ជាមួយនឹងរសជាតិប្លែកៗនំស្លឹក Mugwort ត្រូវបានធ្វើឡើងសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ និងសម្រាប់ភ្ញៀវក្នុងថ្ងៃសម្រាក បុណ្យតេត និងសកម្មភាពប្រពៃណីរបស់ប្រជាជននៅទីនេះ។

ដើម្បីទទួលបាននំដ៏ឆ្ងាញ់ និងស្អាតនេះ អ្នកធ្វើនំត្រូវតែមានជំនាញខ្ពស់ ចំណាយពេលច្រើន ដែលនោះក៏ជាផលិតផលវាយតំលៃភាពប៉ិនប្រសប់របស់នារីជនជាតិ Tay ផងដែរ។ ដូច្នេះហើយ ទើបគ្រប់គ្រួសារយកចិត្តទុកដាក់បង្រៀនឱ្យកូនស្រីចេះពីរបៀបធ្វើនំនេះ ដើម្បីឲ្យពេលរៀបការ ពួកគាត់នឹងចេះធ្វើនំសែនដូនតា អញ្ជើញឪពុក ម្តាយ ញាតិមិត្ត និងភ្ញៀវជិតឆ្ងាយ។

leftcenterrightdel
នំស្លឹក Mugwort ដ៏ឆ្ងាញ់របស់ជនជាតិ Tay

ដោយបានចំណាយពេលជាច្រើនទស្សវត្សរ៍ធ្វើនំប្រភេទនេះ លោកយាយ Nong Thi Tien មកពីភូមិ Ban Moi ឃុំ Nam Cuong (ស្រុក Cho Don ខេត្ត Bac Kan) បាននិយាយថា "ដើម្បីធ្វើបាននំឆ្ងាញ់ៗនេះ អ្នកត្រូវតែជ្រើសរើសគ្រឿងផ្សំល្អៗជាមុនសិន។ វាជាប្រភេទអង្ករដំណើបដែលមានគ្រាប់ធំ និងមូល។ រីឯស្លឹក Mugwort ជ្រើសរើសស្លឹកខ្ចី ព្រោះបើស្លឹកចាស់ពេកនឹងស្វិត និងល្វីង។ ក្រៅពីនោះ ក៏ត្រូវការស្ករស ល្ងខ្មៅ ក្រមួនឃ្មុំ។ អ្វីដែលសំខាន់បំផុតនោះគឺដំណាក់កាលកែច្នៃដែលទាមទារឱ្យអ្នកធ្វើត្រូវមានបទពិសោធន៍ដើម្បីឱ្យគ្រឿងផ្សំចូលគ្នាបង្កើតជានំស្វិត មានក្លិនក្រអូប និងភ្លឺរលោង"។

នំស្លឹក Mugwort ត្រូវបានជនជាតិ Tay ចូលចិត្តមិនត្រឹមតែដោយសារមានភាពងាយស្រួលក្នុងការទទួលទានប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលល្អដល់សុខភាពទៀតផង។ នំនេះមាន ស្លឹក Mugwort ដែលជាឱសថដ៏មានប្រយោជន៍ដែលប្រជាជនប្រើប្រាស់ក្នុងការព្យាបាលការឈឺក្បាល គេងមិនលក់ ជួយស្ងប់ស្ងាត់អារម្មណ៍ និងផ្តាសាយ។

ដោយសារចេះផ្សំគ្រឿងយ៉ាងប៉ិនប្រសប់ ប្រជាជនធ្វើបាននំដ៏ឈ្ងុយឆ្ងាញ់ ពេលដែលញ៉ាំលែងមានរសជាតិល្វីងទៀតថែមទាំងមានក្លិនឈ្ងុយរបស់អង្ករដំណើប ល្ង និងស្លឹក Mugwort។ តាមទំនៀមទំលាប់ ជនជាតិ Tay ធ្វើនំក្នុងឱកាសបួងសួងឱ្យមានផលដំណាំល្អ បុណ្យអបអរសាទរស្រូវថ្មី និងស្វាគមន៍ឆ្នាំថ្មី។

មានតែផលិតផលកសិកម្មសាមញ្ញប៉ុណ្ណោះ ប៉ុន្តែតាមរយៈដៃប៉ិនប្រសប់របស់ប្រជាជន បានក្លាយជាម្ហូបប្រចាំតំបន់ដោយបង្កើតនូវអត្តសញ្ញាណពិសេសមួយនៅក្នុងវប្បធម៌ម្ហូបអាហាររបស់ជនជាតិ Tay៕

បកប្រែដោយ Minh Trung