ថ្លែងមតិនៅក្នុងឱកាសនេះ លោក Ho Duc Phoc បានឲ្យដឹងថា មហាសន្និបាត ASOSAI លើកទី១៤ ក្រោមប្រធានបទ "បរិយាកាសសវនកម្មសម្រាប់កិច្ចអភិវឌ្ឍដោយចីរភាព" គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំបំផុតនៃ ASOSAI ដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅប្រទេសវៀតណាម។ ព្រឹត្តិការណ៍សំខាន់ៗនៃមហាសន្និបាតនេះត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ថ្ងៃទី២០ និងថ្ងៃទី២២ ខែកញ្ញា នៅទីក្រុងហាណូយ។ ឯព្រឹត្តិការណ៍ខាងក្រៅផ្សេងៗទៀតនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ថ្ងៃទី១៨ និងថ្ងៃទី២១ ខែកញ្ញា នៅទីក្រុងហាណូយ និងខេត្ត Quang Ninh (ភាគខាងជើងវៀតណាម)។ តាមគម្រោងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញមកចូលរួម និងថ្លែងសុន្ទរកថានៅពិធីបើក ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

មហាសន្និបាតនេះត្រូវបានគេរំពឹងទុកថា នឹងមានការចូលរួមពីគណៈប្រតិភូចំនួន ២៥០ រូបមកពីស្ថាប័នសវនកម្មកំពូលចំនួន ៤៦ នៅអាស៊ី អ្នកតំណាង INTOSAI និងអ្នកសង្កេតការណ៍អន្តរជាតិ។ ភ្ញៀវក្នុងស្រុកប្រហែល ៣៥០រូប មកពីទីភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នសង្គម នយោបាយ សាកលវិទ្យាល័យ វិទ្យាស្ថាន និងស្ថានទូតបរទេសនៅវៀតណាមនឹងចូលរួមផងដែរ។

លោក Ho Duc Phoc បានឲ្យដឹងថា ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាត ASOSAI លើកទី១៤ វៀតណាមនឹងក្លាយទៅជាប្រធាន ASOSAI សម្រាប់អាណត្តិ ២០១៨-២០២១ និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិ ASOSAI សម្រាប់បីអាណត្តិជាប់ៗគ្នា ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤។ ចំណុចនេះបានបង្ហាញពីការជឿទុកចិត្តខ្ពស់របស់សហគមន៍អន្តរជាតិចំពោះសវនកម្មរដ្ឋវៀតណាម និងបញ្ជាក់ពីចក្ខុវិស័យយុទ្ធសាស្រ្តនៃការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់សវនកម្មរដ្ឋវៀតណាមដល់ឆ្នាំ២០២០៕

បកប្រែដោយ Duy Hoan