លើកកំពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិនៅវៀតណាម
កប.អនឡាញ - ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) នៃក្រសួងផែនការ និងវិនិយោគវៀតណាម បង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលក្នុងការធ្វើឲ្យនវានុវត្តន៍ក្លាយជាកម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករនៃកំណើនរបស់វៀតណាមក្នុងយុគសម័យថ្មី។ បន្ទាប់ពីដំណើរការក្នុងរយៈពេល ៥ ឆ្នាំ NIC បានបញ្ជាក់ពីតួនាទីស្នូលសម្រាប់នវានុវត្តន៍ ដោយមានមុខងារតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ពេញលេញសម្រាប់វៀតណាម។
សន្ទស្សន៍នវានុវត្តន៍សកលត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់
នវានុវត្តន៍គឺជាតម្រូវការ ជម្រើសជាយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលសម្រាប់ប្រទេសនានាក្នុងដំណើរការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព ហើយមិនទុកនរណាម្នាក់ចោល។ ដោយមានការដឹកនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងកិច្ចសហប្រតិបត្តិការរបស់ក្រសួង ស្ថាប័ន មូលដ្ឋាន សហគមន៍ធុរកិច្ច អ្នកវិទ្យាសាស្ត្រ និងការជួយគាំទ្រពីអង្គការ និងមិត្តភ័ក្តិអន្តរជាតិ បានធ្វើឲ្យប្រព័ន្ធនវានុវត្តន៍របស់វៀតណាមកាន់តែមានភាពល្អប្រសើរឡើង។
ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ សន្ទស្សន៍នវានុវត្តន៍សកលរបស់វៀតណាមបានកើនឡើងពីចំណាត់ថ្នាក់លេខ ៥៩ (ឆ្នាំ២០១៦) ឡើងចំណាត់ថ្នាក់លេខ ៤៦ (ឆ្នាំ២០២៣)។ កាលពីថ្ងៃទី ២៦ ខែកញ្ញា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានប្រកាសរបាយការណ៍សន្ទស្សន៍នវានុវត្តន៍សកល (Global Innovation Index 2024-GII) ឆ្នាំ២០២៤។ តាមនោះ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤៤ ក្នុងចំណោមប្រទេស និងខឿនសេដ្ឋកិច្ចចំនួន១៣៣ កើនឡើង ២ កាំ បើធៀបនឹងឆ្នាំ២០២៣។
|
|
លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ ជួបធ្វើការជាមួយប្រធាន និងជាអគ្គនាយកក្រុមហ៊ុន NVIDIA នៅ NIC (រូបថត៖ ក្រសួងផែនការ និងវិនិយោគ) |
ព្រឹត្តិការណ៍ដែលកត់សម្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍គឺការបង្កើត NIC ដោយសេចក្តីសម្រេចលេខ 1269/QD-TTg ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៩ របស់នាយករដ្ឋមន្ត្រី ក្នុងគោលបំណងជួយគាំទ្រ និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសម្រាប់ការចាប់ផ្តើមការធ្វើអាជីវកម្ម និងនវានុវត្តន៍នៅវៀតណាម រួមចំណែកក្នុងការផ្លាស់ប្ដូរថ្មីនូវទម្រង់កំណើនដោយផ្អែកលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ដោយវាយតម្លៃថា NIC បានរួមចំណែកក្នុងការលើកកំពស់តួនាទីរបស់វៀតណាមនៅលើផែនទីនវានុវត្តន៍ លោក Rafael Frankel នាយកគោលនយោបាយសាធារណៈសម្រាប់អាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Meta បានឲ្យដឹងថា Meta និងក្រសួងផែនការ និងវិនិយោគវៀតណាម មានកិច្ចសហប្រតិបត្តិការដ៏ល្អតាមរយៈ NIC។ លទ្ធផលដែល NIC សម្រេចបានក្នុងរយៈពេល ៥ ឆ្នាំកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការធ្វើនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចឌីជីថល ដោយជួយវៀតណាមស្ថិតក្នុងបញ្ជីបណ្តាប្រទេសឌីជីថលប្រកបដោយស្វាហាប់ និងនវានុវត្តន៍ក្នុងតំបន់។
ក្រឡេកទៅមើលដំណើរអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំរបស់ NIC លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃប្រតិបត្តិការ មជ្ឈមណ្ឌលបានបញ្ជាក់ពីតួនាទីជាស្នូលរបស់ខ្លួនក្នុងការធ្វើនវានុវត្តន៍ ដោយមានមុខងារតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍សម្រាប់វៀតណាម។ លទ្ធផលរបស់មជ្ឈមណ្ឌលត្រូវបានបង្ហាញក្នុងវិស័យជាច្រើនដូចជា៖ កសាងមូលដ្ឋានគ្រឹះប្រតិបត្តិការ; បង្កើតយន្តការ និងគោលនយោបាយអនុគ្រោះសម្រាប់នវានុវត្តន៍ អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាមដោយមានការចូលរួមពីអង្គភាពទាំងអស់; គាំទ្រអាជីវកម្មក្នុងការទទួលបានធនធាន; ចូលរួមអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅវៀតណាម។
បេសកកម្មរបស់ NIC គឺក្លាយជាកម្លាំងជំរុញនវានុវត្តន៍
នាពេលកន្លងមកនេះ NIC បានត្រៀមរៀបចំដើម្បីទទួលស្វាគមន៍ និងសហប្រតិបត្តិការជាមួយធុរកិច្ច និងអ្នកវិនិយោគក្នុងប្រទេសនិងបរទេសលើវិស័យបច្ចេកវិទ្យា។ NIC បានក្លាយជាកន្លែងធំបំផុតសម្រាប់ការធ្វើនវានុវត្តន៍ក្នុងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ NIC ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងគោលនយោបាយ និងបង្កើតច្បាប់សម្រាប់ជួយគាំទ្រ និងអភិវឌ្ឍប្រកបដោយនិរន្តរភាពនូវប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ។
ចំណុចលេចធ្លោមួយរបស់ NIC គឺការបញ្ជាក់ពីតួនាទីជាស្ពានដ៏សំខាន់រវាងវៀតណាម និងដៃគូអន្តរជាតិ។ NIC បានរៀបចំសកម្មភាពល្បីៗ ជាច្រើនដូចជាការតភ្ជាប់អង្គការ និងមូលនិធិវិនិយោគនៅវេទិកាមូលនិធិវិនិយោគសម្រាប់ចាប់ផ្ដើមការធ្វើអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់វៀតណាមជិត២០០ ដំណើរការបណ្តាញនវានុវត្តន៍វៀតណាមក្រោមការចូលរួមរបស់អ្នកជំនាញជាង ២,០០០ នាក់នៃប្រទេសចំនួន២០ ហើយបង្កើត និងឧបត្ថម្ភបណ្តាញមជ្ឈមណ្ឌលនវានុវត្តន៍នៅសាកលវិទ្យាល័យ ដោយមានសមាជិកជិត ៦០ មកពីសាកលវិទ្យាល័យឈានមុខក្នុងប្រទេសវៀតណាម... វត្តមានរបស់សាជីវកម្ម និងធុរកិច្ចអន្តរជាតិឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាដូចជា Google, Siemens, Samsung, Cadence, Synopsis, Qorvo... បានជួយធុរកិច្ចវៀតណាមមិនត្រឹមតែជ្រៀតចូលទីផ្សារសកលប៉ុណ្ណោះទេ ថែមទាំងទទួលយកបានបច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោក Vu Quoc Huy នាយក NIC បានចែករំលែកថា បន្ទាប់ពីដំណើរការរយៈពេល ៥ ឆ្នាំ NIC បន្តមានដំណោះស្រាយ ដើម្បីជួយគាំទ្រសហគមន៍ធុរកិច្ចនវានុវត្តន៍។ ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានបច្ចេកវិទ្យា NIC នឹងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច វិទ្យាស្ថាន សាលារៀន និងស្ថាប័នស្រាវជ្រាវ ហើយមានយន្តការ និងគោលនយោបាយជាក់លាក់ដើម្បីទាក់ទាញអ្នកជំនាញអន្តរជាតិ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនាញមកធ្វើការនៅវៀតណាម អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន...៕
បកប្រែដោយ Thuy Anh