន់មា មានវឌ្ឍនភាពយ៉ាងវិជ្ជមាន ព្រមទាំងការជឿទុកចិត្តគ្នាកាន់តែត្រូវបានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រទេសវៀតណាម និងមីយ៉ាន់មា មានទំនាក់ទំនងតាំងពីយូរយារមកហើយ។ កាលពីរយៈពេល ៧១ ឆ្នាំមុន នាឆ្នាំ១៩៤៧ ខណៈពេលតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង វៀតណាមបានដាក់ភ្នាក់ងារសារព័ត៌មានមួយនៅ Yangon ហើយក្រោយមកបានតម្លើងជាស្ថាប័នតំណាងរបស់រដ្ឋាភិបាលនាឆ្នាំ ១៩៤៨។ នាឆ្នាំ ១៩៥៤ នាយករដ្ឋមន្រ្តី មីយ៉ាន់មា លោក U Nu បានមកបំពេញ ទស្សនកិច្ចនៅវៀតណាម។ នាឆ្នាំ ១៩៥៨ លោកប្រធាន ហូជីមិញ បានមកបំពេញទស្សនកិច្ចនៅ មីយ៉ាន់មា។ ថ្វីបើនៅតែជួបបញ្ហាប្រឈមជាច្រើនក្តី ប៉ុន្តែរដ្ឋអំណាច មីយ៉ាន់មា តែងតែគាំទ្រយ៉ាងសកម្មចំពោះប្រជាជនវៀតណាមក្នុងការតស៊ូរំដោះប្រទេសជាតិក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះផងដែរ។ ក្រោយពេលដែលភាគខាងត្បូងវៀតណាម បានរំដោះរួច ហើយប្រទេសវៀតណាមត្រូវបានបង្រួបបង្រួមជាស្ថាពរនោះ ភាគីទាំងពីរបានដម្លើងទំនាក់ទំនងការទូតពីកម្រិតអគ្គកុងស៊ុល ឡើងកម្រិតស្ថានទូតវិញ កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ១៩៧៥។

តាំងពីពេលនោះរហូតមកទល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ជាប្រចាំ ព្រមទាំងយន្តការសម្រាប់កិច្ចសហប្រតិបត្តិការជាច្រើនក៏ត្រូវបានបង្កើតឡើង និងដាក់ឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពដែរ។ នាពេលថ្មីៗនេះ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅ មីយ៉ាន់មា របស់លោកអគ្គលេខាបក្ស Nguyen Phu Trong (ខែសីហា ឆ្នាំ២០១៧) ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួមស្តីពីការបង្កើតក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ បើកទំព័រថ្មីក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ នាឆ្នាំ ២០១៥ ប្រទេសទាំងពីរបានប្រារព្ធឡើងសកម្មភាពជាច្រើនសម្រាប់រំលឹកខួបលើកទី ៤០ នៃកំណើតទំនាក់ទំនងការទូតវៀតណាម មីយ៉ានមា (២៨ ឧសភា ឆ្នាំ១៩៧៥/ ២៨ ឧសភា ២០១៥)។

នាឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគី វៀតណាម មីយ៉ានមា សម្រេចបាន ៤៣៤.៧ លានដុល្លារអាមេរិក ហើយនាឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨២៨.៣ លានដុល្លារអាមេរិក កើនឡើង ៥១% បើធៀបនឹងឆ្នាំ២០១៦។ វៀតណាមបានឈានឡើងជាវិនិយោគិនធំបំផុតជាប់ចំណាត់ថ្នាក់ទី ៧ នៅមីយ៉ានមាដោយមានគំរោងទាំង ៧០  និងទុនចុះបញ្ជីសរុប ២ ពាន់លានដុល្លារអាមេរិកផងដែរ។

ភាគីទាំងពីរបានដំណើរការប្រកបដោយប្រសិទ្ធភាពនូវរាល់យន្តការនៃកិច្ចសន្ទនាសន្តិសុខទ្វេភាគី  ហើយកំពុងជំរុញយ៉ាងខ្លាំងក្លាកិច្ចសម្របសម្រួលក្នុងការកសាង និងបំពេញសព្វគ្រប់នូវក្របខ័ណ្ឌគតិយុត្តិសម្រាប់រាល់សកម្មភាពប្រឆាំងនឹងបទឧក្រិដ្ឋកម្ម និងវិស័យយុត្តិធម៌។ រីឯកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាឆ្នាំ ២០១១ និងសម្រេចបានលទ្ធផលមួយចំនួនផងដែរ។ 

វៀតណាម និងមីយ៉ានមា​ បាននិងកំពុងពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយដោយមិនឈប់ឈរ។ ដោយផ្អែកលើមូលដ្ឋាននោះ យើងទាំងអស់គ្នាសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកស្រី Aung San Suu Kyi  នៅវៀតណាមលើកនេះនឹងទទួលបានលទ្ធផលផ្លែផ្កា រួមចំណែកក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងសន្តិភាព សន្តិសុខ ការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍៕

បកប្រែដោយ Minh Trung