អនុវត្តគម្រោងទី៦ នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៥ (ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ជាប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិចដែលទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍) ស្រុក Thuan Chau តែងតែយកចិត្តទុកដាក់លើការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ La Ha។

លោក Dinh Manh Hung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Thuan Chau បានឲ្យដឹងថា ដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណី លើកកំពស់ជីវភាពខាងស្មារតីរបស់ជនរួមជាតិ La Ha ស្រុក Thuan Chau បានរៀបចំថ្នាក់បង្រៀនភាសាជនជាតិ La Ha ឧបត្ថម្ភសម្ភារៈសម្រាប់ផ្ទះវប្បធម៌ និងរៀបចំពិធីបុណ្យនានា ដើម្បីរក្សាលក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌ប្រពៃណីរបស់ជនជាតិ La Ha។ ការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីមិនត្រឹមតែរួមចំណែកលើកកំពស់ជីវភាពខាងស្មារតីរបស់ជនជាតិ La Ha ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់អត្តសញ្ញាណវប្បធម៌របស់ជនជាតិនៅមូលដ្ឋានទៀតផង។

leftcenterrightdel
លំហវប្បធម៌របស់ជនរួមជាតិ La Ha នៅឃុំ Liep Te ស្រុក Thuan Chau ខេត្ត Son La

យើងបានមកដល់ឃុំ Liep Te ក្នុងឱកាសសម្ពោធផ្ទះវប្បធម៌សហគមន៍សម្រាប់ជនជាតិ La Ha នៅភូមិ Hien។ គម្រោងនេះត្រូវបានរចនាយ៉ាងទំនើប ប៉ុន្តែនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌ជាតិរបស់ជនជាតិ La Ha ដោយមានតម្លៃសរុបជាង ១ ពាន់លានដុង។ លោក Lo Van Thuan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Liep Te បានឲ្យដឹងថា៖ “ការដាក់ឲ្យដំណើរការផ្ទះវប្បធម៌សហគមន៍មានអត្ថន័យជាក់ស្តែង បង្កើតកន្លែងសម្រាប់ការស្រាវជ្រាវ អភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ជនជាតិ តភ្ជាប់ជាមួយគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ នាបច្ចុប្បន្ន ឃុំ Liep Te បានបង្កើតក្លឹបមួយដើម្បីអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ La Ha រក្សាសកម្មភាពនៃក្រុមសម្តែងចំនួន៧ ដើម្បីស្រាវជ្រាវនិងស្តារឡើងវិញនូវរបាំ និងពិធីបុណ្យរបស់ជនជាតិ La Ha”។

ទោះបីជាស្រុក Thuan Chau បានខិតខំប្រឹងប្រែងជាច្រើនដើម្បីរក្សាលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ La Ha ក៏ដោយ ប៉ុន្តែដោយសារឥទ្ធិពលនៃជីវភាពរស់នៅសម័យទំនើប ពិធីបុណ្យប្រពៃណី ចម្រៀងប្រជាប្រិយ និងរបាំប្រជាប្រិយមួយចំនួន កំពុងប្រឈមមុខនឹងការរបាត់បង់ទៅ។ ដូច្នេះ នាពេលខាងមុខ ស្រុក Thuan Chau នឹងបន្តយកចិត្តទុកដាក់ដល់ការអនុវត្តកម្មវិធី និងគម្រោងគាំទ្រ ដោយផ្តោតលើការស្តារឡើងវិញនូវពិធីបុណ្យវប្បធម៌ និងរក្សាសកម្មភាពរបស់ក្រុមសិល្បៈនៅតាមភូមិនានា បើកថ្នាក់បង្រៀនភាសាជនជាតិ La Ha រួមចំណែករក្សា និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ៕

បកប្រែដោយ Thuy Anh