នៅជំនួប លោកឯកអគ្គរដ្ឋទូត Park Noh Wan បានសម្តែងនូវការរីករាយដែលក្នុងរយៈពេលកន្លងមកនេះ ទំនាក់ទំនង កូរ៉េខាងត្បូង - វៀតណាម ត្រូវបានបន្តពង្រឹងលើគ្រប់វិស័យ។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងសម្តែងនូវក្តីជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើន នាំឲ្យប្រទេសវៀតណាមឲ្យកាន់តែរីកចម្រើន និងរុងរឿងថែមទៀត។ លោក Park Noh Wan បានអះអាងថា ក្នុងនាមជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាម និងបណ្ដាគណបក្សនយោបាយកូរ៉េខាងត្បូងឲ្យអភិវឌ្ឍដោយឥតឈប់ឈរ។

leftcenterrightdel
លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបលោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់លោកឯកអគ្គរដ្ឋទូត Park Noh Wan នៅវៀតណាម។ លោកបានសម្តែងនូវក្តីជឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងបំពេញបេសកកម្មការទូតរបស់ខ្លួនប្រកបដោយជោគជ័យ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ វៀតណាម - កូរ៉េខាងត្បូង និងទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាម និងបណ្ដាគណបក្សនយោបាយកូរ៉េខាងត្បូង។

ទន្ទឹមនឹងនោះ លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា ក្នុងបរិបទពិភពលោក និងតំបន់កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន ជាពិសេសជំងឺរាតត្បាត Covid-19 មិនទាន់គ្រប់គ្រងបាន ភាគីទាំងពីរចាំបាច់ត្រូវបន្តសម្របសម្រួលជាមួយគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការជួយគាំទ្រ និងចែករំលែកបទពិសោធន៍ក្នុងការព្យាបាល និងការគ្រប់គ្រងជំងឺរាតត្បាត ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍនៅក្នុងស្ថានភាពថ្មី។ ភាគីទាំងពីរចាំបាច់ត្រូវចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យដូចជា ការងារបក្ស ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនដើម្បីបង្កើតមូលដ្ឋានគ្រឹះនយោបាយរឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឲ្យបានល្អ។ លោក Tran Quoc Vuong ក៏បានស្នើឲ្យភាគីកូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមនៅវេទិកាពហុភាគី តំបន់ និងអន្តរជាតិក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ សន្តិសុខ និងការគោរពច្បាប់ក្នុងទំនាក់ទំនងអន្តរជាតិ៕

បកប្រែដោយ Thanh Cong