ភ្លាមៗបន្ទាប់ពីបុណ្យចូលឆ្នាំថ្មី (បុណ្យតេត) នៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលកណ្តឹងបន្លឺឡើងពីព្រះវិហារគ្រីស្ត បងប្អួនជាគ្រីស្តសាសនិកនៃព្រះសហគមន៍ស្រុក Nghi Loc បានប្រមូលផ្តុំគ្នានៅព្រះវិហារដើម្បីធ្វើបុណ្យ។ ក្នុងលំហូរមនុស្សទៅចូលរួមក្នុងពិធីបុណ្យនោះ មានយុវវ័យជាច្រើនអាយុដប់ប្រាំបីឆ្នាំ ម្ភៃឆ្នាំដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះគឺនឹងចេញដំណើរចូលបម្រើកងទ័ពហើយ។ យើងខ្ញុំបានជួបប្អូន Hoang Trong Duc ជាយុវជនម្នាក់កើតឆ្នាំ ២០០៣ រស់នៅភូមិ Thong Nhat ឃុំ Khanh Hop  ពេលប្អូន និងក្រុមគ្រួសារទៅកាន់ព្រះវិហារដើម្បីធ្វើបុណ្យ។ តាមរយៈរឿងដែលយើងដឹងប្អូន Duc ទើបតែត្រូវបានជ្រើសរើសឱ្យចូលបម្រើជួរកងទ័ពនៅឆ្នាំ ២០២៣ នេះ។ ប្អូន Duc បាននិយាយថា៖ "ខ្ញុំតែងតែដឹងថា ការបំពេញកាតព្វកិច្ចកងទ័ពគឺជាភារកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប មិនថាកាន់សាសនា ឬមិនកាន់សាសនាទេ  ឱ្យតែជាប្រជាពលរដ្ឋគឺត្រូវតែមានកាតព្វកិច្ចចំពោះមាតុភូមិ"។

leftcenterrightdel
កងទ័ព និងតំណាងអាជ្ញាធរដែនដីមកលើកទឹកចិត្តយុវជនចូលបម្រើកងទ័ព

នាដើមនិទាឃរដូវក្នុងអាកាសធាតុត្រជាក់ ផ្ទះរបស់គ្រួសារគ្រីស្តសាសនិក យុវជន Nguyen Huy Thinh (និស្សិតឆ្នាំទី១ មហាវិទ្យាល័យ Vinh) នៅភូមិ Truong Son ឃុំ Nghi Truong មានភាពមមាញឹក និងភាពកក់ក្តៅសប្បាយណាស់ ព្រោះមានអ្នកជិតខាង និងថ្នាក់ដឹកនាំភូមិឃុំមកសួរសុខទុក្ខ លើកទឹកចិត្ត និងអបអរសាទរ Thinh ក្នុងការចូលបម្រើកងទ័ព។ មនុស្សគ្រប់គ្នាផ្តល់ឱ្យប្អូន Thinh នូវក្តីស្រឡាញ់ និងការកោតសរសើរចំពោះស្មារតីបម្រើជាតិរបស់ប្អូន។

នេះគ្រាន់តែជាយុវជនពីរនាក់ក្នុងចំនោមយុវជនជាច្រើននិយាយរួម និងយុវជននៅតំបន់ព្រះសហគមន៍គ្រីស្តសាសនានៃស្រុក Nghi Loc និយាយដោយឡែកដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព។ លោកវរសេនីយ៍ឯកបំរុង Nguyen Thanh Tung មេបញ្ជាការបញ្ជាការដ្ឋានយោធាស្រុក Nghi Loc បានឲ្យដឹងថា៖ “Nghi Loc ជាស្រុកឆ្នេរសមុទ្រនៃខេត្ត Nghe An ដែលមានអ្នកកាន់សាសនាគ្រីស្តយ៉ាងច្រើន។ ការដាក់ពង្រាយការជ្រើសរើសកងទ័ពនៅឆ្នាំ២០២៣ ថ្វីត្បិតតែមានគោលដៅធំ គុណភាពកាន់តែមានតម្រូវការខ្ពស់ក្តី  ប៉ុន្តែការងារជ្រើសរើសកងទ័ពនៅស្រុកបានប្រព្រឹត្តទៅយ៉ាងរលូន ឆាប់រហ័ស ហើយមិនត្រឹមតែសម្រេចបានតាមគោលដៅដែលបានកំណត់ប៉ណ្ណោះទេ ថែមទាំងធានាបានគុណភាពទៀតផង។

តាមរយៈការស្រាវជ្រាវយើងខ្ញុំដឹងថា ដោយប្រកាន់ខ្ជាប់នូវភារកិច្ចជ្រើសរើសកងទ័ពជាកិច្ចការនយោបាយសំខាន់ៗ បានជាស្រុក Nghi Loc តែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការដឹកនាំអាជ្ញាធរ ស្ថាប័នយោធាឃុំ ទីប្រជុំជនគ្រប់លំដាប់ថ្នាក់ ក្នុងការជ្រើសរើសកងទ័ព។ ជាពិសេសតាមរយៈការសម្របសម្រួលនៃការឃោសនា និងការចលនា រួមទាំងដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ឥស្សរជន អ្នកមុខអ្នកការសាសនា ក្រុមគ្រួសារ និងការយល់ដឹងដ៏ល្អរបស់យុវជនផ្ទាល់ ដូច្នេះបានជាឆ្នាំនេះ ស្រុក Nghi Loc មានចំនួនយុវជនកាន់សាសនាគ្រីស្តជាច្រើនបានស្ម័គ្រចិត្តចូលបម្រើកងទ័ពជាងឆ្នាំទៅ។

លោក Nguyen Van Hien ឪពុករបស់យុវជន Nguyen Van Binh ជាសាសនិកគ្រីស្ត នៅឃុំ Nghi Kieu បានចែករំលែកថា៖ “ពេលខ្ញុំបានទទួលដំណឹងថា Binh ត្រូវបានជ្រើសរើសឲ្យចូលបម្រើកងទ័ព គ្រួសាររបស់ខ្ញុំពិតជាអរណាស់។ យើងតែងតែលើកទឹកចិត្ត និងសង្ឃឹមថា កូនរបស់ខ្ញុំអាចលើកស្ទួយប្រពៃណីនៃបដិវត្តន៍មាតុភូមិ ព្យាយាមសិក្សា ហ្វឹកហាត់ និងធំធាត់រឹងមាំ ដើម្បីបម្រើឲ្យបានយូរអង្វែងក្នុងជួរកងទ័ព”។

ថ្ងៃទី ៧ ខែកុម្ភៈ យុវជនមកពីស្រុក Nghi Loc នឹងចេញដំណើរទៅបម្រើកងទ័ព។ លាហើយស្រុក Nghi Loc យើងខ្ញុំពិតជាស្ងើចសរសើរចំពោះបរិយាកាសសាទរការចូលបម្រើកងទ័ពរបស់យុវជនកាន់គ្រីស្តសាសនាស្រុក Nghi Loc ណាស់។ ពួកគេគ្រប់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារដល់ថ្ងៃនឹងត្រូវបានស្លៀកពាក់ឯកសណ្ឋានកងទ័ពដើម្បីចូលបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ ដើម្បីការពារមាតុភូមិ៕

បកប្រែដោយ Minh Trung