លោក Pham Minh Chinh បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ មនោសញ្ចេតនា និងការរួមចំណែករបស់ Tony Blair ចំពោះទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងអាណត្តិកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស (១៩៩៧-២០០៧) ក៏ដូចជាក្នុងដំណាក់កាលបច្ចុប្បន្ន។ លោក Pham Minh Chinh សង្ឃឹមថា លោក Tony Blair នឹងបន្តរួមចំណែកជំរុញទំនាក់ទំនងវៀតណាម - អង់គ្លេស ឱ្យអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។ លោក Pham Minh Chinh អបអរសាទរចក្រភពអង់គ្លេសដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ លោក Pham Minh Chinh បានអះអាងនូវការគាំទ្រ និងឆន្ទៈរបស់វៀតណាមក្នុងការសម្របសម្រួលយ៉ាងសកម្មជាមួយចក្រភពអង់គ្លេស ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ CPTPP។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI)

លោក Tony Blair បានសម្តែងនូវក្តីស្រឡាញ់ពិសេស និងការរំពឹងទុកដ៏ធំធេងចំពោះសក្តានុពលអភិវឌ្ឍន៍របស់វៀតណាម។ លោកបានសម្តែងការចាប់អារម្មណ៍ចំពោះស្មារតីច្នៃប្រឌិតរបស់រដ្ឋាភិបាលវៀតណាម។ លោក Tony Blair ឲ្យដឹងថា ភាគីអង់គ្លេសតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ហើយជឿជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តពង្រឹងបន្ថែមទៀត នាពេលខាងមុខ។

លោក Pham Minh Chinh និងលោក Tony Blair មានសេចក្តីសោមនស្សរីករាយដោយបានឃើញថា បន្ទាប់ពីជំនួបរវាងភាគីទាំងពីរក្នុងខែមីនា ឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការរវាង TBI និងស្ថាប័នមួយចំនួនរបស់វៀតណាម មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសនិន្នាការនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ បញ្ញាសិប្បនិមិត្ត ការលេចឡើងនៃគាំរពារនិយម ការប្រកួតប្រជែងជាលក្ខណៈយុទ្ធសាស្ត្រ។ លោក Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីទាញយកផលប្រយោជន៍ លើកកម្ពស់ឱកាស និងជំនះការលំបាក និងបញ្ហាប្រឈម។ អំពីទិសដៅសហប្រតិបត្តិការជាអាទិភាពមួយចំនួន លោក Pham Minh Chinh បានស្នើឱ្យ TBI ជំរុញការតភ្ជាប់រវាងវៀតណាមជាមួយដៃគូបរទេស និងសហគ្រាសចូលមកវិនិយោគនៅវៀតណាម រួមទាំងមូលនិធិវិនិយោគ និងសាជីវកម្មមកពីអឺរ៉ុប និងមជ្ឈឹមបូព៌ា ព្រមទាំងជួយវៀតណាមក្នុងការទាក់ទាញធនធានសម្រាប់កំណើនបៃតង ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI)

លោក Tony Blair បានឯកភាពតាមទស្សនៈរបស់លោក Pham Minh Chinh អំពីភាពចាំបាច់នៃការពង្រឹងសាមគ្គីភាពអន្តរជាតិ និងលើកកំពស់ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាសកល ជាពិសេសការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមជំងឺរាតត្បាត...។ លោកអះអាងថា TBI នឹងរួមដំណើរ និងគាំទ្រវៀតណាមជានិច្ច ហើយបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញ និងអនុវត្តសកម្មភាព កម្មវិធី និងគម្រោងសហប្រតិបត្តិការជាក់លាក់។

លោក Pham Minh Chinh បានឲ្យដឹងថា លោកនឹងចាត់ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធបន្តពិភាក្សា និងអនុវត្តខ្លឹមសារសហប្រតិបត្តិការជាមួយ TBI។ លោកជឿជាក់ថា ដោយមានវិធីសាស្រ្តសម្របសម្រួលយ៉ាងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងកាន់តែមានអត្ថន័យ និងប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជូនប្រជាជន ស្របតាមតម្រូវការ និងសមត្ថភាពរបស់ភាគីទាំងពីរ និងច្បាប់នៃប្រទេសទាំងពីរ វៀតណាម និងចក្រភពអង់គ្លេស៕

បកប្រែដោយ Duy Hoan