ឧបនាយករដ្ឋមន្ត្រីកម្ពុជា៖ AMM-55 បានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយអនុម័តលើឯកសារកិច្ចសហប្រតិបត្តិការប្រហែល ៣០
កប.អនឡាញ - នាថ្ងៃទី៦ ខែសីហា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ (AMM-55) និងកិច្ចប្រជុំពាក់ព័ន្ធបានបិទបញ្ចប់ប្រកបដោយជោគជ័យនៅរាជធានីភ្នំពេញ ដោយអនុម័តលើឯកសារកិច្ចសហប្រតិបត្តិការប្រហែល ៣០។
ថ្លែងក្នុងសន្និសីទសារព័ត៌មានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា “អាស៊ានបានពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលកន្លងមក ដើម្បីបង្កើនការកសាងសហគមន៍អាស៊ាន ជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការរបស់អាស៊ានជាមួយដៃគូខាងក្រៅ”។
    |
 |
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៖ AMM-55 បានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយអនុម័តលើឯកសារកិច្ចសហប្រតិបត្តិការប្រហែល ៣០ (រូបថត៖ AP) |
បើតាមលោក ប្រាក់ សុខុន កិច្ចប្រជុំចំនួន ១៩ ត្រូវបានធ្វើឡើងជាប់ៗគ្នា ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងតំណាងមកពីប្រទេសចំនួន ៣៨។ លោកបានសង្កត់ធ្ងន់ថា អាស៊ានបានអនុម័តលើឯកសារប្រហែល ៣០ ពីវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ រហូតដល់ទំនាក់ទំនងកិច្ចការបរទេស។
ទាក់ទងនឹងជំងឺរាតត្បាត Covid-19 លោកបានមានប្រសាសន៍ថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានលើកទឹកចិត្តឱ្យប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃឃ្លាំងស្តុកសម្ភារៈបរិក្ខារពេទ្យក្នុងតំបន់អាស៊ានសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ។ លើសពីនេះ រដ្ឋមន្ត្រីទាំងឡាយក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ គាំទ្រការងើបសេដ្ឋកិច្ចឡើងវិញ និងធ្វើឲ្យប្រសើរឡើងនូវស្ថិរភាព និងសមត្ថភាពងើបឡើងវិញរបស់តំបន់។
លើសពីនេះ បើតាមឧបនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំទាំងនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូសន្ទនា ក៏បានផ្លាស់ប្តូរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាដែរ៕
បកប្រែដោយ Thanh Cong