Ha Giang ទទួលបានពានរង្វាន់ផ្ទះហូមស្ទេអាស៊ាន (Homestay ASEAN) ឆ្នាំ២០២៥
កាលពីយប់ថ្ងៃទី ២០ មករា ក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលប្រារព្ធឡើងនៅប្រទេសម៉ាឡេស៊ី ក្រុមផ្ទះហូមស្ទេ ភូមិ Tha ឃុំ Phuong Do ទីក្រុង Ha Giang ខេត្ត Ha Giang ជាអង្គភាពមួយ ក្នុងចំណោមអង្គភាពចំនួន ៥ ដែលតំណាងឱ្យប្រទេសវៀតណាមទទួលពានរង្វាន់ផ្ទះហូមស្ទេអាស៊ាន ឆ្នាំ២០២៥។
នេះគឺជាពានរង្វាន់ដ៏ថ្លៃថ្លារបស់អាស៊ាន ដែលរួមចំណែកលើកតម្កើង និងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ដែលជាឱកាសដើម្បីផ្សព្វផ្សាយម៉ាកយីហោទេសចរណ៍សហគមន៍នៃខេត្ត Ha Giang ទៅកាន់ពិភពលោក។ ទន្ទឹមនឹងនោះ លើកកំពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយទេសចរណ៍ និងអភិវឌ្ឍន៍ម៉ាកយីហោទេសចរណ៍ Ha Giang ដែលជាគោលដៅវប្បធម៌ឈានមុខគេក្នុងតំបន់អាស៊ី។
|
|
វៀតណាមមានអង្គភាពចំនួន ១៧ ដែលឈ្នះពានរង្វាន់ទេសចរណ៍អាស៊ាន (រូបថត៖ vov) |
លោកស្រី Nguyen Thi Hoai នាយិកាស្តីទីនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ខេត្ត Ha Giang បានឲ្យដឹងថា បច្ចុប្បន្ន ខេត្ត Ha Giang មានផ្ទះហូមស្ទេចំនួន ៥៦១ ខ្នង; ភូមិទេសចរណ៍សហគមន៍ចំនួន ១៦ កន្លែង ដែលត្រូវបានទទួលស្គាល់ជាភូមិទេសចរណ៍វប្បធម៌គំរូ៖ “នាបច្ចុប្បន្ន Ha Giang បានកសាងផែនទីបង្ហាញផ្លូវសម្រាប់ការវិនិយោគលើការកែលម្អ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ អភិរក្សតម្លៃវប្បធម៌ប្រពៃណី ស្ថាបត្យកម្ម លំនៅដ្ឋាន ការបង្រៀនរបរសិប្បកម្មប្រពៃណី និងបេតិកភណ្ឌវប្បធម៌អរូបីយ៍ បណ្តុះបណ្តាលធនធានមនុស្ស... ផ្តល់អាទិភាពដល់ការរួមបញ្ចូលធនធានទាំងអស់ ពីថវិកាក្នុងស្រុក កៀរគរថ្ងៃធ្វើការរបស់ប្រជាជន និងគម្រោងអភិរក្សវប្បធម៌ប្រពៃណី និងលើកកំពស់គុណភាពសេវាកម្មភូមិទេសចរណ៍វប្បធម៌ សហគមន៍ក្នុងខេត្ត Ha Giang ដល់ឆ្នាំ ២០២៥ និងប្រភពធនធានសង្គមផ្សេងៗទៀត។ សេវាកម្មហូមស្ទេនៅ Ha Giang កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង បំពេញតម្រូវការរបស់ភ្ញៀវទេសចរ។ ជាមួយនឹងកិត្តិនាមដ៏ថ្លៃថ្នូដែលខេត្ត Ha Giang ទទួលបាននោះ ខ្ញុំជឿជាក់ថា គុណភាពសេវាកម្មស្នាក់នៅទេសចរណ៍របស់ខេត្ត កាន់តែមានភាពប្រសើរឡើងៗ រួមចំណែកក្នុងការសម្រេចបាននូវគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៣,៥ លាននាក់នៅឆ្នាំនេះ”។
ក្នុងឆ្នាំ ២០២៣ ភូមិ Nam Dam (ឃុំ Quan Ba ស្រុក Quan Ba) ក៏បានទទួលពានរង្វាន់អាស៊ានក្នុងវិស័យទេសចរណ៍សហគមន៍ផងដែរ៕
តាម vovworld.vn