មានអនុសាសន៍ក្នុងអង្គសន្និបាត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្ខេបឡើងវិញអំពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសក្នុងឆមាសទី១ ឆ្នាំ ២០២០ ដែលក្នុងនោះមានទាំងជោគជ័យជាជំហានដំបូងក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ជាការពិតណាស់ដើម្បីសម្រេចបានលទ្ធផលល្អទាំងនេះក៏មានការចូលរួមចំណែកដ៏សំខាន់ពីសំណាក់កងទ័ពប្រជាជនវៀតណាមផងដែរ។

leftcenterrightdel
សន្និបាតយោធានយោបាយនៃកងទ័ពទាំងមូលឆមាសទី១ ឆ្នាំ ២០២០

 

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាក្នុងរយៈពេលខាងមុខនេះ បុព្វហេតុនៃការកសាង និងការពារមាតុភូមិនឹងមានទាំងកាលានុវត្តភាពដ៏ធំធេងប៉ុន្តែក៏ប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនផងដែរ ជាពិសេសគឺកិច្ចការការពារអធិបតេយ្យភាពលើកោះ សមុទ្រ សន្តិសុខមិនមែនប្រពៃណី ឧបាយកល កលល្បិច ការឃុបឃិត ការប្រឆាំងរបស់ពួកជនអគតិ ពួកប្រតិកិរិយា កម្លាំងអរិភាព ... ដោយប្រឈមមុខនឹងស្ថានភាពបែបនេះ បានជាកម្មាភិបាល យុទ្ធជន និងនាយទាហានគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់នូវប្រពៃណីស្នេហាជាតិ ប្រវត្តិសាស្រ្តបដិវត្តន៍  និងស្មារតីសាមគ្គីភាពជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី ការពារបក្ស រដ្ឋ ប្រជាជន និងរបបសង្គមនិយម។

លោកនាយករដ្ឋមន្រ្តីជឿជាក់ថា នាយទាហាននិងពលទាហាននៃកងទ័ពប្រជាជនវៀតណាមនឹងបន្តសម្រេចឲ្យបាននូវសមិទ្ធិផល​លេចធ្លោជាច្រើនបន្ថែមទៀតដើម្បីស័ក្តសមនឹងការទុកចិត្ត និងការស្រឡាញ់ពីបក្ស រដ្ឋ និងប្រជាជន។

ថ្លែងនៅចុងបញ្ចប់នៃសន្និបាត លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានស្នើឲ្យគ្រប់ស្ថាប័ន និងអង្គភាពកងទ័ពទាំងអស់ត្រូវតែយល់ជ្រាប និងដាក់បញ្ចូលអនុសាសន៍ណែនាំរបស់នាយករដ្ឋមន្រ្តីចូលក្នុងផែនការ កម្មវិធីការងារដើម្បីអនុវត្តភារកិច្ចការពារជាតិឆ្នាំ ២០២០ របស់ក្រសួង ក៏ដូចជារបស់ទីភ្នាក់ងារនិងអង្គភាពនីមួយៗបានមានប្រសិទ្ធភាពបំផុតដែរ។

លោករដ្ឋមន្រ្តី Ngo Xuan Lich ក៏បានសង្កត់ធ្ងន់ទៀតថា បញ្ហាសំខាន់ៗគឺត្រូវតែកសាងកងទ័ពឲ្យរឹងមាំខាងនយោបាយ ដើម្បីធ្វើជាមូលដ្ឋានពង្រឹងគុណភាព និងកម្លាំងប្រយុទ្ធសរុបទាំងមូល។ ដូច្នេះនាពេលខាងមុខនេះ កងទ័ពទាំងមូលត្រូវតែអនុវត្តឱ្យកាន់តែល្អប្រសើរជាងនេះទៅទៀតនូវការកសាងភាពអង់អាចក្លាហាន ជំហរ ទស្សនៈ និងឆន្ទៈប្រយុទ្ធមោះមុតសម្រាប់កងទ័ព។ ដោយមានសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ៗ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសជឿជាក់ថា កងទ័ពទាំងមូលនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញបេសកកម្មរបស់ខ្លួនទាំងអស់ប្រកបដោយជោគជ័យ៕

បកប្រែដោយ Minh Trung