នៅសម័យប្រជុំពេញអង្គ ថ្នាក់ដឹកនាំទាំង​ឡាយបានផ្លាស់ប្តូរយោបល់អំពីការតំរង់ទិសនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដោយមានចំណុចសំខាន់ពីរគឺការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការប្រឆាំងភេរវកម្ម។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcom Turnbull បានសង្កត់ធ្ងន់លើសារសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន - អូស្ត្រាលីចំពោះសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ កិច្ចប្រជុំជាន់ខ្ពស់ពិសេសលើកនេះនឹងជាឱកាសដើម្បីភាគីទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការ និងបង្កើតកម្លាំងចលករថ្មីឲ្យទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍ឲ្យបានរឹងមាំជាង ៤៤ ឆ្នាំកន្លងមក។

leftcenterrightdel
ថ្នាក់​ដឹក​នាំ​អញ្ជើញ​ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ពិសេសអាស៊ាន - អូស្ត្រាលី (រូបថត៖ vietnamnet.vn)

តំណាងទាំងឡាយក៏ចាត់ទុកថា អាស៊ាននិងអូស្ត្រាលីគឺជាដៃគូដែលមានផលប្រយោជន៍រួមក្នុងតំបន់ និងបញ្ជាក់ថានឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីកសាងតំបន់សន្តិភាព និងវិបុលភាពឲ្យប្រជាជនអាស៊ាន។ អូស្ត្រាលីបញ្ជាក់ថា គាំទ្រតួនាទីស្នូលរបស់អាស៊ាន ព្រមទាំងបន្តបង្កើនយន្តការសន្ទនានៅគ្រប់ជាន់ថ្នាក់ជាមួយអាស៊ានស្ដីពីបញ្ហាយុទ្ធសាស្រ្តក្នុងតំបន់។

ចំពោះសេដ្ឋកិច្ច ប្រទេសទាំងឡាយបានឯកភាពបន្តជម្រុញពាណិជ្ជកម្ម និងបើកទូលាយការបណ្ដាក់ទុនក្នុងតំបន់ គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីស្របតាមច្បាប់ និងធ្វើឲ្យស៊ីជម្រៅការចងសម្ព័ន្ធសេដ្ឋកិច្ចរវាងអាស៊ាននិងអូស្ត្រាលី។ ភាគីទាំងពីរបញ្ជាក់ថា នឹងបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកកំណើនយ៉ាងរឹងមាំ និងការឆ្នៃប្រឌិត។

ថ្នាក់ដឹកនាំទាំងឡាយបានឯកភាពថា ភាគីទាំងពីរនឹងបន្តជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាល និងការទាក់ទងប្រាស្រ័យប្រជាជន ជាពិសេសគឺក្នុងក្របខ័ណ្ឌផែនការ Colombo ថ្មី និងជម្រុញការផ្ដល់អាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលីដល់និសិ្សតមកពីប្រទេសអាស៊ាន៕

បកប្រែដោយ Thuy Anh