leftcenterrightdel
ប្រធានរដ្ឋលោក Tran Dai Quang  ឆ្លើយសម្ភាសន៍របស់សារព័ត៌មានជប៉ុនមួយចំ​នួន​ដូចជា NHK Kyodo News Jiji Press និង Nikkei ជាដើម។

 

ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះភាគីទាំងពីរនឹងពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងនោះផ្តោតទៅលើវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ និងវប្បធម៌។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហានានា ដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។

ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តសន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរ នៃទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីសន្តិភាព និងវិបុលភាពនៅទ្វីបអាស៊ី ឲ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីលើគ្រប់វិស័យ។

លោកប្រធានរដ្ឋមានគោលបំណងចង់ឲ្យភាគីទាំងពីរលាតត្រដាងអនុវត្តន៍កិច្ចព្រមព្រៀងភាពជាដៃគូខាងសេដ្ឋកិច្ច វៀតណាម-ជប៉ុន (VJEPA) ប្រកបដោយប្រសិទ្ធភាព រួមគ្នាខិតខំប្រឹងប្រែងដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដងក្នុងឆ្នាំ២០២០ បើប្រៀបនឹងឆ្នាំ២០១៤។

ចំពោះកិច្ចសហប្រតិបតិ្តការរវាងវៀតណាម និងជប៉ុននៅវេទិកាអន្តរជាតិ និងតំបន់ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាម និងជប៉ុនគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រីកនូវតួនាទីដ៏សកម្មរបស់ប្រទេសនីមួយៗ សំដៅរួមវិភាគទានទៅក្នុងសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់។ ប្រទេសទាំងពីរសុទ្ធតែសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធីឲ្យបានសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕

តាមvovworld.vn