leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និង​លោក​ជំ​ទាវ​ (រូ​ប​ថត៖ vnanet.vn)

អ្នកយកព័ត៌មាន: ក្នុងឱកាសនៃកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១០ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ នៅប្រទេសជប៉ុន សូមលោកវាយតម្លៃអំពីតួនាទីរបស់ប្រទេសជប៉ុនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់មេគង្គនាពេលកន្លងមក?

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc៖ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកំណែទម្រង់សេដ្ឋកិច្ចក្នុងស្រុក និងធ្វើសមាហរណកម្មអន្តរជាតិ ប្រទេសមេគង្គទាំងឡាយសំរេចបាននូវសមិទ្ធផលដ៏សំខាន់ជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងក្លាយទៅជាតំបន់មួយដែលមានកំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័សនៅលើពិភពលោក។ នៅក្នុងដំណើរការនេះ ការជួយគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមទាំងប្រទេសជប៉ុនពិតជាមានសារៈសំខាន់ណាស់។

កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងតំបន់មេគង្គត្រូវបានអនុវត្តតាមរយៈយន្តការទ្វេភាគី ក៏ដូចជាក្របខ័ណពហុភាគីនៅក្នុងវិស័យជាច្រើនដូចជានយោបាយ កិច្ចការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ សុខាភិបាល បរិស្ថាន និងទេសចរណ៍ជាដើម។ ប្រទេសជប៉ុនគឺជាដៃគូពាណិជ្ជកម្ម វិនិយោគផង និងជាអ្នកផ្តល់ជំនួយ ODA នាំមុខគេចំពោះប្រទេសមេគង្គផង។

ជាពិសេសក្នុងក្របខ័ណ្ឌនៃគម្រោងមេគង្គ - ជប៉ុន គម្រោងសហប្រតិបត្តិការរាប់រយគម្រោងដែលមានទឹកប្រាក់វិនិយោគសរុបរាប់សិបពាន់លានដុល្លារត្រូវបានអនុវត្តប្រកបដោយជោគជ័យ ជួយដល់ប្រទេសទន្លេមេគង្គក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាយគមន៍ ឧស្សាហកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស កែលំអរនូវបរិយាកាសធ្វើអាជីវកម្ម ការពារបរិស្ថាន ទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ។ ល។ ប្រទេសជប៉ុនបានជួយគាំទ្រយ៉ាងច្រើនដល់ការកសាង និងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចនៅផ្ទៃក្នុងនៃតំបន់មេគង្គ ដូចជាច្រករបៀងសេដ្ឋកិច្ចបូព៌ាបស្ចិម និងច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។

អ្នកយកព័ត៌មាន៖ នាពេលខាងមុខនេះ តើលោករំពឹងថាជប៉ុននឹងសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់មេគង្គយ៉ាងដូចម្តេច ក្នុងការជំរុញកំណើននៅក្នុងអនុតំបន់ទន្លេមេគង្គ ក៏ដូចជាការផ្សារភ្ជាប់គ្នារ និងការជួយគាំទ្រគ្នាវាងបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក?

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖ សក្តានុពល នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងបណ្តាប្រទេសមេគង្គ គឺពិតជាធំណស់ ហើយនៅមានវិស័យជាច្រើនទៀតដែលអាចជំរុញបន្ថែមទៀតដែរ សម្រាប់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់។ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក យើងខ្ញុំសង្សឹមថា ជប៉ុននឹងបន្តពង្រីកតួនាទីរបស់ខ្លួនដែលជាដៃគូដើម្បី"ការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់" នៅក្នុងតំបន់មេគង្គ និងបង្កើនទំនាក់ទំនងជួយគាំទ្រគ្នារទៅវិញទៅមករវាងភាពខ្លាំងរបស់ជប៉ុនក្នុងវិស័យបច្ចេកវិទ្យា និងហិរញ្ញវត្ថុ ជាមួយភាពខ្លាំងរបស់តំបន់មេគង្គគឺសន្ទុះនៃកំណើនសេដ្ឋកិច្ច ទីផ្សារ និងកម្លាំងពលកម្ម។

នាពេលខាងមុខ កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនគួរតែផ្តល់អាទិភាពដល់ការពង្រឹងការតភ្ជាប់ទាំងបីដែលត្រូវបានឯកភាពគ្នាហើយ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ថាមពល; ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទន់អំពីរបបនយោបាយ សម្រួលពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់មនុស្សដែលផ្សារភ្ជាប់ទៅនឹងការតភ្ជាប់ឌីជីថលដើម្បីបង្កើតឡើងនូវលទ្ធផលសរុបខ្ពស់។

អ្នកយកព័ត៌មាន៖ សូមលោកវាយតំលៃអំពីទំនាក់ទំនងរវាងវៀតណាម - ជប៉ុន និងអ្វីដែលជាចំណុចភ្លឺក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ? ហើយលោករំពឹងថាទំនាក់ទំនងវៀតណាម - ជប៉ុននឹងអភិវឌ្ឍយ៉ាងដូចម្តេច នាពេលខាងមុខ?

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc៖ ឆ្នាំនេះវៀតណាម និងជប៉ុនរំលឹកខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូត។ ប្រទេសទាំងពីរ វៀតណាម និងជប៉ុនមានភាពស្រដៀងគ្នាជាច្រើនអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទំលាប់ តម្លៃមនុស្សធ៌ម និងមានទំនាក់ទំនងពិសេស។

បច្ចុប្បន្ននេះ ក្រោយរយៈពេល ៤៥ ឆ្នាំ នៃទំនាក់ទំនងការទូត ប្រទេសទាំងពីរបានក្លាយទៅជាដៃគូដ៏សំខាន់របស់គ្នា ដោយបានចែករំលែកនូវផលប្រយោជន៍ជាយុទ្ធសាស្ត្រជាច្រើន។ ក្របខ័ណ្ឌនៃទំនាក់ទំនងត្រូវបានតំឡើងជាបន្តបន្ទាប់ ហើយបានក្លាយជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី(ឆ្នាំ២០១៤) និងឆ្លើយតបតាមសេចក្តីប្រាថ្នា និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ការតភ្ជាប់សេដ្ឋកិច្ចមានភាពជិតស្និទ្ធកាន់តែខ្លាំងឡើងៗ ដោយមានចំណុចសំខាន់ៗគឺ៖

ជំនឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹង ដែលក្នុងនោះការជួបជុំផ្លាស់ប្តូររវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់ត្រូវបានអនុវត្តជាប្រចាំ។

ប្រទេសជប៉ុនគឺជាដៃគូសេដ្ឋកិច្ចសំខាន់ជាងគេរបស់វៀតណាម ជាអ្នកផ្តល់ជំនួយ ODA ច្រើនបំផុត និងជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទីបួនរបស់វៀតណាម។ នៅឆ្នាំ ២០១៧ ប្រទេសជប៉ុនបានក្លាយជាវិនិយោគិនបរទេសជាប់លំដាប់ថ្នាក់ទីមួយនៅវៀតណាមដោយមានទុនវិនិយោគជាង ៩,១ ពាន់លានដុល្លារ គឺកើនឡើងជិតបួនដងបើប្រៀបធៀបនឹងឆ្នាំ ២០១៦ ។ ការជះ ឥទ្ធិពល និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរគឺពិតជាខ្លាំងក្លាណាស់។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វប្បធម៌ អប់រំ បណ្តុះបណ្តាល ទេសចរណ៍ ការជួបប្រាស័្រយទាក់ទងរវាងប្រជាជន និងប្រជាជនត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។

ភាគីទាំងពីរក៏សហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពនៅលើវេទិកាអន្ដរជាតិ និងតំបន់ មានជាអាថ៍ អង្គការសហប្រជាជាតិ កិច្ចប្រជុំ ASEAN+, APEC, ASEM ជាដើម។ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការពន្លឿនការចរចា ការចុះហតុលេខាលើកិច្ចព្រមព្រៀងដៃគូពេញលេញនិងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) កិច្ចចរចារស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយ (RCEP) ការជួយគាំទ្រគ្នាទៅវិញទៅមកអំពីបេក្ខភាពជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកក្នុងការកសាងតំបន់អាស៊ី - ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

នាពេលខាងមុខ ដោយមានការខិតខំប្រឹងប្រែងរួមគ្នា និងគោលនយោបាយត្រឹមត្រូវរបស់ភាគីទាំងពីរ ខ្ញុំជឿជាក់ថាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តទូ លំទូលាយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី រវាងវៀតណាម និងជប៉ុននឹងឈានដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាព។

អ្នកយកព័ត៌មាន៖ នៅក្នុងបរិបទសេដ្ឋកិច្ចនាបច្ចុប្បន្ននេះ វិស័យឧស្សាហកម្មមួយណាដែលវៀតណាមចង់ឱ្យសហគ្រាសជប៉ុនជួយគាំទ្រ និងវិនិយោគ។ សូមលោកនាយករដ្ឋមន្រ្តីឲ្យដឹងថា តើសារដែលវៀតណាមចង់ផ្តាំផ្ញើរទៅដល់រដ្ឋាភិបាល សហគ្រាស នឹងប្រជាជាជប៉ុនគឺជាអ្វី?

លោកនាយរដ្ឋមន្ត្រី Nguyen Xuan Phuc ៖ នាពេលខាងមុខ វៀតណាមអះអាងថាខ្លួននឹងបន្តប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ ជំរុញការធ្វើសមាហរណកម្មអន្តរជាតិ លើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែង ដើម្បីមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ក្រោមពាក្យស្លោកថា "គោរពវិន័យ សុចរិត ធ្វើសកម្មភាព មានភាពច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាព" យើងខ្ញុំនឹងបន្តផ្តោតលើការកែលំអរនូវបរិយាកាសវិនិយោគ ពាណិជ្ជកម្ម ជំរុញការផ្លាស់ប្តូរប្រកបដោយច្នៃប្រឌិត ជំរុញកំណែទម្រង់បែបបទរដ្ឋបាល ពង្រឹងការគោរពវិន័យ ដើម្បីបំរើប្រជាជន និងសហគ្រាសឱ្យបានល្អថែមទៀត ហើយបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបរទេសជាទូទៅ និងសហគ្រាសជប៉ុនជាដោយឡែក ឲ្យទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្មនៅវៀតណាម និងចាត់ទុកថាជោគយជ័យរបស់មិត្ត គឺជាជោគជ័យរបស់ខ្លួនដែរ។

ដើម្បីទាញយកនូវផលប្រយោជន៍ និងភាពខ្លាំងរបស់គ្នាទៅវិញទៅមក យើងខ្ញុំស្វាគមន៍ក្រុមហ៊ុនជប៉ុនបន្តជួយគាំទ្រ និងវិនិយោគនៅក្នុងវិស័យដែលជប៉ុនមានភាពខ្លាំងដូចជា បច្ចេកវិទ្យាខ្ពស់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ ឧស្សាហកម្មបន្ទាប់បន្សំកសិកម្មបច្ចេកវិទ្យាខ្ពស់ ថាមពលស្អាតនិងកកើតឡើងវិញ ... និងផ្នែកឧស្សាហកម្មនានាដែលបានជ្រើសរើសក្នុងយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុនដល់ឆ្នាំ២០២០  និងចក្ខុវិស័យដល់ឆ្នាំ២០៣០ រួមទាំងផ្នែករថយន្ត និងគ្រឿងបន្លាស់រថយន្ត គ្រឿងម៉ាស៊ីនកសិកម្ម ច្នៃផលិតផលកសិកម្មនិងជលផល អេឡិចត្រូនិចឧស្សាហកម្មបរិស្ថាន និងការសន្សំសំចៃថាមពលជាដើម។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកនាយករដ្ឋមន្រ្តី!

បកប្រែដោយ Duy Hoan