ដំណើរទស្សនកិច្ចរបស់លោក Dmitry Medvedev បានប្រព្រឹត្តទៅក្នុងឱកាសប្រទេសទាំងពីររៀបចំឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម នាឆ្នាំ២០១៩ - ២០២០ សម្រាប់រំលឹកខួបលើកទី២៥ ពិធីចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីគោលការណ៍ជាមូលដ្ឋានរបស់ទំនាក់ទំនងមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី និងលើកទី៧០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

បច្ចុប្បន្ននេះ ក្នុងគោលនយោបាយទាក់ទងបរទេសរបស់រុស្ស៊ី តំបន់អាស៊ី - ប៉ាស៊ីហ្វិកដើរតួនាទីដ៏សំខាន់។ រុស្ស៊ីបានចូលរួមយ៉ាងសកម្មដល់យន្តការសហប្រតិបត្តិការក្នុងតំបន់ ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសក្នុងតំបន់ ក្នុងនោះមាន​វៀតណាម​ផង។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី Dmitry Medvedev (រូបថត៖ vnanet.vn)

សហភាពសូវៀតមុននេះ (សហព័ន្ធរុស្ស៊ីនាសព្វថ្ងៃ) គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់លើពិភពលោកដែលទទួលស្គាល់ និងបង្កើតជាផ្លូវការទំនាក់ទំនងការទូតជាមួយវៀតណាមនាថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៥០ ដាក់មូលដ្ឋានគ្រឹះសម្រាប់ចំណងមិត្តភាពចីរភាព និងទំនាក់ទនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងក្រោយ។

ក្នុងច្រើនឆ្នាំកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាម និងសហព័ន្ធរុស្ស៊ីកាន់តែអភិវឌ្ឍពីថ្ងៃទៅមួយថ្ងៃ។ ពិធីចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីគោលការណ៍ជាមូលដ្ឋានរបស់ទំនាក់ទំនងមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ីដែលប្រព្រឹត្តឡើងនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងឱកាសលោកអតីតនាយករដ្ឋមន្រ្តីវៀតណាម Vo Van Kiet បំពេញទស្សនកិច្ចនៅរុស្ស៊ីបានដាក់មូលដ្ឋានគ្រឹះ និងជាមូលដ្ឋានអំពីច្បាប់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០០១  ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្ត។ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ វៀតណាម និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមស្ដីពីការពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងលើវិស័យនយោបាយវៀតណាម - រុស្ស៊ីមានទំនុកទុកចិត្តខ្ពស់ និងត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរបានរៀបចំជាទៀងទាត់ បង្កកម្លាំងចលករសម្រាប់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ពីឆ្នាំ២០០៨ វៀតណាម និងសហព័ន្ធរុស្ស៊ីបានបង្កើតយន្តការសន្ទនាយុទ្ធសាស្រ្តការទូត ការពារជាតិ សន្តិសុខប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេស។ ឆ្នាំ២០១៣ ភាគីទាំងពីរបានបង្កើតយន្តការសន្ទនាថ្នាក់អនុរដ្ឋមន្រ្តីនៃក្រសួងការពារជាតិ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានរៀបចំពិគ្រោះនយោបាយក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ។ ភាគីទាំងពីរមានទស្សនៈរួមជាច្រើនក្នុងបញ្ហាអន្តរជាតិ និងតំបន់ សហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិនានា។

នាពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម - សហព័ន្ធរុស្ស៊ីបានរីកចម្រើន ប៉ុន្តែមិនទាន់ស្របនឹងសក្តានុពលនៃប្រទេសទាំងពីរនោះទេ។ បច្ចុប្បន្ននេះ រុស្ស៊ីនៅចំណាត់ថ្នាក់ទី២៣ ក្នុងចំណោមប្រទេស និងតំបន់ដែនដីដែលវិនិយោគនៅវៀតណាម ដោយមានគម្រោង១១៦ និងដើមទុនចុះបញ្ជីសរុប ៩៩០ លានដុល្លារអាមេរិក។ វៀតណាមមានគម្រោងវិនិយោគនៅរុស្ស៊ីចំនួន២២ ដោយមានដើមទុនសរុបជិត ៣ ពាន់លានដុល្លារអាមេរិក។ កិច្ចជួបជុំផ្លាស់ប្តូរវប្បធម៌បានតែងតែរៀបចំឡើង រួមវិភាគទានក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ រុស្ស៊ីបន្តជាទីផ្សារមួយក្នុងចំណោមទីផ្សារចំនួន១០ ដែលមានកំណើនចម្បងលើវិស័យទេសចរណ៍នៅវៀតណាម។

នាពេលមុន សហភាពសូវៀតបានជួយវៀតណាមក្នុងការបណ្ដុះបណ្ដាលកម្មាភិបាល អ្នកជំនាញការជិត ៤០ ពាន់នាក់។ បច្ចុប្បន្ននេះ រុស្ស៊ីបន្តបណ្ដុះបណ្ដាលនិស្សិតវៀតណាមប្រមាណ ៥០០០ នាក់។ ទន្ទឹមនិងនោះ ប្រទេសទាំងពីរបានអនុវត្តកម្រោងស្រាវជ្រាវ និងគម្រោងការផ្ទេរប្រគល់បច្ចេកវិទ្យាជិត៦០។ សហគមន៍វៀតណាមនៅរុស្ស៊ីកំពុងសិក្សា និងធ្វើអាជីវកម្មតាមការកំណត់របស់រដ្ឋរុស្ស៊ី។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះរបស់លោក Dmitry Medvedev នឹងជម្រុញទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីអភិវឌ្ឍយ៉ាងជាក់ស្ដែង ចីរភាពលើវិស័យជាច្រើនជាពិតប្រាកដ៕

បកប្រែដោយ Thuy Anh