តាងនាមថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក  Nguyen Thanh Phong បានអះអាងថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងទីក្រុងហូជីមិញ និងតំបន់នានារបស់កម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូរវាងភាគីទាំងពីរ ដែលបង្កើតកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព តាមរយៈកម្មវិធី និងគម្រោងជាក់លាក់។

leftcenterrightdel
លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ អញ្ជើញទទួលជួបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vnanet.vn)

លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញមានគោលបំណងចង់បន្តរក្សាប្រសិទ្ធភាពនៃការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ក្នុងនោះជំរុញកិច្ចសហប្រតិបត្តិការជាក់លាក់លើវិស័យកសិកម្ម ការដឹកជញ្ជូន ការដោះស្រាយកាកសំណល់ជាដើម។ ទីក្រុងហូជីមិញត្រៀមជាស្រេច ចែករំលែកបទពិសោធន៍ជាមួយប្រជាជនកម្ពុជាអំពីអភិបាលកិច្ចការកសាងទីក្រុងប្រកបដោយនិរន្តរភាព ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលរួមចំណែកជាវិជ្ជមានក្នុងការជំរុញទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថេរយូរអង្វែង” រវាងវៀតណាម និងកម្ពុជា ដែលកំពុងរីកលូតលាស់យ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯសម្តេចក្រឡាហោម ស ខេង មានការវាយតម្លៃខ្ពស់ចំពោះទីក្រុងហូជីមិញ ដែលបានទទួលរៀបចំ និងបង្កលក្ខណៈងាយស្រួលសម្រាប់ ការរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅបណ្តាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជាលើកទី១០ រួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនិយាយរួម និងរវាងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែក។

ឧបនាយករដ្ឋមន្រ្តី សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយទាំងមូលប្រកបដោយប្រសិទ្ធភាព របស់វៀតណាមចំពោះកម្ពុជាក្នុងអំឡុងពេល ៤០ ឆ្នាំកន្លងទៅ ព្រមទាំងអះអាងថា កម្ពុជាមានបំណង និងជានិច្ចកាលខិតខំប្រឹងប្រែងកសាងទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែង និងមានប្រសិទ្ធភាពជាមួយវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang