នៅរសៀលថ្ងៃទី ៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ លោក To Lam អគ្គលេខាបក្ស បានជួបជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ។ លោកអគ្គលេខាបក្ស បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចំពោះទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដែលជាការបំផុសគំនិតសម្រាប់មនុស្សជំនាន់ក្រោយក្នុងការរក្សា និងលើកកម្ពស់ចំណងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សជួបជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា

លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជាលើកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសារវៀតណាមទើបនឹងបានរៀបចំមហាសន្និបាត លើកទី ១៥ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបានកំណត់ចក្ខុវិស័យយុទ្ធសាស្ត្រថ្មីមួយ។

ចំណែក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមនឹងសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនដោយជោគជ័យ។

នៅរសៀលនេះផងដែរ លោក To Lam អគ្គលេខាបក្ស និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “បញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម”។ ទីកន្លែងនេះធ្លាប់ត្រូវបានប្រើប្រាស់ជាមូលដ្ឋានភស្តុភារសម្រាប់កងទ័ពស្ម័គ្រចិត្តវៀតណាមបន្ទាប់ពីបានរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយក្រោយមកត្រូវបានប្តូរទៅជាសាលារៀនរហូតមកដល់សព្វថ្ងៃនេះ។

ដោយមានការជួយគាំទ្រពីវៀតណាម សាលារៀននេះនឹងត្រូវបានជួសជុល និងសាងសង់ឲ្យបានទំនើបជាងនេះដើម្បីបំពេញតម្រូវការអប់រំដែលកំពុងកើនឡើង។ តាមគម្រោង សាលាមិត្តភាព កម្ពុជា-វៀតណាមនឹងបញ្ចប់ក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីពិធីបញ្ចុះបឋមសិលាសាងសង់៕

បកប្រែដោយ Duy Hoan