មហាសន្និបាតវិសាមញ្ញរយៈពេល ២ ថ្ងៃរបស់គណបក្សប្រជាជនកម្ពុជាធ្វើឡើងដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយ​គណបក្សពីឆ្នាំ ២០១៨-២០២៣ ការប្រមូលធាតុចូលពីតំណាងចាប់ពីថ្នាក់ស្រុកដល់ថ្នាក់កំពូលដើម្បីអនុម័តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ជាដើម។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានសម្រេចប្រកាន់ខ្ជាប់ការអនុវត្តនយោបាយការបរទេសឯករាជ្យដោយ​ផ្អែកលើច្បាប់សំដៅការពារផលប្រយោជន៍ស្នូលរបស់ជាតិ, គោរពនិយាម គោលបំណងនិងគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអាស៊ាន។

leftcenterrightdel
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា (រូបថត៖ Fresh News)

មហាសន្និបាតបញ្ជាក់ច្បាស់ការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ លើកកម្ពស់ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពប្រទូសរ៉ាយដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។

អនុវត្តយុទ្ធសាស្ត្រ "កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមា" គឺជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រទាំង ៥ ដែលដាក់ចេញដោយគណបក្សប្រជាជនកម្ពុជាសម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀតដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់។

មហាសន្និបាតក៏បានបញ្ជាក់ច្បាស់នូវគោលជំហរឥតងាករេក្នុងការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឱ្យស្ថិតស្ថេរជានិរន្តរ៍​។ ព្រមជាមួយនោះ បន្តពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើកកម្ពស់ការគោរព សិទ្ធិមនុស្សនៅកម្ពុជាដែលជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្ដាគណបក្សនយោបាយនិងគ្រប់មជ្ឈដ្ឋានផ្សេងទៀតក្នុងសង្គម ក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោត​ឱ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាពលើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។

មហាសន្និបាតនេះបានប្រារព្ធឡើងនៅវិមាន ៧ មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធាន​​គណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស រួមទាំងមន្រ្តីជាន់ខ្ពស់អ្នកមុខអ្នកការប្រមាណជាង ៣ ពាន់នាក់៕

បកប្រែដោយ Pham Diep