ធនាគារពិភពលោក (WB) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំនេះទំនងជានឹងឈានដល់ ៦.១% ខ្ពស់ជាងការព្យាករណ៍ ៥.៥% ដែលបានធ្វើឡើងកាលពីខែមេសា។ WB បានវាយតម្លៃខ្ពស់ចំពោះលទ្ធភាពបន្សាំខ្លួនរបស់ខឿនសេដ្ឋកិច្ចវៀតណាមក្នុងបរិបទនៃបញ្ហាប្រឈមកំពុងកើងឡើងនៅទូទាំងពិភពលោក។ យោងតាម WB អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៤ ត្រូវបានគេព្យាករណ៍ថានឹងខ្ពស់ជាងអាស្រ័យដោយកំណើននៃការនាំចេញ សញ្ញានៃការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ និងការកើនឡើងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុកនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

leftcenterrightdel
ជ្រុងមួយនៃទីក្រុងហាណូយ

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់ការព្យាករណ៍ចុងក្រោយរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចវៀតណាមគ្រោងនឹងកើនឡើង ៦.៣% ក្នុងឆ្នាំ ២០២៤ និងកើនឡើង ៦.៥% នៅឆ្នាំ ២០២៥។ អត្រាកំណើនសេដ្ឋកិច្ច ៦.៣% នៅក្នុងការព្យាករណ៍ចុងក្រោយគឺខ្ពស់ជាងកម្រិត ៦% ដែល AMRO បានចេញផ្សាយនៅក្នុងខែមេសាឆ្នាំនេះ។ នេះក៏ជាអត្រាកំណើនខ្ពស់បំផុតក្នុងចំណោមប្រទេសអាស៊ានក្នុងឆ្នាំ ២០២៤។ លោក Hoe Ee Khor ប្រធានសេដ្ឋវិទូរបស់ AMRO បានអត្ថាធិប្បាយថា៖ “នេះនឹងជាឆ្នាំមានកំណើនខ្លាំងសម្រាប់វៀតណាម។ ប្រទេសនេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចបើកចំហបំផុត ហើយទទួលបានអត្ថប្រយោជន៍ច្រើនពីពាណិជ្ជកម្ម”។ នៅក្នុងរបាយការណ៍ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ មានកម្រិត ៦% និង ៦.២% រៀងគ្នា។

គេហទំព័រ fulcrum.sg របស់សិង្ហបុរី ដែលមានឯកទេសក្នុងការវិភាគអាស៊ីអាគ្នេយ៍ មានអត្ថបទមួយដែលបញ្ជាក់ថា វៀតណាមគឺជារឿងជោគជ័យបំផុតមួយនៃការផ្លាស់ប្តូរសេដ្ឋកិច្ចនៅអាស៊ី។ ក្នុងរយៈពេលបីទស្សវត្សរ៍ វៀតណាមបានក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្ម និងសេវាកម្មដ៏ស្វាហាប ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ បុព្វហេតុផ្លាស់ថ្មីដែលបានផ្តួចផ្តើមនៅឆ្នាំ ១៩៨៦ បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរនេះ។ ការពង្រីកពាណិជ្ជកម្ម និងវិនិយោគបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាមយ៉ាងឆាប់រហ័ស ដោយហេតុនោះធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជន។ ដើម្បីជំរុញកំណែទម្រង់ដែលមានបញ្ហាប្រឈមបន្ថែមទៀត វៀតណាមបានអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី និងពហុភាគី។ មកទល់បច្ចុប្បន្ននេះ វៀតណាមមាន FTA សរុបចំនួន ១៥ ដែលជាធរមាន។

យោងតាមគេហទំព័រ Fibre2fashion.com ធនាគារ United Overseas Bank (UOB) របស់សិង្ហបុរី បានចាត់ទុកថា វិនិយោគិនបរទេសភាគច្រើនមានទំនុកចិត្តលើចក្ខុវិស័យសេដ្ឋកិច្ចវិជ្ជមានរបស់វៀតណាមក្នុងរយៈពេលវែង។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ដែលបានចុះបញ្ជីនៅវៀតណាមក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ឈានដល់ជិត ១៥.២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣.១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ផ្លាស់ប្តូរជាមួយកាសែត The Star លោក José Viñals ប្រធានសាជីវកម្ម Standard Chartered (អង់គ្លេស) បានអត្ថាធិប្បាយថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងដំណើរការល្អប្រសើរនៅឆ្នាំនេះ និងសម្រេចបាននូវអត្រាកំណើន ៦% ក្នុងឆមាសទីពីរនៃឆ្នាំនេះ បង្កើនអត្រាកំណើនសរុបសម្រាប់ឆ្នាំទាំងមូលកើនឡើងដល់ ៦%។ លោក José Viñals បញ្ជាក់ថា “បើប្រៀបធៀបទៅនឹងខឿនសេដ្ឋកិច្ចផ្សេងទៀត អត្រាកំណើន ៦% គឺពិតជាគួរឲ្យចាប់អារម្មណ៍ ខ្ពស់ជាងជិតពីរដងនៃអត្រាសកល និងខ្ពស់ជាងទីផ្សារដែលកំពុងរីកចម្រើន។ ប្រការនេះបានជួយឲ្យវៀតណាមស្ថិតក្នុងបញ្ជីប្រទេសដែលមានកំណើនសេដ្ឋកិច្ចឈានមុខគេនៅលើពិភពលោក”៕

បកប្រែដោយ Huyen Trang