ក្នុងជំនួបនេះ លោក Pham Minh Chinh ថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីឡាវ ដែលបានទទួលយកការអញ្ជើញចូលរួម និងថ្លែងមតិនៅវេទិកាអនាគតអាស៊ាន។

ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពវាយតម្លៃលើទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ដែលកំពុងបន្តអភិវឌ្ឍយ៉ាងល្អប្រសើរ រឹងមាំ និងមានប្រសិទ្ធភាពលើគ្រប់វិស័យនាពេលថ្មីៗនេះ។ ទំនាក់ទំនងនយោបាយត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរក្នុងទិសដៅបង្កើនការជឿទុកចិត្ត និងការភ្ជាប់ទំនាក់ទំនង តាមរយៈភាគីទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់ កិច្ចប្រជុំជាន់ខ្ពស់ និងទំនាក់ទំនងគ្រប់កម្រិត។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ បន្តជាសសរស្តម្ភសំខាន់កាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព រួមចំណែកធានាការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ។

leftcenterrightdel
លោក Pham Minh Chinh ជួបពិភាក្សាការងារជាមួយលោក Sonexay Siphandone

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្តត្រូវបានលើកកម្ពស់ និងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ ពាណិជ្ជកម្មទ្វេភាគីក្នុងត្រីមាសទីមួយឆ្នាំ ២០២៤ សម្រេចបាន ៤៧៦.៨ លានដុល្លារអាមេរិក កើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ វៀតណាមបច្ចុប្បន្នមានគម្រោងវិនិយោគចំនួន ២៤៥ នៅប្រទេសឡាវ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥.៥ ពាន់លានដុល្លារអាមេរិក ដោយបន្តរក្សាចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមប្រទេស/ដែនដី ដែលវិនិយោគនៅប្រទេសឡាវ។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន... បន្តត្រូវបានលើកកម្ពស់ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព។

ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសក្នុងស្ថាប័នហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ និងទេសចរណ៍។ ភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ តាមស្មារតីពឹងផ្អែកលើខ្លួនឯង ភ្ជាប់ជាមួយការធ្វើសមាហរណកម្មអន្តរជាតិសកម្ម ស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការមហាអនុតំបន់ទន្លេមេគង្គ។ លោក Pham Minh Chinh បានអះអាងថា វៀតណាមនឹងបន្តគាំទ្រ និងជួយឡាវ ដើម្បីទទួលជោគជ័យនូវការទទួលខុសត្រូវអន្តរជាតិក្នុងឆ្នាំ ២០២៤ រួមទាំងតួនាទីជាប្រធានអាស៊ានផងដែរ៕

បកប្រែដោយ Minh Trung