leftcenterrightdel
លោក Ho Quang Loi អនុប្រធានអចិន្ត្រៃយ៍ នៃសមាគមអ្នកកាសែតវៀតណាម (រូប​ថត៖ vnanet.vn)

 

លោក Ho Quang Loi អនុប្រធានអចិន្ត្រៃយ៍ នៃសមាគមអ្នកកាសែតវៀតណាមបានណែនាំជាមួយគណៈប្រតិភូនៃក្លឹបអ្នកកាសែតកម្ពុជានូវរចនាសម្ព័ន្ធ មុខងារ និងតួនាទី ក៏ដូចជាការអភិវឌ្ឍរបស់សមាគមអ្នកកាសែតវៀតណាមនាពេលកន្លងមក និងណែនាំជាទូទៅអំពីសកម្មភាពរបស់សមាគមដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដូចជា៖ ពិព័រណ៍កាសែតទូទាំងប្រទេស និងពានរង្វាន់សារព័ត៌មានជាតិជាដើម។

លើសពីនេះទៀត សមាគមអ្នកកាសែតវៀតណាមបានរៀបចំវគ្គសិក្សា និងសិក្ខាសាលាជាច្រើន ដើម្បីលើកកម្ពស់ជំនាញសារព័ត៌មាន ជាពិសេសផ្តោតលើការលើកកម្ពស់សីលធម៌វិជ្ជាជីវៈសម្រាប់សមាជិក និងអ្នកកាសែត ក៏ដូចជារៀបចំការជួបជុំផ្លាស់ប្តូរវិជ្ជាជីវៈជាមួយអង្គការសារព័ត៌មានអន្តរជាតិ  សំដៅលើកកម្ពស់ការអភិវឌ្ឍនៃវិស័យសារព័ត៌មានរបស់ប្រទេសជាតិផងដែរ។

លោក Ho Quang Loi បានសម្តែងនូវក្តីសង្ឃឹមថាទំនាក់ទំនងរវាងភាគីទាំងពីរនឹងមានភាពរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត រួមចំណែកក្នុងការលើកកម្ពស់វិស័យសារព័ត៌មាន ក៏ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

ក្នុងនាមគណៈប្រតិភូ លោក ពុយ គា អគ្គលេខាធិការ នៃក្លឹបអ្នកកាសែតកម្ពុជាបានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចរបស់សមាគមអ្នកកាសែតវៀតណាម។ លោក ពុយ គា បានណែនាំអំពីតួនាទី និងសកម្មភាពរបស់ក្លឹបអ្នកការសែតកម្ពុជា ហើយលោកក៍បានសម្តែងនូវបំណងចង់បង្កើនការយល់ដឹងបន្ថែមទៀតអំពីទឹកដី និងមនុស្សវៀតណាមផងដែរ។

ក្លឹបអ្នកកាសែតកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០០ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាសមាគមសារព័ត៌មានមួយឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ រាល់សកម្មភាពរបស់ក្លឹបសំដៅធានាផលប្រយោជន៍ កែលម្អលក្ខខណ្ឌ និងសមត្ថភាពរបស់អ្នកសារព័ត៌មាន ក៏ដូចជាគុណភាពនៃវិស័យសារព័ត៌មានរបស់ប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសនេះ សមាគមអ្នកកាសែតវៀតណាម និងក្លឹបអ្នកកាសែតកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ។ អាស្រ័យហេតុនេះ ភាគីទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការលើកកម្ពស់វិស័យសារព័ត៌មានឲ្យបានទូលំទូលាយលើការអភិវឌ្ឍសេដ្ឋកិច្ចនយោបាយ វប្បធម៌ សង្គម និងទេសចរណ៍។

ភាគីទាំងពីរនឹងសម្របសម្រួល ហើយបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកកាសែត អ្នកយកព័ត៌មាន និងសមាជិកនៃភាគីទាំងពីរ ឲ្យបានស្នាក់នៅជាប្រចាំនៅប្រទេសនិមួយៗ ព្រមទាំងអ្នកកាសែត និងអ្នកសារព័ត៌មាននៃប្រទេសទាំងពីរ បានចូលរួមក្នុងសកម្មភាពសារព័ត៌មាននានាដែលប្រព្រឹត្តទៅនៅប្រទេសទាំងពីរទៀតផង។

បកប្រែដោយ Thanh Cong