អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ដ្រីវាយតំលៃចំពោះអត្ថន័យអំពីលទ្ធផលនៃកិច្ចប្រជុំ ACMECS 8 និង CLMV 9 ?

លោកអនុរដ្ឋមន្ដ្រី Bui Thanh Son ៖ កិច្ចប្រជុំកំពូល ACMECS 8 និង CLMV 9 លើកនេះជាការអនុវត្ដយ៉ាងសកម្មអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល ACMECS 7 និង CLMV 8 ដែលបានធ្វើឡើងនៅទីក្រុងហាណូយនាខែតុលាឆ្នាំ ២០១៦។ នេះក៏ជាការអនុវត្ដជាក់ស្ដែងនូវការសន្យានាឆ្នាំ ២០១៦ របស់បណ្ដាប្រមុខដឹកនាំអំពីកំណែទម្រង់យន្ដការសហប្រតិបត្ដិការ ACMECS  និង CLMV ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងបង្កើនកិច្ចសហប្រតិបត្ដិការនៅអនុតំបន់។

leftcenterrightdel
លោក Bui Thanh Son អនុរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

 

កិច្ចប្រជុំកំពូល ACMECS 8 និង CLMV 9 បានធ្វើឡើងក្នុងបរិបទនៃយន្ដការទាំងពីរបានឆ្លងកាត់ដំណើរការ១៥ ឆ្នាំកន្លងមក និងកំពុងមានកាលានុវត្ដភាព និងបញ្ហាប្រឈមថ្មី។ ដើរទន្ទឹមនឹងកាលានុវត្ដភាពនោះគឺជាកិច្ចសហប្រតិបត្ដិការនៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍ ដោយមានយន្ដការសហប្រតិបត្ដិការជាច្រើនរវាងបណ្ដាប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គ និងដៃគូផ្សេងៗទៀត។ ហើយបណ្ដាប្រទេសជាសមាជិក ACMECS និង CLMV ក៏កំពុងជួបការប្រឈមជាច្រើន ជាពិសេសគឺការវិវត្ដឆាប់រហ័ស និងយ៉ាងខ្លាំងក្លានៃបដិវត្ដន៍ឧស្សាហកម្មលើកទី ៤ និងគម្លាតអភិវឌ្ឍន៍ខុសគ្នាជាមួយបណ្ដាប្រទេសអាស៊ាន។ នៅឯកិច្ចប្រជុំកំពូលទាំងពីរនេះ បណ្ដាប្រមុខដឹកនាំបានមានការសន្និដ្ឋានយ៉ាងពេញលេញ និងជ្រាលជ្រៅអំពីស្ថានការណ៍ពិភពលោក និងតំបន់ កាលានុវត្ដភាព និងបញ្ហាប្រឈមដែលបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គកំពុងប្រឈមមុខ តាមរយៈនោះដាក់ចេញនូវគោលនយោបាយអំពីកិច្ចសហប្រតិបត្ដិការ ACMECS  និង CLMV ក្នុងពេលខាងមុខនេះ។ ក្នុងបរិបទថ្មីនេះ បណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គគប្បីបង្កើនការតភ្ជាប់ និងជំរុញការធ្វើសមាហរណកម្ម ដើម្បីពង្រីកសក្ដានុពលរបស់តំបន់។ ដោយឈរលើស្មារតីនោះ បណ្ដាប្រមុខដឹកនាំបានអនុម័តលើឯកសារដែលមានអត្ថន័យតម្រង់ទិសក្នុងការអភិវឌ្ឍសម្រាប់យន្ដការទាំងពីរនេះក្នុងពេលខាងមុខ។ សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលទាំងពីរនេះបានបញ្ជាក់ពីការប្ដេជ្ញាចិត្ដរបស់បណ្ដាប្រទេសជាសមាជិក ACMECS  និង CLMV ស្ដីពីការកសាងអនុតំបន់ទន្លេមេគង្គប្រកបដោយសន្ដិភាព អភិវឌ្ឍន៍ និងវិបុលភាព។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ដ្រីឲ្យដឹងថា ការរួមចំណែក និងការផ្ដួចផ្ដើមគំនិតរបស់វៀតណាមនៅកិច្ចប្រជុំកំពូល ACMECS 8 និង CLMV 9?

លោកអនុរដ្ឋមន្ដ្រី Bui Thanh Son ៖ ឆ្នាំ ២០១៦ វៀតណាមបានរៀបចំកិច្ចប្រជុំកំពូល ACMECS 7 និង CLMV 8 ប្រកបដោយជោគជ័យនៅទីក្រុងហាណូយ។ ក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលទាំងពីរនេះ វៀតណាមបានលើកឡើងនូវកំណែទម្រង់យន្ដការសហប្រតិបត្ដិការ ACMECS  និង CLMV ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃយន្ដការទាំងពីរនេះ។

ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ វៀតណាមជាប្រទេសមួយដែលចូលរួមយ៉ាងសកម្មក្នុងការផ្ដល់យោបល់ដើម្បីអនុវត្ដលទ្ធផលនៃកិច្ចប្រជុំកំពូល ACMECS 7 និង CLMV 8 ។ ទន្ទឹមនឹងនោះវៀតណាមបានរួមចំណែកជាច្រើនក្នុងការកសាងឯកសារនៃកិច្ចប្រជុំទាំងពីរនេះ។ បណ្ដាក្រសួង ស្ថាប័នរបស់វៀតណាមក៏បានរៀបចំសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃយន្ដការសហប្រតិបត្ដិការទាំងពីរនេះដូចជាការរៀបចំពិព័រណ៌ទេសចរណ៍ និងពាណិជ្ជកម្មជាប្រចាំ និងគម្រោងគមនាគមន៍ជាដើម។

នៅឯកិច្ចប្រជុំទាំងពីរនេះ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមបន្ដជួយឧបត្ថម្ភផ្នែកបច្ចេកទេសសម្រាប់ប្រទេសកម្ពុជា- ឡាវ -មីយ៉ាន់ម៉ា (CLM) ក៏ដូចជាការផ្ដល់អាហារូបករណ៍ CLMV និងត្រៀមខ្លួនទទួលនិស្សិតរបស់បណ្ដា ប្រទេសជាសមាជិក ACMECS មកសិក្សានៅវៀតណាម ជាពិសេសគឺវៀតណាមបានកសាងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្ដ Kon Tum រួមចំណែកផ្ដល់ពលករដែលមានគុណភាពខ្ពស់សម្រាប់បណ្ដាប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ហើយវៀតណាមនឹងជួយឲ្យបណ្ដាប្រទេស CLM ចូលរួម និងរៀបចំពិព័រណ៌ពាណិជ្ជកម្មនៅវៀតណាម។ តាមរយៈនោះបណ្ដាប្រទេស CLMV ក៏បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាម ក្នុងនោះមានគម្រោងទូរគមនាគមន៍របស់សម្ព័ន្ធក្រុមហ៊ុន Viettel បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ទូរគមនាគមន៍រវាងប្រទេសទាំង ៤។

អាចនិយាយថា ការរួមចំណែករបស់វៀតណាមនៅកិច្ចប្រជុំកំពូល ACMECS 8 និង CLMV 9 បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវស្មារតី និងការទទួលខុសត្រូវរបស់វៀតណាមក្នុងដំណើរការចូលរួមក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្ដិការនៅតំបន់ រួមចំណែកជំរុញការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ និងចីរភាពក្នុងអនុតំបន់ទន្លេមេគង្គ៕

អ្នកយកព័ត៌មាន៖ សូមអណរគុណលោកអនុរដ្ឋមន្ដ្រី!

បកប្រែដោយ Pham Diep