ប្រធានសភាអ៊ឺរ៉ុបគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង EU និងវៀតណាម
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅទីក្រុងប្រ៊ុចសែល នៃប្រទេសប៊ែលហ្សិក និងទីក្រុង Strasbourg នៃប្រទេសបារាំង ក្នុងនាមជាបេសកជនពិសេសរបស់នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានជួបពិភាក្សាជាមួយប្រធានសភាអ៊ឺរ៉ុប ( EP) លោក David Sassoli។
នៅក្នុងជំនួបនេះ ប្រធាន EP លោក David Sassoli បានអះអាងថានឹងគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម ដោយសង្កត់ធ្ងន់ថា EU ចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ី - ប៉ាស៊ីហ្វិក ហើយចង់ឲ្យវៀតណាមបន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង EU និងបណ្តាប្រទេសអាស៊ាន។
    |
 |
លោកអនុរដ្ឋមន្ត្រី Bui Thanh Son ជួបជាមួយលោកប្រធានសភាអ៊ឺរ៉ុប David Sassoli (រូបថត៖ baochinhphu.vn) |
លោកប្រធាន EP បានអះអាងថា លោកនិងសមាជិកសភាជាច្រើនបានគាំទ្រការផ្តល់សច្ចាប័នរបស់ EP លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ EU - វៀតណាម (EVIPA) ហើយវាយតំលៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋសភា រដ្ឋាភិបាល និងស្ថាប័ននានារបស់វៀតណាមជាមួយ EP និងទីភ្នាក់ងារនានារបស់ EU ក្នុងការត្រៀមរៀបចំសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរនៅ EP។ លោកប្រធាន EP Sassoli បានស្នើឱ្យភាគីទាំងពីរបន្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់សហគ្រាស និងប្រជាជននៃភាគីទាំងពីរ។
លោកអនុរដ្ឋមន្រ្តី Bui Thanh Son បានអះអាងថា ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ EU ហើយវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងរវាងភាគីទាំងពីរលើវិស័យជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ (PCA) បានចូលជាធរមាន។ លោក Bui Thanh Son រំពឹងថា ថ្នាក់ដឹកនាំ និងសមាជិកសភា EP នឹងបន្តគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអ៊ឺរ៉ុបក្នុងដំណាក់កាលថ្មី ក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៩០-២០២០)។
លោកអនុរដ្ឋមន្រ្តី Bui Thanh Son ក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីដឹកនាំ និងការគាំទ្ររបស់លោកប្រធាន Sassoli ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់បណ្តាទីភ្នាក់ងារ EP ក្នុងដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA និង EVIPA ដោយស្វាគមន៍ចំពោះការដែល EP នីតិកាលថ្មីបានកំណត់ពេលវេលាសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរក្នុងពេលឆាប់ៗខាងមុខ។ លោកអនុរដ្ឋមន្រ្តី Bui Thanh Son ក៏បានជូនដំណឹងថា រដ្ឋសភាវៀតណាមនឹងពិចារណាសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីនេះក្នុងពេលឆាប់ៗ ដោយបញ្ជាក់ថា បណ្តាស្ថាប័នពាក់ព័ន្ធរបស់វៀតណាមបាន និងកំពុងបង្កើនការត្រៀមរៀបចំដើម្បីអនុវត្តការសន្យាទាំងឡាយប្រកបដោយប្រសិទ្ធភាព ជាពិសេសការសន្យាលើការអភិវឌ្ឍប្រកបដោយចីរភាព កម្លាំងពលកម្ម និង បរិស្ថាន។ ព្រមទាំងលោកក៏ស្នើឲ្យ EP និងភ្នាក់ងារនានានៃ EU បន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀងនេះនាពេលខាងមុខផងដែរ៕
បកប្រែដោយ Duy Hoan