គណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំដែលរួមមានតំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការ និងវិនិយោគ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien និងអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Quoc Khanh។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃបណ្តាប្រទេសអាស៊ាន និងដៃគូនានា បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោក​នាពេលថ្មីៗនេះ ការព្យាករណ៍​សេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០២២ និងការចំណាយពេលវេលាចែករំលែកព័ត៌មាន និងធ្វើបច្ចុប្បន្នភាពថ្មីៗអំពីការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ របស់ប្រទេសរៀងៗខ្លួន និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅក្នុងតំបន់ដើម្បីលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយពីជំងឺរាតត្បាត។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien (រូបថត៖ vnanet.vn)

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-ចិន (១៩៩១-២០២១) រដ្ឋមន្ត្រីទាំងអស់បានស្វាគមន៍សេចក្តីថ្លែងការណ៍រួមរបស់បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងចិនស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាសកម្មភាពផ្សេងៗទៀតដើម្បីអបអរសាទរខួបលើកទី ៣០ នៃទំនាក់ទំនងអាស៊ាន-ចិន។ រដ្ឋមន្រ្តីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលអាស៊ាន និងចិនសម្រេចបានក្នុងកំឡុងពេលបង្កើត និងអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ហើយសង្ឃឹមថា អាស៊ាន និងចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតនាពេលខាងមុខ ជាពិសេសផ្តោតលើការដំឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន តាមទិសដៅជួយស្រួលដល់វិស័យពាណិជ្ជកម្មបន្ថែមទៀត និងបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ដើម្បីជម្នះផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃជំងឺកូវីដ ១៩។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-កូរ៉េខាងត្បូង ប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃជំងឺកូវីដ-១៩ លើសេដ្ឋកិច្ចតំបន់ និងពិភពលោក​ រដ្ឋមន្ត្រីទាំងឡាយបានសង្កត់ធ្ងន់ថា ការរក្សា ការបើកទីផ្សារពាណិជ្ជកម្ម ការវិនិយោគ និងការធានាការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ គឺជាគន្លឹះសម្រាប់ជំនះបញ្ហាប្រឈមដែលបង្កឡើងដោយកូវីដ ១៩ អាស្រ័យលើមូលដ្ឋាននោះ កិច្ចប្រជុំបានពិភាក្សាអំពីទិសដៅនៃការចរចាដើម្បីដំឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - កូរ៉េខាងត្បូង។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ស្វីស រដ្ឋមន្ត្រីទាំងអស់បានស្វាគមន៍ចំពោះលទ្ធផលនៃសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងស្វីសក្នុងរយៈពេលកន្លងមក ទោះបីប្រឈមមុខនឹងបញ្ហាជាច្រើននៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ។ រដ្ឋមន្រ្តីទាំងអស់បានអំពាវនាវឱ្យមានសាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរវាងភាគីទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាត ដោយធានានូវការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ បន្តការអនុវត្តគោលនយោបាយសេដ្ឋកិច្ចបើកចំហ និងមានតម្លាភាព ដោយផ្អែកលើប្រព័ន្ធពាណិជ្ជកម្មពហុភាគីរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី (រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង) រដ្ឋមន្រ្តីទាំងអស់បានទទួលស្គាល់និងស្វាគមន៍ចំពោះវឌ្ឍភាពដែលសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពអាស៊ានបូកបីស្តីពីការកាត់បន្ថយផលប៉ះពាល់នៃសេដ្ឋកិច្ចដោយជំងឺរាតត្បាតកូវីដ១៩ ដោយ​ផ្អែកលើការអនុវត្តសកម្មភាពនានាដើម្បីធានាការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនសមត្ថភាពស្តារសេដ្ឋកិច្ចឡើងវិញនៃតំបន់។

រដ្ឋមន្រ្តីទាំងអស់បានអនុម័តលើកម្មវិធីការងារស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់ដំណាក់កាល ២០២១-២០២២ និងលើកទឹកចិត្តបណ្តាប្រទេសនានាឱ្យបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីកែលម្អនូវលំហូរពាណិជ្ជកម្ម និងការវិនិយោគ ជួយគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ឆ្ពោះទៅរកការផ្លាស់ប្តូរឌីជីថល ការជួយសម្រួលវិស័យពាណិជ្ជកម្ម  និងការតភ្ជាប់ខ្សែសង្វាក់ផ្តត់ផ្គង់៕

បកប្រែដោយ Duy Hoan