លើកស្ទួយ និងធានាការរ៉ាប់រងសុខុមាលភាពសង្គមសម្រាប់មនុស្សចាស់ជរាវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ២៩ កញ្ញា លោកនាយករដ្ឋមន្ដ្រីវៀតណាម Nguyen Xuan Phuc បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយក្រុមកម្មាភិបាលនៃសមាគមមជ្ឈិមមនុស្សចាស់ជរាវៀតណាម ដោយរួមនឹងមនុស្សចាស់មានស្នាដៃឆ្នើមចំនួន ៣០នាក់ មកពីក្រុងហាណូយក្នុងឱកាសប្រារព្ធទិវាមនុស្សចាស់អន្ដរជាតិ (ថ្ងៃទី ០១ តុលា) និងកម្មវិធីសកម្មភាពដើម្បីមនុស្សចាស់វៀតណាម ឆ្នាំ២០១៧។
តាងនាមឲ្យបក្ស រដ្ឋ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្ដាំផ្ញើការសួរសុខទុក្ខដល់មនុស្សចាស់ជរាទាំងឡាយនៅទូទាំងប្រទេស។ លោក Nguyen Xuan Phuc លើកឡើងយ៉ាងច្បាស់ថា ក្នុងសម័យសង្គ្រាម ក៏ដូចជាក្នុងសម័យសន្ដិភាព មនុស្សចាស់តែងតែរួមចំណែកយ៉ាងធំធេង និងដើរតួនាទីដ៏សំខាន់ក្នុងគ្រួសារនិមួយៗផងដែរ។ វប្បធម៌គោរពចាស់ទុំ ស្រឡាញ់កូនក្មេង គឺជាប្រពៃណីដ៏ល្អប្រសើរ និងមានអត្ថន័យដ៏ជ្រាលជ្រៅ របស់ប្រទេសជាតិវៀតណាម ហើយត្រូវបានថែរក្សាពីជំនាន់មួយទៅជំនាន់មួយជារៀងរហូត។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយប្រតិភូ (រូបថត៖ vnanet.vn)
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសំដែងនូវក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងរបស់សមាគមមនុស្សចាស់ជរាទីថ្នាក់មជ្ឈិម រហូតដល់ថ្នាក់មូលដ្ឋាន។ លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្ដសិក្សាស្រាវជ្រាវ និងដាក់ចេញនូវគោលនយោបាយអំពីការធានារ៉ាប់រងសុខុមាលភាពសម្រាប់មនុស្សចាស់ជរា។ លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា នឹងចាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះរាល់អំពើខុសឆ្គងដែលប្រព្រឹត្តលើមនុស្សចាស់។ លោក Nguyen Xuan Phuc ក៏បានយល់ព្រមនឹងបន្តការលើកស្ទួយ និងធានារ៉ាប់រងសុខុមាលភាពសម្រាប់មនុស្សចាស់ ជាពិសេសគឺរៀបចំកម្មវិធីវប្បធម៌ កីឡា ដើម្បីលើកកម្ពស់ស្មារតី និងជីវភាពរស់នៅរបស់មនុស្សចាស់ជាដើម៕
បកប្រែដោយ Minh Trung