មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសឯកអគ្គរដ្ឋទូត និងតំណាងការទូតដែលកំពុងធ្វើការនៅវៀតណាម។ ដោយបានអញ្ជើញចូលរួមពិធីបើកនិងបិទមហាសន្និបាត លោក Olivier Brochet បានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសជាយុទ្ធសាស្ត្រដែលបានអនុម័តនៅក្នុងមហាសន្និបាត ដោយចាត់ទុកវាជាមូលដ្ឋានគ្រឹះសម្រាប់បើកដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់វៀតណាម។
យោងតាមលោកឯកអគ្គរដ្ឋទូត Olivier Brochet សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបានបង្ហាញយ៉ាងច្បាស់អំពីសេចក្តីប្រាថ្នារបស់វៀតណាមសម្រាប់ការអភិវឌ្ឍ ដែលរួមចំណែកដល់ការពង្រឹងកិត្យានុភាព និងតួនាទីអន្តរជាតិកាន់តែកើនឡើងរបស់វៀតណាម ព្រមទាំងពង្រឹងបន្ថែមនូវសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងទំនាក់ទំនងវៀតណាម-បារាំង។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម បារាំងបញ្ជាក់ពីការឆន្ទះរួមដំណើរ និងគាំទ្រវៀតណាមដោយកម្មវិធីសហប្រតិបត្តិការជាក់ស្តែង ដោយផ្អែកលើទំនាក់ទំនងមិត្តភាពជាង ៥០ ឆ្នាំកន្លងមក។
លោកឯកអគ្គរដ្ឋទូត Olivier Brochet បានបន្ថែមថា បារាំងស្វាគមន៍ចំពោះគោលដៅអភិវឌ្ឍន៍របស់វៀតណាមដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងមហាសន្និបាតលើកទី១៤ រួមជាមួយនឹងការដឹកនាំយ៉ាងប្ដូរផ្ដាច់ និងស្វាហាប់។ បារាំងមានបំណងចង់រួមដំណើរជាមួយវៀតណាមក្នុងដំណាក់ការអភិវឌ្ឍថ្មី ហើយជឿជាក់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក។
លោកឯកអគ្គរដ្ឋទូតបារាំង ក៏បានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសសម្រាប់ផ្នែកការទូតវៀតណាម តួនាទីសកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមនៅក្នុងយន្តការពហុភាគី ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងពហុភាគីនិយម។ លោកបន្តថា វៀតណាមឱ្យតម្លៃខ្ពស់ចំពោះឯករាជ្យ និងស្វ័យភាពជាយុទ្ធសាស្ត្រ ជាអ្វីៗដែលលោកអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមបានសង្កត់ធ្ងន់ជាច្រើនដងនៅក្នុងសុន្ទរកថាបើកមហាសន្និបាត។ នេះគឺជាប្រទេសមួយដែលរួមចំណែកយ៉ាងសកម្មដល់ស្ថិរភាពក្នុងតំបន់ និងកំពុងអះអាងពីតួនាទីដ៏សំខាន់លើឆាកអន្តរជាតិ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងវេទិកាពហុភាគីផ្សេងទៀត៕
បកប្រែដោយ Thanh Cong
Type the code from the image