បារាំង និងអង់គ្លេស ស្នើបទឈប់បាញ់រយៈពេល ១ខែ នៅអ៊ុយក្រែន
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីយប់ថ្ងៃទី ២ ខែមីនា នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសបានបញ្ជាក់ថា ទីក្រុងប៉ារីស និងទីក្រុងឡុងដ៍នឹងស្នើបទឈប់បាញ់ "លើអាកាស និងលើសមុទ្រ" អូសបន្លាយរយៈពេល ១ ខែ ក្នុងប្រទេសអ៊ុយក្រែន។
ព័ត៌មាននេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំកំពូលស្តីពីអ៊ុយក្រែនដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២ មីនា នៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស)។ ប្រធានាធិបតីបារាំងក៏បានស្នើឱ្យបណ្តាប្រទេសអឺរ៉ុបបង្កើនថវិកាការពារជាតិដល់ ៣.០ - ៣.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាទិភាពរបស់សហរដ្ឋអាមេរិក។
    |
 |
ទាហានអ៊ុយក្រែនបានបាញ់រថពាសដែកមួយគ្រឿង ក្នុងការប៉ះទង្គិចជាមួយរុស្ស៊ីនៅជិតទីក្រុង Bahmut តំបន់ Donetsk (រូបថត៖ vnanet.vn) |
ក្នុងពេលនោះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឲ្យដឹងថា មេដឹកនាំអឺរ៉ុបបានយល់ព្រមបង្កើតផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ដើម្បីពិភាក្សាជាមួយសហរដ្ឋអាមេរិក។ កាយវិការនេះត្រូវបានចាត់ទុកជាជំហានដ៏សំខាន់មួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីផ្តល់ការធានាសន្តិសុខដែលក្រុងគៀវចាត់ទុកថាចាំបាច់។ នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសថា៖
“យើងកំពុងធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកលើផែនការនេះ បន្ទាប់ពីកិច្ចប្រជុំរបស់ខ្ញុំជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីសប្តាហ៍កន្លងទៅ។ គួរតែនិយាយឲ្យច្បាស់ថា យើងយល់ព្រមជាមួយលោកប្រធានាធិបតី Trump ថា ចាំបាច់ត្រូវមានសន្តិភាពយូរអង្វែង។ ឥឡូវនេះ ដល់ពេលដែលយើងត្រូវរួមគ្នាអនុវត្តន៍ហើយ”។
នាយករដ្ឋមន្ត្រីអង់គ្លេសក៏បានឲ្យដឹងថា ចក្រភពអង់គ្លេស អ៊ុយក្រែន បារាំង និងប្រទេសមួយចំនួនទៀតនឹងបង្កើត "សម្ព័ន្ធភាពនៃសុឆន្ទៈ" និងបង្កើតផែនការសន្តិភាពដើម្បីពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Donald Trump៕
តាម vovworld.vn