ក្នុងជំនួប លោក Xaysy Santivong បានឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ។ ភាគីទាំងពីរបានរៀបចំកិច្ចពិភាក្សាការងារ​ប្រកបដោយជោគជ័យ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យយុត្តិធម៌នៅឆ្នាំ២០១៨ ព្រមទាំងឯកភាពថា ភាគីទាំងពីរសម្រេចបានល្អនូវផែនការសហប្រតិបត្តិការដែលបានដាក់ចេញ។ លោក Xaysy Santivong បានអះអាងថា ក្រសួងយុត្តិធម៌ឡាវមានភាពរីកចម្រើន និងប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពដូចសព្វថ្ងៃនេះ ដោយមានការជួយគាំទ្រដ៏មានតម្លៃពីសំណាក់បក្ស រដ្ឋាភិបាល និងក្រសួងយុត្តិធម៌វៀតណាម។ ក្រសួងយុត្តិធម៌ឡាវក៏កំពុងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួងការបរទេសឡាវក្នុងការជួយឧបត្ថម្ភអាណិកជនវៀតណាមដែលកំពុងរស់នៅតាមខេត្ត ទីក្រុងនានារបស់ឡាវ ជាពិសេសលើកកំពស់ការបំពេញបែបបទឯកសារច្បាប់។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឡាវ លោក Xaysy Santivong (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយផ្អែកលើទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ វៀតណាមមានឆន្ទៈចែករំលែកជាមួយឡាវ ទាំងមេរៀននៃភាពជោគជ័យ និងមិនបានជោគជ័យក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរនាពេលកន្លងមក ដោយសម្រេចបានសមិទ្ធិផលជាច្រើន ជាពិសេស ក្នុងការបណ្តុះបណ្តាលកម្មាភិបាលផ្នែកយុត្តិធម៌របស់ប្រទេសឡាវ៕

បកប្រែដោយ Duy Hoan