leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោកស៊ី ជីនពីង (រូប​ថត៖ vnanet.vn)

 

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានពាំនាំនូវការសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណរបស់អគ្គលេខាបក្ស ប្រធានដ្ឋវៀតណាមលោក Nguyen Phu Trong ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជីនពីង ដោយបានផ្ញើសារអបអរសាទរជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលត្រូវបានរដ្ឋសភាវៀតណាមឯកភាពបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ចិនក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងលើពិភពលោក។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ស្វាគមន៍ចំពោះការអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” (BRI) ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមក និងជួយគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់ BRI ជាមួយក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" នៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា វៀតណាមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលតភ្ជាប់ជាមួយក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គបើកទូលាយ (GMS) ដើម្បីការគ្រប់គ្រង និងការប្រើប្រាស់ប្រភពទឹកប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃបណ្តាប្រទេសនានា។

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​ជំ​នួប​ (រូប​ថត៖ vnanet.vn)

ស្តីពីបញ្ហាសមុទ្រ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃយន្តការចរចា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមិនសូវមានបញ្ហារសើបលើសមុទ្ររវាងប្រទេសទាំងពីរ ក៏ដូចជាភាពជឿនលឿនក្នុងការចរចាជាក់ស្តែងលើក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC) រវាងអាស៊ាន និងចិន។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក អនុវត្តយ៉ាងម៉ត់ចត់នូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និង"កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋាននានាដើម្បីដឹកនាំការដោះស្រាយបញ្ហានៅសមុទ្រ​វៀតណាម និងចិន"  រក្សាការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងរក្សាសន្តិភាព ស្ថិរភាពនៅក្នុងសមុទ្រខាងកើត និងក្នុងតំបន់។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម និងបានឯកភាពថា នឹងបន្តរក្សាទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ពង្រឹងទំនុកទុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ពង្រីកការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ និងការបង្កើតបរិយាកាសល្អសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ប្រទេសចិនមិនជំរុញអតិរេកពាណិជ្ជកម្មជាមួយវៀតណាមទេ ដែលនឹងបង្កើនការនាំចូលទំនិញពីវៀតណាមវិញ ដើម្បីឱ្យពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ អភិវឌ្ឍទៅតាមទិសដៅមានតុល្យភាព និងនិរន្តរភាព។ នាពេលកន្លងមក ប្រទេសចិនបានចាត់វិធានការជាច្រើនដើម្បីពង្រីកការនាំចូលពីវៀតណាម ហើយបានបន្ថយឱនភាពពាណិជ្ជកម្មរបស់វៀតណាមជាបន្តបន្ទាប់។ ក្នុងឆ្នាំកន្លងទៅ ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើង ៣៦,៨% ហើយនាពេលខាងមុខនេះ ប្រទេសចិននឹងបន្តជំរុញនិន្នាការនេះដែរ៕

បកប្រែដោយ Duy Hoan