leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មាន៖ សូមលោកប្រធានរដ្ឋវាយតំលៃលើទំនាក់ទំនងវៀតណាម និងជប៉ុននៅពេលកន្លងមក?

លោកប្រធានរដ្ឋ Tran Dai Quang ៖ វៀតណាម និងជប៉ុនជាប្រទេសពីរដែលមានទំនាក់ទំនងដ៏យូរលង់មកហើយ ដោយមានលក្ខណៈប្រវត្ដិសាស្ដ្រ វប្បធម៌ ប្រពៃណីប្រហាក់ប្រហែលគ្នា។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅខែកញ្ញា ឆ្នាំ ១៩៧៣ ដោយឆ្លងកាត់រយៈពេល ៤៥ ឆ្នាំ វៀតណាម និងជប៉ុនបានក្លាយទៅជាដៃគូយុទ្ធសាស្ដ្រដ៏សំខាន់លើវិស័យជាច្រើន។ តាំងពីខែមិនា ឆ្នាំ ២០១៤ ប្រទេសទាំងពីរបានលើកតម្កើងទំនាក់ទំនងឡើងកំរិត“ដៃគូយុទ្ធសាស្ដ្រដ៏ស៊ីជម្រៅ និងទូលំទូលាយ ដើម្បីសន្ដិភាព និង វិបុលភាពនៅតំបន់អាស៊ី” ហើយទំនាក់ទំនងវៀតណាម និងជប៉ុនមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ និងជាក់ស្ដែង។

អំពីខាងនយោបាយ ភាគីទាំងពីរបានរក្សាការជួបប្រាស្រ័យជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់។ ឆ្នាំ ២០១៧ គឺជាឆ្នាំដំបូងបង្អស់ដែលប្រព្រឹត្ដទៅដំណើរទស្សនកិច្ចជាន់ខ្ពស់ចំនួន ៥ ក្នុងរយៈពេល ១ ឆ្នាំ ដែលក្នុងនោះមានដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជជប៉ុន និងអគ្គមហេសីនៅវៀតណាម; លោកនាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe បំពេញទស្សនកិច្ចនៅវៀតណាមចំនួនពីរលើក; ប្រធានរដ្ឋសភាជប៉ុនបំពេញទស្សនកិច្ចនៅវៀតណាមក្រោយរយៈពេល ១៥ ឆ្នាំ។ ឆ្នាំ ២០១៧ ក៏បានគូសបញ្ជាក់ការអភិវឌ្ឍថ្មី ក្នុងទំនាក់ទំនងទ្វេភាគីនៅពេលដែលប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើឲ្យប្រសើរថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ និងទូលំទូលាយរវាងវៀតណាម និងជប៉ុនក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc នៅជប៉ុននាខែមិថុនា ឆ្នាំ ២០១៧។ ភាគីទាំងពីរក៏សហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពនៅបណ្ដាវេទិកាពហុភាគីដូចជា អង្គការសហប្រជាជាតិ; អាស៊ាន; APEC; ASEM។ ហើយភាពជោគជ័យរបស់ឆ្នាំ APEC វៀតណាម ២០១៧ និងសន្និសីទ APEC លើកទី ២៥ កន្លងទៅដែលមានការរួមចំណែក និងសហប្រតិបត្ដិការ យ៉ាងសកម្មពីជប៉ុន។

អំពីវិស័យសេដ្ឋកិច្ច ជប៉ុនគឺជាដៃគូសំខាន់បំផុតរបស់វៀតណាម និងជាប្រទេសផ្ដល់ ODA ច្រើនបំផុត ក៏ដូចជាដៃគូពាណិជ្ជកម្មទ្វេភាគីធំទី ៤ របស់វៀតណាម។ ជាពិសេស ឆ្នាំ ២០១៧ ជប៉ុនបានក្លាយទៅជាអ្នកវិនិយោគទុនបរទេសនាំមុខគេចូលមកវៀតណាម។ បច្ចុប្បន្ននេះមានសហគ្រាសជាង ១,៥០០ ក្នុងនោះភាគច្រើន គឺសម្ព័ន្ធក្រុមហ៊ុនធំរបស់ជប៉ុនដែលកំពុងវិនិយោគ និងធ្វើពាណិជ្ជកម្មនៅវៀតណាម។ ប្រទេសទាំងពីរកំពុងអនុវត្ដគម្រោងខ្នាតធំជាច្រើនដូចជាការកសាងហេដ្ឋរចនាសម្ព័ន្ធ ថាមពលនៅវៀតណាម។ ហើយប្រភពទុន ODA របស់ជប៉ុនសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់លទ្ធភាពប្រកួតប្រជែង បណ្ដុះបណ្ដាលធនធានមនុស្ស ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងវិស័យជាច្រើនទៀត បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

កិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិ សន្ដិសុខ កសិកម្ម អប់រំ និងបណ្ដុះបណ្ដាល ពលកម្ម បានទទួលលទ្ធផលជាក់ស្ដែង។ កិច្ចសហប្រតិបត្ដិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ កាន់តែមានប្រសិទ្ធភាពដោយមានមូលដ្ឋានចំនួន ៣៧ គូនៃប្រទេសទាំងពីរបានចុះហត្ថលេខា លើការព្រមព្រៀងសហប្រតិបត្ដិការ។ ទន្ទឹមនឹងនោះ សកម្មភាពជួបប្រាស្រ័យទាក់ទងប្រជាជន សហប្រតិបត្ដិការលើវិស័យវប្បធម៌ ទេសចរណ៍បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ឆ្នាំ ២០១៧ ជប៉ុនជាប់លំដាប់លេខ ៣ នៃចំនួនភ្ញៀវទេសចរមកកាន់វៀតណាម និងជប៉ុនក៏ជាគោលដៅទេសចរណ៍ទាក់ទាញភ្ញៀវទេសចរវៀតណាមដែរ។ ជនជាតិវៀតណាមជាង ២៣០,០០០ នាក់កំពុងសិក្សា និងរកស៊ីនៅជប៉ុន និងជនជាតិជប៉ុនជាង ១៦,០០០ នាក់កំពុងសិក្សា និងរកស៊ីនៅវៀតណាមបានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គម និងជំរុញទំនាក់ទំនងមិត្ដភាពរវាងប្រជាជាតិទាំងពីរ។

ឆ្នាំនេះ ប្រទេសទាំងពីររៀបចំរាល់សកម្មភាពជាក់ស្ដែងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត យើងមានក្ដីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការរវាងវៀតណាម និងជប៉ុនកំពុងស្ថិតនៅដំណាក់កាលអភិវឌ្ឍន៍យ៉ាងល្អប្រសើរជាទីបំផុត។

អ្នកយកព័ត៌មាន៖ សូមលោកប្រធានរដ្ឋឲ្យដឹងអំពីវិធានការទាំងឡាយក្នុងការជំរុញទំនាក់ទំនងវៀតណាម-ជប៉ុនបន្ដអភិវឌ្ឍន៍នៅពេលខាងមុខ?

លោកប្រធានរដ្ឋ Tran Dai Quang៖ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រដ៏ស៊ីជម្រៅ និងទូលំទូលាយរវាងវៀតណាម-ជប៉ុនកំពុងមានការអភិឌ្ឍយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ និងជាក់ស្ដែង។ ទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការលើបណ្ដាវិស័យនៅមានសក្ដានុពលជាច្រើន ដោយប្រទេសទាំងពីរមានឧត្ដមភាពដែលអាចជួយឧត្ថម្ភគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍ជារួម។

ក្នុងឱកាសប្រព្រឹត្ដទៅសប្ដាហ៍ជាន់ខ្ពស់ APEC នាខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang ខ្ញុំនិងលោកនាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe បានពិភាក្សា និងឯកភាពគ្នាលើទិសដៅ ក៏ដូចជាវិធានការជាក់ស្ដែង ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀត។ ព្រមទាំងបង្កើនយន្ដការសម្រាប់កិច្ចសន្ទនារវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។

ដោយឈរលើមូលដ្ឋាន និងកិច្ចសហប្រតិបត្ដិការល្អប្រសើរនៅសព្វថ្ងៃនេះ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងពង្រីកឧត្ដមភាពរបស់ប្រទេសរៀងៗខ្លួន ដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមកដោយផ្អែកលើគោលការណ៍ផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទាំងជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរដោយតាមរយៈការបង្កើនកិច្ចសហប្រតិបត្ដិការលើ ODA ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយជប៉ុន ដើម្បីប្រើប្រាស់ប្រភពទុន ODA ឲ្យមានប្រសិទ្ធភាពជាងមុន និងអនុវត្ដយន្ដការសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ វៀតណាមបន្ដខិតខំបង្កើននូវបរិយាកាសវិនិយោគ ដើម្បីបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសជប៉ុនចូលមកវិនិយោគទុន និងធ្វើពាណិជ្ជកម្មនៅវៀតណាម។ ភាគីទាំងពីរបន្ដជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យ ដែលមានសក្ដានុពលដូចជា ពលកម្ម កសិកម្ម បច្ចេកវិទ្យាទំនើប និងកិច្ចសហប្រតិបត្ដិការរវាងមូលដ្ឋាននានា; សហការគ្នាជំរុញការផ្លាស់ប្ដូរវប្បធម៌ ការជួបប្រាស្រ័យទាក់ទងប្រជាជន សំដៅបង្កើនទំនុកទុកចិត្ដ និងការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង ចាត់ទុកជាគ្រឹៈស្ថានសម្រាប់កិច្ចសហប្រតិបត្ដិការប្រកបដោយចីរភាព ក្នុងពេលអនាគត។

ដោយគោលការណ៍យ៉ាងសកម្ម និងការធ្វើសមាហរណកម្មអន្ដរជាតិដ៏ស៊ីជម្រៅ និងទូលំទូលាយ វៀតណាមបាន និងកំពុងក្លាយទៅជាមិត្ដដ៏ស្មោះសរ ដៃគូដ៏ជឿទុកចិត្ដ សមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្ដរជាតិ។ ដោយឈរលើស្មារតីនោះ វៀតណាម និងជប៉ុនបន្ដសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពលើវេទិកាអន្ដរជាតិ តំបន់ដែលប្រទេសទាំងពីរមានចំណាប់អារម្មណ៍ ដើម្បីសន្ដិភាព ស្ថិរភាព សហប្រតិបត្ដិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក។

ខ្ញុំជឿជាក់ថា នៅលើមូលដ្ឋាននៃការអភិវឌ្ឍល្អប្រសើរនូវទំនាក់ទំនងមិត្ដភាពរវាងវៀតណាម និងជប៉ុន រួមទាំងការខិតខំ ការឯកភាពគ្នា និងគោលនយោបាយដ៏ត្រឹមត្រូវរបស់ភាគីទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រដ៏ស៊ីជម្រៅ និងទូលំទូលាយរវាងវៀតណាម ជប៉ុនបន្ដការអភិឌ្ឍគ្រប់ជ្រុងជ្រោយ និងជាក់ស្ដែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរក៏ដូចជាបណ្ដាប្រជាជាតិនៅលើពិភពលោកផងដែរ។

អ្នកយកព័ត៌មាន៖ សូមលោកប្រធានរដ្ឋបញ្ជាក់ឲ្យដឹងថា នៅពេលខាងមុខនេះ វៀតណាមមានបំណងចង់បានអ្នកវិនិយោគជប៉ុនចូលមកវិនិយោគទុនលើវិស័យណាខ្លះ ?

លោកប្រធានរដ្ឋ Tran Dai Quang ៖ បច្ចុប្បន្ននេះ ជប៉ុនជាដៃគូយុទ្ធសាស្ដ្រ សេដ្ឋកិច្ចឈានមុខគេរបស់វៀតណាម។ ក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០១៧ ការវិនិយោគដោយផ្ទាល់ (FDI) របស់ជប៉ុនបានសម្រេចជិត ៩ ពាន់លានដុល្លារអាមេរិក គឺនាំមុខគេក្នុងចំណោមបណ្ដាប្រទេសជាតិ តំបន់ដែនដីដែលវិនិយោគនៅវៀតណាម និងកើនឡើងជា ៤ ដងបើប្រៀបធៀបនឹងឆ្នាំ ២០១៦។

ក្នុងនាមជាប្រទេសមានខឿនសេដ្ឋកិច្ចធំនៅលើពិភពលោក និងមានប្រភពទុនបរិបូរណ៍ ប៉ុន្ដែការវិនិយោគរបស់ជប៉ុនចូលមកប្រទេស​វៀតណាមនៅមានកំរិតទាបដោយមានត្រឹមតែ ៣% ទុនវិនិយោគសរុបរបស់ជប៉ុនចូលមកតំបន់អាស៊ី និងទាបជាងការវិនិយោគរបស់ជប៉ុននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ជប៉ុនគឺជាប្រទេសអភិវឌ្ឍន៍ និងមានវិទ្យាសាស្ដ្រ បច្ចេកទេសជឿនលឿន។ វៀតណាមមានបំណងជប៉ុនផ្ទេរបច្ចេកវិទ្យាលើវិស័យឧស្សាហកម្មជាអាទិភាពចំនួន៦ ផ្នែកស្ថិតក្នុងយុទ្ធសាស្ដ្រឧស្សាហនីយកម្មរបស់​វៀតណាម​ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្ដិការរវាងវៀតណាម និងជប៉ុនដល់ឆ្នាំ ២០២០ និងចក្ខុវិស័យ ២០៣០ គឺអេឡេចត្រូនិក គ្រឿងម៉ាស៊ីនកសិកម្ម កែច្នៃកសិផល និងជលផល ស្ថាបនានាវា បរិស្ថាន និងសន្សំថាមពល ផលិតរថយន្ដនិងគ្រឿងបន្លាស់រថយន្ដ ក៏ដូចជាបណ្ដាវិស័យដែលជប៉ុនមានឧត្ដមភាព ដូចជាឧស្សាហកម្មឧបត្ថម្ភការច្នៃប្រឌិត កសាងហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិកម្ម បច្ចេកវិទ្យាទំនើប។

វៀតណាមប្រកាន់ខ្ជាប់គោលនយោបាយគឺបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគទុនបរទេសទាំងអស់ ក្នុងនោះ មានបណ្ដាអ្នកវិនិយោគទុនជប៉ុនជាដើម។ យោងតាមការសិក្សាស្រាវជ្រាវដោយអង្គការជំរុញពាណិជ្ជកម្មជប៉ុនបានឲ្យដឹងថា នៅខែកម្ភៈ ៧០% សហគ្រាសជប៉ុនមានបំណងចូលមកវិនិយោគទុននៅវៀតណាម និង ៦៦,៦% សហគ្រាសជប៉ុននៅវៀតណាមមានផែនការពង្រីកការផលិត និងធ្វើពាណិជ្ជកម្ម។ នេះគឺជាសញ្ញាវិជ្ជមាន និងជាមូលដ្ឋាន ដើម្បីសហគ្រាសជប៉ុនចូលមកវៀតណាមបន្ដកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ព្រមទាំងផ្ដល់ផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រទេសទាំងពីរ។

ក្នុងឱកាសដើមឆ្នាំថ្មី ឆ្នាំសកល ២០១៨ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការដល់រាជរដ្ឋាភិបាល ប្រជាជនជប៉ុន និងមិត្ដអ្នកអានកាសែត និងសូមជូនពរទំនាក់ទំនងសហប្រតិបត្ដិការ មិត្ដភាពរវាងប្រជាជាតិយើងទាំងពីររីកចំរើនជារៀងរហូត៕

បកប្រែដោយ Pham Diep