លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបធ្វើការជាមួយអគ្គសេនាធិការដ្ឋាន
កប.អនឡាញ - នារសៀលថ្ងៃទី ៨ កុម្ភៈ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយអគ្គសេនាធិការដ្ឋានស្ដីពីលទ្ធផលការងារឆ្នាំ២០២១ និងការអនុវត្តកិច្ចការយោធាការពារជាតិសំខាន់ៗក្នុងឆ្នាំ២០២២។
អាស្រ័យលើមូលដ្ឋាននៃរបាយការណ៍ និងមតិរបស់ប្រតិភូទាំងឡាយ លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ និងបញ្ជាក់លើលទ្ធផលនានាដែលអគ្គសេនាធិការដ្ឋានសម្រេចបាននាឆ្នាំ២០២១ ជាពិសេសក្នុងការដឹកនាំកងទ័ពទាំងមូលរក្សាយ៉ាងតឹងរឹងនូវការត្រៀមប្រយុទ្ធ កែលម្អរគុណភាពនៃការហ្វឹកហ្វឺន ការគោរពវិន័យ និងការកសាងកងទ័ពឲ្យមានរបៀបរៀបរយ។ លោករដ្ឋមន្ត្រីបានទទួលស្គាល់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលអគ្គសេនាធិការដ្ឋានសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។
|
|
លោករដ្ឋមន្ត្រី Phan Van Giang ថ្លែងក្នុងជំនួប |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យអគ្គសេនាធិការដ្ឋានបន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះសកម្មភាពត្រួតពិនិត្យតាមកាលកំណត់ និងបន្ទាន់ ក្តាប់ជាប់ស្ថានភាព និងលទ្ធផលនៃការអនុវត្តភារកិច្ចរបស់បណ្តាអង្គភាព ដើម្បីចាត់វិធានការជំរុញ និងណែនាំបានទាន់ពេលវេលា; បន្តដឹកនាំការផ្លាស់ប្តូរថ្មី និងកែលម្អគុណភាពនៃការហ្វឹកហ្វឺន ការធ្វើសមយុទ្ធ ការប្រកួតកីឡារបស់កងទ័ពទាំងមូល ធានាបាននូវគុណភាព និងសុវត្ថិភាព ដែលក្នុងនោះផ្តោតលើការលើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺនសម្រាប់ក្រុមដែលចូលរួមការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ២០២២។ បន្តដឹកនាំអគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ ដើម្បីជំរុញការស្រាវជ្រាវ ការផលិត និងការធានាអាវុធ និងឧបករណ៍បច្ចេកទេសសម្រាប់កងទ័ពទាំងមូល; យកចិត្តទុកដាក់លើការកែលម្អគុណភាពកសាងកងទ័ពឲ្យមានរបៀបរៀបរយ គោរពវិន័យ; ដឹកនាំការកសាងអង្គភាពឲ្យបានរឹងមាំលើគ្រប់ជ្រុងជ្រោយនៅក្នុងកងទ័ពទាំងមូល ដោយភ្ជាប់ជាមួយនឹងការកសាងអង្គការបក្សស្អាតស្អំ និងរឹងមាំនៅគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជនរឹងមាំ។
ទន្ទឹមនឹងការតម្រូវឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់វិធានការសម្រាប់ពង្រីកកម្លាំងទាំងមូល ហើយកៀរគរធនធានប្រកបដោយប្រសិទ្ធភាពដើម្បីកសាង និងពង្រឹងខឿនការពារជាតិដោយប្រជាជនទាំងមូល រួមទាំងការការពារទប់ទល់នៅតំបន់យោធភូមិភាគ និងការកសាងតំបន់ការពារទប់ទល់នៅគ្រប់លំដាប់ថ្នាក់ លោករដ្ឋមន្ត្រី Phan Van Giang ក៏ចង់ឲ្យអគ្គសេនាធិការដ្ឋានបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការកសាង ការហ្វឹកហ្វឺន និងប្រតិបត្តិការរបស់កងសេនាជន។ ទន្ទឹមនឹងនោះ ត្រូវរៀបចំផែនការ កងកម្លាំង និងមធ្យោបាយ ដើម្បីត្រៀមដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងការជួយសង្គ្រោះ។ល៕
បកប្រែដោយ Duy Hoan