leftcenterrightdel
ប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម បាន និងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា

ដោយឆ្លុះបញ្ចាំងពីនិន្នាការនាគ្រានោះ ការបង្កើត CLV-DTA បានកើតចេញពីបំណងប្រាថ្នារួមក្នុងការលើកកម្ពស់តំបន់និយមដែលបើកចំហ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងសហគមន៍អាស៊ាន។

ដើម្បីលើកកម្ពស់វិបុលភាពរួម និងខិតខំនាំប្រទេសនានាឱ្យមានសមភាពសេដ្ឋកិច្ចជាមួយដៃគូអាស៊ាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បាននិងកំពុងអនុវត្តក្របខ័ណ្ឌតំបន់ផ្សេងៗគ្នាជាច្រើន ឧទាហរណ៍ដូចជា កិច្ចប្រជុំកំពូល CLMV និងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI)។

អាចនិយាយបានថា CLV-DTA បន្តដើរតួនាទីមិនអាចខ្វះបានក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងចំណោមសមាជិកអាស៊ាន។ ការតភ្ជាប់ឆ្លងកាត់ព្រំដែនមិនមែនគ្រាន់តែជាការកសាងផ្លូវប៉ុណ្ណោះទេ វាក៏ជាការលើកកម្ពស់កំណើន និងបង្កើនឱកាសតាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ផងដែរ។ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ CLV-DTA មានសក្តានុពលក្នុងការនាំយកឱកាសសេដ្ឋកិច្ចកាន់តែច្រើនដល់ប្រជាជនក្នុងតំបន់ ដែលអនុញ្ញាតឱ្យពួកគេចូលរួម និងទទួលបានផលប្រយោជន៍ពីសេដ្ឋកិច្ចជាតិ និងតំបន់។

យ៉ាងណាក៏ដោយ ក្រៅពីការអភិវឌ្ឍន៍សេដ្ឋកិច្ច តំបន់ព្រំដែនរួមក៏ប្រឈមមុខនឹងបញ្ហាសំខាន់ៗទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។ ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន បញ្ហាប្រឈមសន្តិសុខតាមព្រំដែនទាមទារឲ្យមានកិច្ចសហប្រតិបត្តិការហួសពីព្រំដែនជាតិ។ តាមរយៈការចែករំលែកព័ត៌មាន ការសម្របសម្រួលព្រំដែនរួមគ្នា និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម CLV-DTA ផ្តល់នូវក្របខ័ណ្ឌជាក់ស្តែងមួយដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់នេះ។ តាមរយៈការពង្រឹងសន្តិសុខតាមព្រំដែន ប្រទេសនានានឹងការពារផលប្រយោជន៍សេដ្ឋកិច្ចដែលពួកគេកំពុងព្យាយាមសម្រេចបាន។

លើសពីនេះ នៅពេលដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែជាក់ស្តែង តំបន់ព្រំដែនក្នុងប្រទេសទាំងបីនេះងាយទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីគ្រោះធម្មជាតិ ដូចជាទឹកជំនន់ ការរអិលបាក់ដី និងគ្រោះរាំងស្ងួតជាដើម។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា ឡាវ និងវៀតណាម ក្នុងការឆ្លើយតបគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ មានសក្តានុពលក្នុងការជួយសង្គ្រោះជីវិត ការពារជីវភាព និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃគ្រោះមហន្តរាយទាំងនេះ។ ការរួមបញ្ចូលធនធាន ការចែករំលែកចំណេះដឹង និងការសម្របសម្រួលក្នុងការឆ្លើយតប អាចធានាបាននូវកិច្ចខិតខំប្រឹងប្រែងសង្គ្រោះកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពជាងមុន នៅពេលគ្រោះមហន្តរាយកើតឡើង ជាពិសេសគឺការគាំទ្រដល់ភាពសមត្ថភាពស្តាឡើងវិញនៃសហគមន៍។

កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីត្រូវបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងគោលការណ៍នៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក។ ដោយការប្រកាន់ខ្ជាប់នូវតម្លៃដឹកនាំដែលបានដាក់ចេញនោះ ដៃគូ CLV-DTA អាចពង្រឹងទំនាក់ទំនង និងឆ្ពោះទៅរកភាពរុងរឿងរួមគ្នា។ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនេះអនុញ្ញាតឱ្យប្រទេសទាំងបីអាចដោះស្រាយបញ្ហាប្រឈមរួមគ្នា ទន្ទឹមនឹងការលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសនីមួយៗតាមរបៀបដែលផ្តល់ផលប្រយោជន៍ល្អបំផុតសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ...

តាមទស្សនៈអ្នកជំនាញ CLV-DTA គឺជាឧទាហរណ៍មួយអំពីរបៀបដែលកិច្ចសហប្រតិបត្តិការក្នុងតំបន់អាចលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងសន្តិសុខ។ តាមរយៈការបង្រួមគម្លាតនៃការអភិវឌ្ឍន៍ ការពង្រឹងការតភ្ជាប់ ការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន និងការកែលម្អការឆ្លើយតបនឹងគ្រោះមហន្តរាយ ប្រទេសទាំងបីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្ហាញឱ្យឃើញថា សេចក្តីប្រាថ្នា និងផលប្រយោជន៍រួមគឺគន្លឹះនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ខណៈដែលប្រទេសទាំងបីបន្តកិច្ចសហប្រតិបត្តិការ CLV-DTA នឹងមិនត្រឹមតែពង្រឹងទំនាក់ទំនងរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់តំបន់អាស៊ានកាន់តែស្អិតរមួត និងវិបុលភាពថែមទៀត៕

បកប្រែដោយ Duy Hoan