លោកស្រី Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺជារបត់ដ៏សំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបង្ហាញមនោសញ្ចេតនាពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជា។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោកស្រី Nguyen Thi Kim Ngan ជឿជាក់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាជាស្នូល ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងវិបុលភាព ហើយមានតួនាទីកាន់តែខ្ពស់ក្នុងតំបន់ និងលើពិភពលោក។

លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ចំពោះកិច្ចពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងបញ្ជាក់ថា រដ្ឋសភាវៀតណាមតែងតែជួយគាំទ្រចំ​ពោះ​ការជម្រុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីររូប បានសម្ដែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងវៀតណាម - កម្ពុជានៅពេលកន្លងមក និងបញ្ជាក់លើសារៈសំខាន់នៃការរក្សា ការការពារ និងការពូនជ្រំទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម - កម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍ ជាពិសេសគឺផ្សព្វផ្សាយដល់ជំនាន់ក្រោយនៃប្រទេសទាំងពីរឲ្យយល់ដឹង និងរក្សាទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

លោកស្រី Nguyen Thi Kim Ngan រំពឹងថា សម្តេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំការជួយគាំទ្រ និងការបង្កលក្ខណៈងាយស្រួលឲ្យប្រ​ជា​ជន​ដើមកំណើតវៀតណាមមានជីវភាពរស់នៅដោយស្ថិរភាព ធានាសិទ្ធិស្របច្បាប់ ដើម្បីរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា និងជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong