កិច្ចប្រជុំកំពូល G7 ត្រូវបានពន្យាពេល
    
    
    
        
            
កប.អនឡាញ - នាថ្ងៃទី៣០ ខែឧសភា លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសនឹងពន្យារពេលរៀបចំកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេលើពិភពលោក (G7) ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនា។ 
        
        
        
            
	លោក Donald Trump បញ្ជាក់ថា នឹងអញ្ជើញប្រទេសរុស្ស៊ី កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌាចូលរួមកិច្ចប្រជុំកំពូលនារដូវស្លឹកឈើជ្រុះឆ្នាំនេះដែរ។ លោកបានឲ្យដឹថា កិច្ចប្រជុំអាចប្រព្រឹត្តទៅនៅខែ កញ្ញា ខាងមុខនេះ មុនឬក្រោយកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។
	
		
			|     | 
		
			|  | 
		
			| លោកប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ AP) | 
	
	សូមរំលឹកថា លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ បញ្ជាក់ថា លោកស្រីមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនា។ នាថ្ងៃទី២៩ ខែឧសភា លោក Steffen Seibert អ្នកនាំពាក្យនៃរដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា លោកស្រី Angela Merkel បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់លោក Donald Trump។   លោកស្រី Angela Merkel មិនចូលរួមកិច្ចប្រជុំកំពូល G7 នៅអាមេរិកនោះទេ ដោយសារបារម្ភពីស្ថានភាពជំងឺ Covid-19 នៅលើពិភពលោកនាបច្ចុប្បន្ន។
	នាសប្ដាហ៍មុន លោក Donald Trump បានថ្លែងថា បានមកដល់ពេលដែលត្រូវរៀបចំកិច្ចប្រជុំ G7។ ព្រមទាំង លោកបញ្ជាក់ថា នេះនឹងជាសារមួយដែលបញ្ជាក់ឲ្យឃើញថាពិភពលោកកំពុងងើបឡើងវិញជាបណ្តើរៗទៅរកសភាពធម្មតាបន្ទាប់ពីវិបត្តិវេជ្ជសាស្ត្រនេះ៕
	បកប្រែដោយ Thuy Anh